ក្រុងវ៉ាស៊ីនតោនៈ ការលក់​ផ្ទះ​ដែល​មាន​ស្រាប់ (​ផ្ទះ​ចាស់​) ដែល​ជា​ផ្នែក​ធំ​បំផុត​នៃ​ទីផ្សារ​លំនៅឋាន​ដ៏ធំ​របស់​អាមេរិក​បាន​កើនឡើង​ ២ ​ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែសីហា​។ នេះ​បើ​យោង​តាម​តួលេខ​ឧស្សាហកម្ម​បាន​បង្ហាញ​កាលពី​សប្តាហ៍​មុន​។

ទោះបី​ជា​យ៉ាងណា​យោង​តាម​របាយការណ៍​ប្រចាំខែ​ដែល​ចេញ​ផ្សាយ​ដោយ​សមាគម​ជាតិ​អ្នកវាយតម្លៃ (NAR) ​ទោះបី​ជា​អត្រា​កម្ចី​ទិញ​ផ្ទះ​គួរឲ្យ​ទាក់ទាញ​ក៏ដោយ ក៏​កំណើន​ការលក់​ត្រូវ​បាន​រារាំង​ដោយ​ការផ្គត់ផ្គង់​ផ្ទះ​ដ៏ពិបាក និង​កំណើន​តម្លៃ​។

ការលក់​លំនៅឋាន​គ្រួសារ​ទោល​ដែល​មាន​ស្រាប់ ផ្ទះល្វែង ខុនដូ និង​ផ្ទះ​សហករណ៍​បាន​កើនឡើង ១,៣ ភាគរយ​ធៀប​នឹង​ខែ​កក្កដា​ដល់​អត្រា​ប្រចាំ​ឆ្នាំ​ ៥,៤៩ ​លាន​យូនីត​ដែល​លើស​ពី​ការរំពឹងទុក​។

ការលក់​បាន​កើនឡើង​នៅក្នុង​តំបន់ Northeast តំបន់ Midwest និង​តំបន់ South ប៉ុន្តែ​បាន​ធ្លាក់​ចុះ​នៅ​តំបន់ West​។

ការកើនឡើង​នេះ​អាច​គាំទ្រ​ដល់​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ត្រីមាស​ទី​ ៣ បន្ទាប់ពី​ថមថយ​កំណើន​រយៈពេល​ជាង​មួយឆ្នាំ​។

លោក Lawrence Yun ប្រធាន​សេដ្ឋវិទូ​ប្រចាំ​សមាគម NAR បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ការលក់​កើនឡើង ប៉ុន្តែ​ចំនួន​ផ្ទះ​នៅក្នុង​ស្ដុក​នៅតែ​ទាប ហើយ​ដូច្នេះ​កំពុង​ជំរុញ​ឲ្យ​មាន​កំណើន​តម្លៃ​ផ្ទះ​»​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន​សាងសង់​លំនៅឋាន ចាំបាច់​ត្រូវ​បង្កើន​ការសាងសង់​លំនៅឋាន​ថ្មី ខណៈ​ការបរាជ័យ​កំណើន​ការសាងសង់​នឹង​បង្ក​ឲ្យ​តម្លៃ​ផ្ទះ​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​ការកើនឡើង​តម្លៃ​ក្នុង​ល្បឿន​លឿន​ជាង​ប្រាក់ចំណូល​»​។

ទិន្នន័យ​រដ្ឋាភិបាល​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការកើនឡើង​ភ្លាមៗ​ក្នុងការ​សាងសង់​លំនៅឋាន ប៉ុន្តែ​ការសាងសង់​នេះ​ផ្តោត​ភាគច្រើន​ក្នុង​វិស័យ​អាផាតមិន​ដែល​មិន​ទៀងទាត់​នៃ​ឧស្សាហកម្ម​នេះ​។

អត្រា​ការប្រាក់​ជា​មធ្យម​សម្រាប់​កម្ចី​ទិញ​ផ្ទះ​សម្រាប់​រយៈពេល ៣០ ​ឆ្នាំ​បាន​ធ្លាក់​ចុះ​មក​នៅត្រឹម ៣,៦២ ​ភាគរយ​កាលពី​ខែ​សីហា​ធៀប​នឹង ៣,៧៧ កាលពី​ខែកក្កដា​។

