ក្រុងបាងកកៈ អ្នកទិញ​ខុនដូ គួរតែ​ដើរ​ស៊ើបសួរ​តម្លៃ​សិន​មុនពេល​ធ្វើការ​សម្រេចចិត្ត​ទិញ​ខុនដូ​ណាមួយ ដោយសារ​ខុនដូ​យូនីត​ជាច្រើន​យូនីត​ដែល​មិនទាន់​លក់​ចេញ​បាននិង​កំពុង​ដាក់លក់​ក្នុង​តម្លៃ​ក្រោម​តម្លៃ​មុន​ពេល​សាងសង់ (Presale price)​។ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​។

លោក Opas Sripayak ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន LPN Development Plc ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ថៃ​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា គម្រោង​មួយ​ចំនួន​កំពុង​ដាក់​លក់​យូនីត​ខុនដូ​ក្នុងតម្លៃ​ទាប​ជាង​កម្រិត​តម្លៃ​មុន​សាងសង់ ឬ​តម្លៃ​ក្នុង​អំឡុងពេល​សាងសង់​កាលពី ២-៣ ​ឆ្នាំ​មុន​ចំនួន ១៥ ​ភាគរយ ខណៈ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាច្រើន​ចង់​បញ្ចេញ​ស្តុក​ផ្គត់ផ្គង់​ឲ្យ​អស់​។

លោក​បញ្ជាក់ថា គម្រោង​ខុនដូ​ជាច្រើន​ដែល​បាន​ដំណើរការ​កាលពី​មុន និង​បានបញ្ចប់​នៅ​ឆ្នាំមុន​មាន​យូនីត​ជាច្រើន​ដែល​លក់​មិន​ទាន់​ចេញ ដោយសារ​តែ​ខុនដូ​ទាំងនោះ​មាន​តម្លៃ​ខ្ពស់​ពេក ឬ​បាន​ផ្តល់​ជូន​លក្ខណៈពិសេស​ដែល​អតិថិជន​អាច​មិន​ត្រូវការ​។

លោក Opas បាន​ថ្លែងថា​៖ «​គម្រោង​ទាំងនោះ​មាន​បំណង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកទិញ និង​ជំរុញ​ការលក់​តាមរយៈ​ការបន្ថែម​លក្ខណៈពិសេស​ដែល​លើសពី​តម្រូវការ​មូលដ្ឋាន​»​។ លោក​បន្តថា​៖ «​ប៉ុន្តែ​ការធ្វើ​ដូច្នេះ​បាន​បង្កើន​តម្លៃ​កាន់តែ​ខ្ពស់​ដែល​អ្នកទិញ​ជួនកាល​មិនអាច​ទិញ​បាន​»​។

ក្នុង​ផ្នែក​ខុនដូ​តម្លៃ​ទាប​ដែល​មាន​តម្លៃ ៥០ ០០០ ​បាត (១ ៦៥០ ​ដុល្លារ​) ក្នុង​ ១ ​ម៉ែត្រការ៉េ ឧទាហរណ៍​គម្រោង​មួយ​ចំនួន​បាន​ដាក់លក់​បន្ទប់​ដែល​មាន​ពិតាន​ខ្ពស់​ជាង​កម្ពស់​ធម្មតា​ដែលមាន ២,៤​ ម៉ែត្រ​ក្នុង​យូនីត​ជាច្រើន​ដើម្បី​ទាក់ទាញ​ក្រុម​អ្នកទិញ​។

លក្ខណៈពិសេស​មួយ​ចំនួន​ដូចជា​អាង​ហែល​ទឹក​ខ្នាត​អូឡាំពិក ឬ​អាង​ហែល​ទឹក​ទំនើប ម៉ាស៊ីនទឹក​ក្ដៅ និង​ទឹកធ្លាក់​អាច​ជា​អ្វីដែល​អតិថិជន​ទិសដៅ​មិន​ត្រូវការ​។

លក្ខណៈ​បន្ថែម​ទាំងនេះ​បង្កើន​តម្លៃ​លក់​រហូតដល់ ៥០ ភាគរយ​ធៀប​នឹង​លក្ខណៈពិសេស​ធម្មតា​។ នេះ​បើ​យោង​តាម​លោក Opas​។

