ភ្នំពេញៈ ទីផ្សារ​លំនៅឋាន​នៅ​ទីក្រុង​ភ្នំពេញ​បាន​បង្ហាញ​ពី​កំណើន​កាន់តែ​ល្អប្រសើរ​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ២០១៨​។ នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន VTrust Appraisal​។

របាយការណ៍​បង្ហាញថា រយៈពេល​នៃ​ការលក់​លំនៅឋាន ឬ កម្លាំង​ស្រូប​ទាញ​ទីផ្សារ​ (Market Absorption Rate) ​ក្នុង​រយៈពេល​នេះ​លឿន​ជាង​កាលពី​ឆ្នាំ​ ២០១៨ ​ដែល​មានន័យថា​រយៈពេល​នៃ​ការលក់​គម្រោង​មួយ​ជា​មធ្យម​បាន​ថយចុះ​ពី​ ១៥ ​ខែ​មក​នៅ​ត្រឹម​ ១២ ​ខែ​។

របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ចំនួន​ផ្ទះ​ (​ផ្ទះល្វែង និង​វីឡា​) ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រកាស​បើក​លក់ ១៣ ៩០០ ​ផ្ទះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន ១៨ ២០០​។

របាយការណ៍​ដដែល​បង្ហាញ​ថា លំនៅឋាន​ដែល​សាងសង់​រួច​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ មាន​ចំនួន ៤ ៦០០ ធៀប​នឹង​ប្រមាណ ៧ ០០០ កាលពី​ឆ្នាំ​ ២០១៨ ​។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTrust Appraisal បាន​និយាយថា ខណៈ​សុខុមាលភាព​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​ភាពរឹងមាំ​បាន​ធ្វើឲ្យ​កម្លាំង​ស្រូប​ទាញ​ទីផ្សារ​ផ្ទះ​ក្នុង​រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០១៩ កើន​ដល់​ ១០ ​ភាគរយ​។ លោក​ពន្យល់ថា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ នេះ​ការលក់​ផ្ទះ​មាន​សញ្ញា​វិជ្ជមាន​យ៉ាងខ្លាំង​ដោយ​ជា​មធ្យម​ការលក់​គម្រោង​មួយ​ត្រូវការ​រយៈពេល​ត្រឹមតែ​ ១២ ​ខែ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ក្នុងអំឡុង​ពេលនេះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវការ​ពេល​ត្រឹមតែ​ ១២ ​ខែ​ប៉ុណ្ណោះ​ ដើម្បី​លក់​ផ្ទះ​របស់​គេ​ឲ្យ​អស់​។ វា​ជា​រយៈពេល​ខ្លី​ដែល​ឆ្លុះបញ្ចាំង​ថា ទីផ្សារ​លំនៅឋាន​កាន់តែ​ល្អ​នៅ​ឆ្នាំនេះ​»​។

លោក​បន្តថា​ កាលពី​ឆ្នាំមុន​ល្បឿន​នៃ​ការលក់​មាន​អត្រា​ត្រឹម ៨ ​ភាគរយ​ប៉ុណ្ណោះ ឬ​មាន​រយៈពេល​នៃ​ការលក់​រហូតដល់​ ១៥ ​ខែ​។ លោក​អះអាង​ថា​៖ «​ជាមួយ​នឹង​កំណើន​ដ៏ឆាប់រហ័ស​នេះ ខ្ញុំ​គិតថា​នៅ​រយៈពេល​ ៥ ​ឆ្នាំ​ខាង​មុខ​គេ​នឹង​ពិបាក​រក​ដី​ធំៗ​សម្រាប់​អភិវឌ្ឍន៍​បុរី​នៅ​ជាយក្រុង​ណាស់​»​។

តួលេខ​ជំរឿន​ប្រជាជន​កម្ពុជា ឆ្នាំ​ ២០១៩ បាន​រកឃើញ​ថា​នៅ​កម្ពុជា​មាន​ប្រជាជន​សរុប ១៥,២៨ ​លាន​នាក់​ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន ២,១២ ​លាន​នាក់​។ ចំនួន​គ្រួសារ ៣,៣៤ ​លាន​ ដោយ​ជា​មធ្យម​ក្នុង​ ១ ​គ្រួសារ​ មាន​សមាជិក ៤,៦ ​នាក់​។

