ក្រុងវ៉ាស៊ីនតោនៈ ការចុះហត្ថលេខាទិញផ្ទះដែលមានស្រាប់នៅសហរដ្ឋអាមេរិកបានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៣ ខែ នៅខែកក្កដា ដែលបង្ហាញថាទីផ្សារលំនៅឋានកំពុងមានស្ថិរភាព បន្ទាប់ពីទទួលបានកំណើនតិចតួចក្នុងការចុះបញ្ជីផ្ទះថ្មី ការកាត់បន្ថយពន្ធ និងទីផ្សារការងាររឹងមាំ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយសមាគមជាតិក្រុមហ៊ុនលក់រាយ (NAR) ក្នុងទីក្រុងវ៉ាស៊ីនតោននៅដើមសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា កំណើនចុះកិច្ចសន្យាទិញផ្ទះដែលមានស្រាប់ប្រចាំខែកក្កដាធៀបនឹងខែមិថុនានេះមានភាពទូលំទូលាយដោយតំបន់ធំៗទាំង ៤ នៅអាមេរិកបានបង្ហាញពីកំណើន។ ទន្ទឹមនេះដែរទីក្រុងផតលែន ក្រុងអូរីជិន ក្រុងសៀថល និងក្រុងសានចូសេ និងរដ្ឋកាលីហ្វ័រញ៉ាស្ថិតក្នុងចំណោមទីក្រុងមួយចំនួនដែលបានបង្ហាញពីកំណើនខ្លាំងក្នុងការចុះបញ្ជីផ្ទះថ្មី នេះបើយោងតាមសមាគមជាតិក្រុមហ៊ុនលក់រាយ។
បើទោះជាមានការស្វាគមន៍កំណើនស្តុកលំនៅឋានដែលអាចជួយទាញទម្លាក់តម្លៃផ្ទះក៏ដោយ ក៏សមាគមនេះបានឲ្យដឹងថាការមានការផ្គត់ផ្គង់ច្រើនជាងនេះត្រូវការជាចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។
អត្រាគ្មានការងារធ្វើទាប និងការកាត់បន្ថយពន្ធកំពុងជំរុញការចំណាយ ហើយត្រូវបានគេមើលឃើញថា ទំនងជាជំរុញឲ្យមានតម្រូវការផ្ទះ។ ទោះជាយ៉ាងណាកំណើនលក់ផ្ទះនេះអាចបង្ហាញពីការលំបាកផងដែរដោយសារអ្នកទិញផ្ទះប្រឈមនឹងបញ្ហានៃការមានជម្រើសតិចតួចសម្រាប់ផ្ទះដែលមានតម្លៃថោកសមរម្យ ខណៈដែលអត្រាការប្រាក់កម្ចីទិញផ្ទះនៅតែខ្ពស់។
លើសពីនេះទៀតកំណើនប្រាក់ឈ្នួលស្ទើរតែមិនកើតមាន ខណៈពេលដែលអតិផរណាបន្តកើនឡើង។
ព័ត៌មានទាំងនេះបានចេញផ្សាយបន្ទាប់ពីមានរបាយការណ៍នាពេលថ្មីៗនេះដែលបង្ហាញពីកម្រិតយឺតបំផុតនៃការចាប់ផ្តើមសាងសង់ផ្ទះក្នុងរយៈពេល ៩ ខែក្នុងឆ្នាំនេះការផ្តល់លិខិតអនុញ្ញាតសាងសង់តិចជាងមុន និងអត្រាទាបបំផុតនៃការលក់ផ្ទះថ្មីគិតចាប់ពីខែតុលាមក។
ដោយដកស្រង់សំដីរបស់លោក Lawrence Yun ប្រធានសេដ្ឋវិទូប្រចាំសមាគមជាតិក្រុមហ៊ុនលក់រាយ ទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹង ខណៈបានថ្លែងថា៖ «កម្លាំងវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកាន់តែខ្លាំង និងការជួលបុគ្គលិកថ្មីប្រកបដោយស្ថិរភាពកំពុងត្រូវបានឆ្លើយតបដោយកម្លាំងអវិជ្ជមាននៃកំណើនតម្លៃផ្ទះ និងអត្រាការប្រាក់កម្ចីទិញផ្ទះ»។ លោកបានបន្ថែមថា៖ «បើទោះជាម្ចាស់ផ្ទះច្រើនជាងមុនតិចតួចបានដាក់ផ្ទះរបស់ពួកគេលក់នៅលើទីផ្សារក៏ដោយ ក៏ស្តុកផ្ទះនៅតែកម្រិតទាប និងមិនឆ្លើយតបទៅនឹងតម្រូវការ»។
លោកបន្ថែមថា៖ «ជាលទ្ធផលឧបសគ្គនៃលទ្ធភាពកំពុងរារាំងដល់អតិថិជនមួយចំនួនដែលចង់ទិញផ្ទះ និងរក្សាសកម្មភាពលក់សរុបដែលមានកម្រិតទាបជាងកម្រិតកាលពីឆ្នាំមុន»៕ KC