ធនាគារ​កណ្ដាល​អាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា ខ្លួន​កំពុង​កាត់បន្ថយ​អត្រា​ប្រាក់កម្ចី​គោល​ដែល​មាន​ន័យ​ថា អត្រា​ការប្រាក់កម្ចី​ទិញ​ផ្ទះ​ទំនង​ជា​នឹង​ធ្លាក់ចុះ​បន្ថែម​ទៀត​ដែល​នឹង​បង្កើន​តម្រូវការ​ផ្ទះ ហើយ​តម្លៃ​នឹង​កើនឡើង​។

តម្លៃ​លំនៅឋាន​កម្រិត​តម្លៃ​កណ្តាល (Median) មាន​តម្លៃ ២៧៨ ២០០ ​ដុល្លារ កើនឡើង ៤,៧ ​ភាគរយ​ធៀប​នឹង​ខែ​សីហា​ឆ្នាំមុន​ដែល​បង្ហាញ​ពី​កំណើន​រយពេល​ ៩០ ​ខែ​ជាប់​គ្នា​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

ទន្ទឹម​នឹង​នេះ​ស្ដុក​ផ្ទះ​បាន​ធ្លាក់​ចុះមក​នៅ​ត្រឹម ១,៨៦ លាន​យូនីត​នៅ​លើ​ផ្សារ​នេះ​ធ្លាក់ចុះ​ពី​ ១,៩ លាន​កាលពី​ខែ​កក្កដា​ដែល​តំណាង​ការផ្គត់ផ្គង​រយៈពេល ៤,១ ខែ​ធ្លាក់ចុះ​បន្តិច​ធៀប​នឹង​ខែ​មិថុនា​។

ការផ្គត់ផ្គង់​តិច​មាន​ភាពកាន់តែ​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដោយ​ការសាងសង់​យឺតយ៉ាវ ខណៈ​ដែល​កង្វះ​កម្លាំង​ពលកម្ម និង​ពន្ធ​នាំចូល​បាន​បង្កើន​ថ្លៃដើម​សម្រាប់​ក្រុមហ៊ុន​សាងសង់ និង​បាន​បង្កើត​ភាពមិន​ច្បាស់លាស់​អំពី​តម្រូវការ​អ្នកទិញ​។

ប៉ុន្តែ​អត្រា​គ្មាន​ការងារ​ធ្វើ​ទាប និង​ការកើនឡើង​ប្រាក់​ឈ្នួល​នឹង​ជួយ​ឲ្យ​មាន​អ្នកទិញ​ផ្ទះ​កាន់តែ​ច្រើន​ដែល​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​លក់​ផ្ទះ​។

លោក Ian Shepherdson បម្រើ​ការងារ​នៅ​ក្រុមហ៊ុន Pantheon Macroeconomics បាន​ឲ្យ​ដឹងថា ការកើនឡើង​តម្រូវការ​កម្ចី​ទិញ​ផ្ទះ​បាន​បង្ហាញ​ថា ការលក់​គួរតែ​បន្ត​កើនឡើង​នៅពេល​នៅ​សេសសល់​ក្នុង​ឆ្នាំ ២០១៩ នេះ​។

ទោះបី​ជា​យ៉ាងណា​លោក​បាន​សរសេរ​នៅក្នុង​បទ​វិភាគ​មួយ​ថា​៖ «​ស្ថិតនៅ​កណ្តាល​ផ្លូវ​នៃ​ការកើនឡើង​នេះ គឺជា​ការរឹតបន្តឹង​តិចតួច​នៃ​ស្តង់ដា​ការផ្តល់​កម្ចី​ទិញ​ផ្ទះ និង​ផលប៉ះពាល់​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​នឹង​រារាំង​កំណើន​អ្នកប្រើប្រាស់ ប្រាក់ចំណូល​ពិត និង​ទំនង​ជា​ប៉ះពាល់​ដល់​ទំនុកចិត្ត​ផងដែរ សូម្បី​តែ​មុនពេល​ការដក​ហូតពន្ធ​នាំចូល​លើ​ទំនិញ​ប្រើប្រាស់​វាយប្រហារ​ដល់​កម្រិត​លក់រាយ​»៕ LA