ភ្នំពេញៈ បន្ទប់​ខុន​ដូ​ប្រហែល ៩០ ភាគ​រយ​ក្នុង​គម្រោង Olympia City ដែល​វិនិ​យោគ​ជាង ៥០០ លានដុល្លារ​ស្ថិត​នៅ​ជាប់​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ផ្នែក​ខាង​ជើង​ត្រូវ​បាន​លក់​ចេញ​ ខណៈ​​អតិថិ​ជន​ប្រហែល ៥០ ភាគ​រយ​​គឺ​ជាជន​ជាតិ​ខ្មែរ​។ នេះ​បើ​តាម​បុគ្គលិក​ជាន់​ខ្ពស់​ផ្នែក​លក់​​នៃ​គម្រោង Olympia City កាល​ពី​ថ្ងៃ​ម្សិល​មិញ​។

Olympia City គឺ​ជា​គម្រោង​ដ៏​ធំ​ដែល​​រួម​មាន អគារ​ស្នាក់​នៅ​ទំនើប​ៗ ៤ អគារ អគារ​ពាណិជ្ជ​កម្ម​កម្ពស់​២៥​ជាន់ ផ្សារ​ទំនើប​កម្ពស់​៧​ជាន់ រួម​នឹង​អគារ​ពាណិជ្ជ​កម្ម Commercial Tower ជា​ដើម​។

​គម្រោង​នេះ​ជា​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន OCIC ដែល​បាន​ចាប់​ផ្តើម​សាង​សង់​កាល​ពី​អំឡុង​ឆ្នាំ ២០១២ លើ​ផ្ទៃ​ដី​ជាង ៦ ហិកតា​។

កញ្ញា តេង ស្រីកែវ បុគ្គលិក​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ និង​លក់​នៃ​គម្រោង Olympia City បាន​និយាយ​ថា ការ​លក់​បន្ទប់​ខុនដូ​ក្នុង​គម្រោង Olympia City ដែល​មាន​ចំនួន​៤​អគារ C1, C2, C3 និង C4 ​​ពេល​នេះ​សម្រេច​បាន​ប្រហែល ៩០ ភាគ​រយ​ហើយ ក្នុង​ចំ​ណោម​យូនីត​ទាំង​អស់​ជាង ២ ៣០០។

កញ្ញា​បន្ត​ថា ក្នុង​អត្រា​នេះ ចំនួន​នៃ​ការ​​ចូល​មក​រស់​នៅ​របស់​អតិថិ​ជន​បាន​​កើន​ដល់ ៥០ ភាគ​រយ​ផង​ដែរ ខណៈ​ការ​សាង​សង់​អគារ​ពាណិជ្ជ​កម្ម​​ចំនួន ៣ ផ្សេង​ទៀត​នៅ​ក្នុង​គម្រោង​នេះ​កំពុង​ដំណើរ​ការ។

កញ្ញា ស្រីកែវ បាន​បញ្ជាក់​ថា៖​«​កត្តា​​សំខាន់​ដែល​ធ្វើ​ឲ្យ Olympia City ទទួល​បាន​អតិថិ​ជន​ច្រើន​គឺ​ដោយ​សារ​​​វា​​ជា​គម្រោង​ធំ​ ស្ថិត​នៅ​ចំ​កណ្តាល​រាជ​ធានី​ភ្នំពេញ និង​ជា​គម្រោង​ស្ថិត​ក្រោម​សម្ព័ន្ធ​នៃ​​ក្រុម​ហ៊ុន OCIC»​។

ក្នុង​ចំណោម​អតិថិ​ជន​ ដែល​មក​ទិញ​​លំ​នៅ​ឋាន​ក្នុង​គម្រោង Olympia City មាន ៥០ ភាគ​រយ​ជា​ជន​ជាតិ​ខ្មែរ ខណៈ​​ជន​​បរទេស​ភាគ​ច្រើន​មក​ពី​ក្នុង​តំបន់​អាស៊ី។ នេះ​បើ​តាម​កញ្ញា ស្រីកែវ។

