ក្រុងវ៉ាស៊ីនតោនៈ កង្វះ​ការផ្គត់ផ្គង់​នៃ​លំនៅឋាន​នៅ​អាមេរិក​បាន​ជំរុញ​តម្លៃ​យ៉ាងខ្លាំង​កាលពី​ខែ​កញ្ញា ​ដែល​បណ្ដាល​ឲ្យ​ការលក់​លំនៅឋាន​ដែល​មាន​ស្រាប់​ធ្លាក់ចុះ​។ នេះ​បើ​យោង​តាម​តួលេខ​ថ្មី​របស់​ឧស្សាហកម្ម​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​។

ខណៈ​ដែល​អត្រា​ការប្រាក់​ទាប​កំពុង​ទាក់ទាញ​អ្នកទិញ​ឲ្យ​ទិញ​លំនៅឋាន ផ្ទះល្វែង ឬ​ខុនដូ​ថ្មីៗ​ដែល ១ ​ភាគ​ ៣ ក្នុង​ចំណោម​ពួកគេ​គឺជា​អ្នកទិញ​លំនៅឋាន​លើកដំបូង​នោះ កំណើន​តម្រូវការ​កំពុង​ជំរុញ​តម្លៃ​កាន់តែ​ខ្ពស់​។ នេះ​បើ​យោង​តាម​សមាគមជាតិ​ភ្នាក់ងារ​អចលនទ្រព្យ (NAR)​។

របាយការណ៍​របស់​សមាគម NAR ចុងក្រោយ​បំផុត​បាន​បង្ហាញ​ថា​ការលក់​លំនៅឋាន​ដែល​មាន​ស្រាប់​បាន​ធ្លាក់ចុះ ២,២ ​ភាគរយ​ ​ធៀប​នឹង​ខែ​សីហា​មក​នៅត្រឹម ៥,៣៨ លាន​យូនីត ​នៃ​អត្រា​ប្រចាំឆ្នាំ​ដែល​កែតម្រូវ​តាម​រដូវកាល​ដែល​នៅក្រោម​អ្វី​ដែល​ក្រុម​សេដ្ឋវិទូ​បាន​រំពឹងទុក​។

NAR បាន​ឲ្យ​ដឹងថា តម្លៃ​ជា​មធ្យម (median) សម្រាប់​ប្រភេទ​លំនៅឋាន​ទាំងអស់​បាន​កើនឡើង ៥,៩ ​ភាគរយ​ ដល់ ២៧២ ១០០ ​ដុល្លារ​ ធៀប​នឹង​ខែកញ្ញា​ឆ្នាំ​ ២០១៨ ខណៈ​តម្លៃ​បាន​កើនឡើង​នៅក្នុង​គ្រប់​តំបន់​ទាំងអស់​ដែល​ធ្វើ​ឲ្យ​ការកើនឡើង​តម្លៃ​នេះ​មាន​រយៈពេល ៩១ ​ខែ​ជាប់​គ្នា​។ ការលក់​កើន ៣,៩ ​ភាគរយ ​ធៀប​នឹង​ខែ​កញ្ញា ឆ្នាំ​ ២០១៨​។

លោក Lawrence Yun ប្រធាន​សេដ្ឋវិទូ​ប្រចាំ NAR បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​យើង​ត្រូវតែ​បន្ត​គាំទ្រ​ឲ្យ​មាន​ស្ដុក​បន្ថែមទៀត​»​។

លោក Yun បាន​មាន​ប្រសាសន៍​ថា​៖ «​តម្លៃ​លំនៅឋាន​កំពុង​កើនឡើង​នៅក្នុង​ល្បឿន​លឿន​បំផុត ដោយសារ​តែ​កង្វះ​ការផ្គត់ផ្គង់​លំនៅឋាន ហើយ​កង្វះ​ស្ដុក​កំពុងតែ​រារាំង​ដល់​សក្ដានុពល​កំណើន​នៃ​ការលក់​លំនៅឋាន​»៕ LA