ក្រុងវ៉ាស៊ីនតោនៈ ការលក់​ផ្ទះ​ដែល​មាន​ស្រាប់​នៅ​សហរដ្ឋអាមេរិក ដែល​ជា​ផ្នែក​ធំ​បំផុត​នៃ​ទីផ្សារ​លំនៅឋាន​របស់​អាមេរិក​បាន​កើនឡើង​កាលពី​ខែ​តុលា បើទោះ​ជា​មាន​ការកើនឡើង​តម្លៃ និង​មានការ​ផ្គត់ផ្គង់​តិចតួច​ក្តី​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ឧស្សាហកម្ម​នេះ​ដែល​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​។

អត្រា​លក់​ខ្ពស់ជាង​មុន​នៅ​ខែតុលា​នេះ​បាន​បង្ហាញ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​ពី​ការធ្លាក់ចុះ​កាលពី​ខែកញ្ញា និង​បង្ហាញ​ពី​ការបន្ត​មាន​ឆន្ទៈ​ទិញ​ផ្ទះ​ក្នុង​គ្រា​ដែល​អត្រា​គ្មាន​ការងារ​ធ្វើ​មាន​កម្រិត​ទាប និង​មាន​កំណើន​ប្រាក់​ឈ្នួល​។

ការលក់​ខ្ពស់​ជាង​មុននេះ គួរ​គាំទ្រ​ដល់​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (​ផ.ស.ស) នៅពេល​ចាប់ផ្តើម​ត្រីមាស​ទី​ ៤ បើទោះ​ជា​ការលក់​បាន​ធ្លាក់ចុះ​ក្នុង​តំបន់​មួយ​ចំនួន​ក្តី​។

ការលក់​សរុប​សម្រាប់​ផ្ទះ​គ្រួសារ​ទោល ផ្ទះ​ទីក្រុង (townhome) ខុនដូ និង​ផ្ទះ​សហគមន៍ (coop) កើនឡើង ១,៩ ភាគរយ​ ក្នុង​ខែតុលា​ដល់​អត្រា​ប្រចាំឆ្នាំ ៥,៥ លាន​ខ្នង​ នៅពេល​កែសម្រួល​តាម​រដូវកាល​ដែល​ត្រូវ​គ្នា​នឹង​ការរំពឹងទុក​របស់​អ្នកវិភាគ​។

ការលក់​ត្រូវ​បាន​ជំរុញ​ដោយ​កំណើន​ការលក់​នៅ​តំបន់​ខាងត្បូង និង​តំបន់ Midwest ប៉ុន្តែ​ធ្លាក់ចុះ​នៅ​តំបន់​ផ្សេងទៀត​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំខែ​របស់​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​ជាតិ (NAR)​។

លោក Lawrence Yun ប្រធាន​សេដ្ឋវិទូ​ប្រចាំ NAR បាន​ថ្លែង​ថា អត្រា​កម្ចី​ទិញ​ផ្ទះ​ទាប​កំពុង​ទាក់ទាញ​អ្នកទិញ​ផ្ទះ​ដែល​អាច​ចូលក្នុង​ទីផ្សារ​កាន់តែ​ច្រើន​ដោយសារ​ការកើនឡើង​ប្រាក់​ឈ្នួល បើទោះ​ជា​ការផ្គត់ផ្គង់​ផ្ទះ​ដែល​អាច​រកបាន​នៅ​មាន​បញ្ហា​ប្រឈម​ក្តី​។

លោក​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​យើង​ទំនង​ជា​នឹង​បន្ត​មើលឃើញ​ការកើនឡើង​ការលក់ ខណៈ​ដែល​អ្នកទិញ​សក្តានុពល​នឹង​កើតមានឡើង​ស្រប​ពេល​ជាមួយ​នឹង​ស្តុក​ផ្គត់ផ្គង់​គ្រប់គ្រាន់​»​។

លោក Yun ក៏បាន​កត់សម្គាល់​ផងដែរ​នូវ​ការកើនឡើង​សកម្មភាព​សាងសង់ ខណៈ​ដែល​ទិន្នន័យ​របស់​រដ្ឋាភិបាល​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញថា ការផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ផ្ទះ​ថ្មី​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល ១២ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ដើម្បី​ប្រឆាំង​ឲ្យ​បាន​កាន់តែ​ប្រសើរ និង​សូម្បីតែ​ដើម្បី​កាត់បន្ថយ​កំណើន​តម្លៃ​ផ្ទះ ក្រុមហ៊ុន​សាងសង់​នឹង​ត្រូវ​តែ​នាំយក​ផ្ទះ​បន្ថែម​ចូលក្នុង​ទីផ្សារ​»​។

តម្លៃ​ផ្ទះ​កម្រិត​កណ្តាល (Median prices) បាន​កើនឡើង ៦,២ ​ភាគរយ​ ធៀប​នឹង​តម្លៃ​នៅ​ខែ​តុលា​កាលពី​ឆ្នាំមុន​ដល់ ២៧០ ០០០ ​ដុល្លារ​ ដែល​បង្ហាញ​ពី​កំណើន​តម្លៃ​រយៈពេល ៩២ ខែ​ជាប់​គ្នា​៕ KC