Olympia City គឺ​ជា​បណ្តុំ​នៃ​​​កន្លែង​កម្សាន្ត​ សាលា​រៀន​អន្តជាតិ និង​​ផ្សារ​ទំនើប Olympia Plaza ដែល​​គ្រោង​នឹង​បើក​ក្នុង​ចុង​ឆ្នាំ​២០១៨​​នេះ។​

លោក ឌឹត ចណ្ណា នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ ឡាក់គី រៀលធី បាន​និយាយ​ថា ​ទី​តាំង​​គឺ​​ជា​ហេតុ​ផល​ចម្បង​ដែល​ធ្វើ​ឲ្យ​​ការ​លក់​ខុនដូ​របស់ Olympia City ទទួល​បាន​ជោគ​ជ័យ​។

លោក​ថ្លែង​ថា៖«មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​គម្រោង​នេះ​លក់​បាន​ច្រើន​បែប​នេះ ព្រោះ​គម្រោង​នេះ​មាន​​​ទី​តាំង​ល្អ និង​បាន​បើក​លក់​យូរ​មក​ហើយ​ដែរ​​។ ម៉្យាង​​ទៀត​ការ​សាង​សង់​គម្រោង​នេះក៏​​មិន​ដែល​មាន​បញ្ហា​​ដូច​គម្រោង​មួយ​ចំនួន​នោះ​ទេ​»​។

ទាក់​ទង​នឹង​ព័ត៌មាន​មួយ​ចំនួន​ដែល​​លើក​ឡើង​ថា ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​នោះ លោក ចណ្ណា បាន​អះ​អាង​ថា ការ​​លក់​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ពេល​ថ្មីៗ​នេះ​មាន​​គម្រោង​មួយ​ចំនួន​ទើប​ប្រកាស​ពី​ការ​ចាប់​ផ្តើម​សាង​សង់​។​

លោក ម៉េង ចំរើន ប្រធាន​គ្រប់​គ្រង​គម្រោង​របស់​ក្រុម​ហ៊ុន OCIC បាន​និយាយ​ថា រហូត​មក​ទល់​ពេល​នេះ​ការ​សាង​សង់​គម្រោង Olympia City ទាំង​មូល​សម្រេច​បាន​ប្រមាណ ៧៥ ភាគ​រយហើយ​ដោយ​គម្រោង​ទាំង​មូល​​អាច​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០២១។

លោក​បន្ត​ថា៖​ «​ការ​សាង​សង់​របស់​យើង​កំពុង​ដំណើរ​ការ​ទៅ​មុខ​ជា​ប្រចាំ ខណៈ​អគារ​នៅ​ជួរ​ខាង​មុខមួយ​ចំនួន​​បាន​បញ្ចប់​ការ​សាង​សង់ ១០០ ភាគ​រយ​​ហើយ​»។

របាយ​ការណ៍​ស្រាវ​ជ្រាវ​​របស់​ក្រុម​ហ៊ុន CBRE Cambodia ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា កន្លង​មក​​បង្ហាញ​ថា នៅ​​ក្នុង​ត្រី​មាសទី ២ ឆ្នាំ​២០១៨ មាន​ខុនដូ​​ប្រមាណ​​ ២ ០០០ ​យូនីត​បាន​បញ្ចប់​ការ​សាង​សង់ និង​​​ដាក់​​ចូល​​ក្នុង​ទី​ផ្សារ​ដែល​ធ្វើ​ឲ្យ​ចំនួន​​បន្ទប់​ស្នាក់​នៅ​​​ខុនដូ​ ក្នុង​ក្រុង​ភ្នំពេញ​កើន​ដល់​​​ចំនួន ១១ ៨៣០ យូនីត​ គិត​ត្រឹម​​ដំណាច់​​ឆមាស​ទី ១។ ចំនួន​​នេះ​គឺ​​កើន​ឡើង ២០ ភាគ​រយ បើ​ធៀប​​នឹង​ត្រី​មាស​​ទី ១ នៃ​ឆ្នាំ ២០១៨ ដែល​មាន​ចំនួន​ជិត ១០ ០០០​យូនីត៕