The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​លក់​ផ្ទះ​ដែល​មាន​ស្រាប់​នៅ​សហរដ្ឋ​​អាមេរិក ​ធ្លាក់ចុះ​នៅ​ខែ​មិថុនា

ការ​លក់​ផ្ទះ​ដែល​មាន​ស្រាប់​នៅ​សហរដ្ឋ​​អាមេរិក ​ធ្លាក់ចុះ​នៅ​ខែ​មិថុនា

Content image - Phnom Penh Post
ផ្ទះ​ដាក់​លក់​នៅ​ទីក្រុង​ស៊ីកាហ្គោ រដ្ឋ​អ៊ីលីណយ សហរដ្ឋ​អាមេរិក។ រូបថត AFP

ការ​លក់​ផ្ទះ​ដែល​មាន​ស្រាប់​នៅ​សហរដ្ឋ​​អាមេរិក ​ធ្លាក់ចុះ​នៅ​ខែ​មិថុនា

ក្រុងវ៉ាស៊ីនតោនៈ ការ​លក់​ផ្ទះ​ដែល​មាន​ស្រាប់​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ​ឥត​រំពឹង​ទុក​កាល​ពី​ខែ​មិថុនា ខណៈ​ដែល​តម្លៃ​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ដែល​ធ្វើ​ឲ្យ​ការ​ទទួល​បាន​ភាព​ជា​ម្ចាស់​​កម្មសិទ្ធិ​ផ្ទះ​ ត្រូវ​ចំណាយ​កាន់​តែ​ខ្ពស់។ នេះ​បើ​យោង​តាម​ការ​អង្កេត​មួយ​កាល​ពី​ថ្ងៃ​អង្គារ។

ការ​ធ្លាក់ចុះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ខែ ​មិថុនា​ ឆ្នាំ ២០១៩​ នេះ បាន​កើត​មាន​ឡើង​បើ​ទោះ​ជា​មាន​ស្ថានភាព​អំណោយ​ផល​​សម្រាប់​អ្នក​ទិញ​ក្តី ពោល​គឺ​អត្រា​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ទាប​អត្រា​គ្មាន​ការងារ​ធ្វើ​​ទាប និង​ការ​កើន​ឡើង​ប្រាក់​ឈ្នួល។

សមាគម​ក្រុមហ៊ុន​លក់​រាយជាតិ (NAR) ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ផ្ទះ​នៅ​លើ​ទីផ្សារ ឬ​ការ​ធ្លាក់ចុះ​ទំនុក​ចិត្ត​​ក្នុង​ចំណោម​អ្នក​ទិញ​ដែល​នឹង​អាច​ក្លាយ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​អនាគត អាច​ជា​ហេតុផល​ដែល​បង្ក​ឲ្យ​មាន​ការ​ធ្លាក់ចុះ​ការ​លក់​ផ្ទះ​ដែល​មាន​ស្រាប់​នេះ។

សមាគម NAR បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ប្រចាំ​ខែ ​១ ថា ការ​លក់​ផ្ទះ​​គ្រប់​ប្រភេទ ដែល​រួម​មាន​ផ្ទះ​គ្រួសារ​​ទោល ខុនដូ ផ្ទះ​ក្នុង​ទីក្រុង (townhome) និង​ផ្ទះ​សហគមន៍ coop បាន​ធ្លាក់ចុះ ១,៧ ភាគរយ ធៀប​នឹង​ខែ​ឧសភា មក​នៅ​ត្រឹម​អត្រា​ប្រចាំ​ឆ្នាំ ៥,២៧ លាន​យូនីត ដែល​ទាប​ជាង​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋវិទូ ខណៈ​​​​ការ​លក់​នៅ​ខែ​កាល​ពី​ខែ​ឧសភា ត្រូវ​បាន​វាយ​តម្លៃ​ឡើង​វិញ​ខ្ពស់​ជាង​សេចក្តី​រាយការណ៍​នា​ពេល​មុន។

លទ្ធផល​នេះ​បាន​ដាក់​កម្រិត​ការ​លក់​ទាប​ជាង​ការ​លក់​កាល​ពី​ខែ ​មិថុនា ឆ្នាំ​មុន ២,២ ភាគរយ។

យោង​តាម​របាយការណ៍​នេះ តម្លៃ​ផ្ទះ​នៅ​កម្រិត​​​កណ្តាល (Median home prices) បាន​កើន​ឡើង​ ៤,៣ ភាគរយ ​នៅ​ខែ​មិថុនា ធៀប​នឹង​រយៈ​​ពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ​មុន​ដល់​កម្រិត​ខ្ពស់​បំផុត ២៨៥ ៧០០ ដុល្លារ។

លោក Lawrence Yun ប្រធាន​សេដ្ឋវិទូ​សមាគម NAR ​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «តម្រូវការ​ខ្លាំង​នឹង​បង្ហាញ​នៅ​ខែ​ខាង​មុខ ឬ​មាន​កង្វះ​ទំនុក​ចិត្ត​ដែល​កំពុង​​រារាំង​​អ្នក​ទិញ​មិន​ឲ្យ​ចំណាយ​ច្រើន»។

ការ​ធ្លាក់ចុះ​ការ​លក់​កើត​មាន​ខ្លាំង​ចំពោះ​ការ​​​លក់​ខុនដូ និង​ផ្ទះ​សហគមន៍ ខណៈ​ដែល​ការ​លក់​​ធ្លាក់ចុះ​ខ្លាំង​​នៅ​តំបន់​ភាគឦសាន និង​ភាគ​កណ្តាល​ខាង​លិច ប៉ុន្តែ​កើន​ឡើង​តិចតួច​នៅ​តំបន់​ផ្សេងៗ។

ស្តុក​ផ្ទះ​បាន​ថយ​ចុះ​បន្តិច​​នៅ​ខែ​មិថុនា ដោយ​សរុប​មាន​ចំនួន ១,៩៣ លាន​យូនីត​នៅ​លើ​ទីផ្សារ ដែល​បើ​តាម​កម្រិត​លក់​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​បាន​រយៈពេល​ប្រហែល ៤ ខែ កើន​ឡើង​​បន្តិច​ពី​ខែ​ឧសភា ដែល​មាន​ស្តុក​ចំនួន ១,៩១ យូនីត។

ក្រុមហ៊ុន RDQ Economics បាន​ឲ្យ​ដឹង​ថា លទ្ធផល​នេះ​ «គួរ​ឲ្យ​ខក​ចិត្ត» ដោយសារ​ការ​ធ្លាក់ចុះ​អត្រា​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ និង​ការ​ផ្គត់ផ្គង់​ផ្ទះ​បាន​កើន​ឡើង។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ក្នុង​ឯកសារ​ស្រាវជ្រាវ​មួយ​ថា ខណៈដែល​សកម្មភាព​លក់​អាច​កើន​ឡើង​នៅ​ឆមាស​ទី២ ឆ្នាំ ២០១៩ «អត្រា​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ មិន​ទំនង​ជា​ជួយ​ជំរុញ​​ឲ្យ​មាន​កំណើន​សកម្មភាព​ទិញ​ផ្ទះ​ឡើយ»៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។