លោក​ថ្លែងថា​៖ «​ក្រុម​អ្នកទិញ​គួរតែ​ពិចារណា​ថា តើ​ពួកគេ​មាន​ឱកាស​ប្រើប្រាស់​ជា​ទៀងទាត់​នូវ​លក្ខណៈពិសេស​បន្ថែម​ទាំងនោះ​ដែរឬទេ​នៅក្នុង​ការពិចារណា​លើ​តម្លៃ​»​។ លោក​បន្តថា​៖ «​ពួកគេ​មិនគួរ​ពឹង​ផ្អែកលើ​អារម្មណ៍​របស់​ពួកគេ​ក្នុង​ការសម្រេច​ចិត្ត​ឡើយ ខណៈ​ដែល​មាន​ជម្រើស​ជាច្រើន​សម្រាប់​ការផ្ដល់ជូន​»​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា ខុនដូ​អាច​មាន​តម្លៃ​ខ្ពស់​ពេក ដោយសារតែ​តម្លៃ​ដី​ខ្ពស់​ដែល​កើនឡើង​ជាង ១០ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​នៅ​តាម​តំបន់​មួយ​ចំនួន​។

លោក Opas បាន​ឲ្យ​ដឹង​ទៀតថា កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន និង​កំណើនសេដ្ឋកិច្ច​មិន​អាច​តាម​ទាន់​អត្រាកំណើន​តម្លៃ​ដី​នោះទេ​។

លោក​បាន​ឲ្យ​ដឹងថា ការប្រកួតប្រជែង​នៅលើ​ទីផ្សារ​ខុនដូ​នៅ​ត្រីមាស​ទី​ ៤ ​នេះ​នឹង​កាន់តែ​ខ្លាំង​ឡើងៗ​។

គម្រោង​ខុនដូ​ជាច្រើន​ដែល​បញ្ចប់​ការសាងសង់​រួចហើយ និង​អាច​ផ្ទេរកម្មសិទ្ធិ​បាន​ភ្លាមៗ និង​មាន​សល់​យូនីត​ដែល​មិនទាន់​លក់​ចេញ​ចំនួន​ច្រើន​កំពុង​ដាក់លក់​ក្នុង​តម្លៃ​ចុះ​ភាគច្រើន​។

ក្រុមហ៊ុន LPN មាន​ខុនដូ​សង់​រួច និង​មិនទាន់​លក់​ចេញ​ចំនួន​ប្រហែល ៤ ០០០ ​យូនីត​ដែល​មាន​តម្លៃ​រួម ៨ ​ពាន់​លាន​បាត​។ ក្នុង​ចំនួន​នោះ ៥០០ យូនីត​មាន​តម្លៃ​ ១ ​ពាន់​លាន​បាត​នឹង​ត្រូវ​ដាក់លក់​បញ្ចុះតម្លៃ​ត្រឹម​ចុងខែ​នេះ​។

ក្រុមហ៊ុន LPN រំពឹង​ថា​យូនីត​ទាំងនេះ​នឹង​លក់​អស់​ត្រឹម​ចុង​ឆ្នាំនេះ ហើយ​ក្រុមហ៊ុន​មាន​បំណង​ទទួលបាន​ប្រាក់​ចំណូល ៥​ ​ពាន់​លាន​បាត​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំនេះ​។

ប្រាក់ចំណូល​ក្នុង​ឆ្នាំ​ ២០១៩ នឹង​មាន​ចំនួន​សរុប ១១ ​ពាន់​លាន​បាត​ដែល​រួមមាន ៧,៥ ពាន់​លាន​បាន​ពី​ខុនដូ ចំនួន ២,៥ ​ពាន់​លាន​បាន​ពី​លំនៅឋាន​គ្រួសារ​ទោល និង​ផ្ទះល្វែង និង ១ ​ពាន់​លាន​បាន​ពី​សេវាកម្ម និង​ការជួល​។

ក្រុមហ៊ុន​គ្រោង​ចំណាយ ១៥០ ​លាន​បាត​ក្នុង​ដាក់ចេញ​គំនិត​ថ្មី​មួយ​ហៅថា តុល្យភាព​កាន់តែ​ប្រសើរ (better balance) ដើម្បី​អប់រំ​អតិថិជន​អំពី​ការជ្រើសរើស​លំនៅឋាន​ក្នុង​ក្ដី​សុបិន​ដែល​ត្រូវ​នឹង​របៀប​រស់នៅ​របស់​ពួកគេ​។

តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន LPN នៅពេល​បិទ​ការជួញដូរ​មិន​ប្រែប្រួល​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅលើ​ផ្សារហ៊ុន​ថៃ ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុងតម្លៃ ៥,០៥ ​បាត​ដែលមាន​តម្លៃ​ជួញដូរ ២០,១ ​លាន​បាត​៕ LA