លោក ឡុង គឹមសួគ៌ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Advanced Property បាន​និយាយ​ថា ទីផ្សារ​ផ្ទះល្វែង​នៅ​តែ​ល្អ ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ជា​កន្លែង​មាន​កំណើន​ប្រជាជន​ជា​បន្តបន្ទាប់ ខណៈ​ផ្នត់គំនិត​របស់​ក្រុម​យុវវ័យ​ក៏​ចង់​មាន​ផ្ទះ​ផ្ទាល់ខ្លួន​ដែរ​។ លោក​ថ្លែងថា​៖ «​ទីផ្សារ​មួយ​នេះ​នៅតែ​មាន​ដំណើរ​ការល្អ ព្រោះ​បរិមាណ​នៃ​ការផ្គត់ផ្គង់ មិនទាន់​សមាមាត្រ​នឹង​តម្រូវការ​នៅ​ឡើយ​ទេ​»​។

លោក​ប្រាប់​ទៀត​ថា​ ទន្ទឹម​នឹង​តម្រូវការ​ផ្ទះ​នៅតែ​មាន​ច្រើន តម្លៃ​ក៏បាន​កើនឡើង​ផងដែរ ដោយ​ក្នុង​រង្វង់​ជាង​ ១០ ​គីឡូម៉ែត្រ ​ពី​ចំណុច​កណ្តាល​ក្រុងភ្នំពេញ គេ​ពិបាក​នឹង​រក​ផ្ទះ​ដែល​មាន​តម្លៃ​ក្រោម ៥ ម៉ឺន​ដុល្លារ​ណាស់​។

បើ​តាម​លោក គឹមសួគ៌ បច្ចុប្បន្ន​នេះ​សំណង់ផ្ទះ​ល្វែង និង​វីឡា​កំពុង​បន្ត​វត្តមាន​សាងសង់​ច្រើន​ក្នុង​ខណ្ឌ​សែនសុខ និង​ពោធិ៍សែនជ័យ ខណៈ​តំបន់​ទីនោះ​តម្លៃ​ដី​នៅ​មាន​ភាពសមរម្យ​។

កាលពី​ឆ្នាំ​ ២០១៤ កម្ពុជា​បាន​អនុម័ត​គោលនយោបាយ​លំនៅឋាន​ជាតិ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​លំនៅឋាន​ឱ្យបាន​កាន់តែ​ច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​។ យោងតាម​គោលនយោបាយ​លំនៅឋាន​ជាតិ​របស់​រាជរដ្ឋាភិបាល​ឆ្នាំ ២០១៤ កម្ពុជា​នឹង​ត្រូវការ​ផ្ទះ​បន្ថែម​ចំនួន​ជាង​ ១ ​លាន​ខ្នង​ដើម្បី​បំពេញ​តាម​តម្រូវការ​រហូត​ដល់​ឆ្នាំ​ ២០៣០​។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក ច្រឹក សុខនីម បាន​និយាយថា កម្ពុជា​នៅ​មាន​តម្រូវការ​លំនៅឋាន​ជាច្រើន​ទៀត ព្រោះ​កំណើន​ប្រាក់ចំណូល កំណើន​គ្រួសារ​ថ្មី និង​គំនិត​ចង់​មាន​ផ្ទះ​ស្នាក់នៅ​ដោយ​ខ្លួនឯង​កំពុង​កើនឡើង ជាពិសេស​ប្រជាជន​វ័យក្មេង​។

លោក​បន្តថា បើតាម​ការ​ប៉ាន់​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​ផ្ទះ​ប្រមាណ ៣-៥ ​លាន​ខ្នង ខណៈ​ចំនួន​ប្រជាជន​មាន​ចំនួន​ជាង​ ១៥ ​លាន​នាក់​។ លោក​បាន​ថ្លែងថា​៖ «​តម្រូវការ​ផ្ទះ​ជាប់​ដី​នឹង​នៅមាន​ច្រើន​ជា​បន្តទៀត​។ ទីផ្សារ​នេះ​នឹង​នៅតែ​មាន​សកម្មភាព​ខ្លាំង​»​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា​គិត​ចាប់ពី​ឆ្នាំ​ ២០០៣ រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​ ២០១៩ នៅ​កម្ពុជា​មាន​បុរី​លំនៅឋាន និង​បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​ចំនួន ២៦៨ ​គម្រោង​៕ LA