ក្រុងវ៉ាស៊ីនតោនៈ ការលក់​ផ្ទះ​ថ្មី​ក្នុង​ទីផ្សារ​របស់​អាមេរិក​បាន​កើនឡើង​ក្នុង​តំបន់ American South និង​តំបន់ West កាលពី​ខែ​សីហា ខណៈ​ដែល​តម្លៃ​បាន​កើនឡើង ហើយ​ការផ្គត់ផ្គង់​បាន​ធ្លាក់ចុះ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​រដ្ឋាភិបាល​អាមេរិក​កាលពី​ចុងខែ​កញ្ញា​។

សម្ទុះ​ការលក់​ដ៏ខ្លាំង​ដែល​មិន​នឹកស្មាន​នៅ​ចុង​រដូវក្ដៅ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្រូវការ​ដ៏រឹងមាំ​ក្នុងចំណោម​អនាគត​ម្ចាស់​លំនៅឋាន​ចំ​ពេល​ដែល​ប្រាក់​ឈ្នួល​កើនឡើង អត្រា​គ្មាន​ការងារ​ធ្វើ​ទាប និង​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​ទាក់ទាញ​កាន់តែខ្លាំង​។

សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កើតមាន​ឡើង​រយៈពេល​យូរ និង​សញ្ញា​នានា​ដែល​បង្ហាញថា សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​ពិភពលោក​មួយ​នេះ​អាច​គ្មាន​ស្ថិរភាព​នោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​អតិថិជន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។ ទោះ​យ៉ាងណា​ការលក់​លំនៅឋាន​មាន​ស្ថានភាព​ល្អ​នៅ​ខែ​សីហា​ដោយ​ការលក់​ផ្ទះ​ដែល​មាន​ស្រាប់​នៅ​ខែ​នោះ​ក៏​បាន​កើនឡើង​ផងដែរ​។

ការលក់​កាន់តែ​លឿន​អាច​គាំទ្រ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ត្រីមាស​ទី​ ៣ បន្ទាប់ពី​នៅ​ទ្រឹង​អស់​រយៈពេល​ ១ ​ឆ្នាំ​កន្លះ ប៉ុន្តែ​ក្រុម​សេដ្ឋវិទូ​បាន​ឲ្យ​ដឹងថា កំណើន​សេដ្ឋកិច្ច​បាន​ថមថយ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​ ២០១៩​។

ការលក់​លំនៅឋាន​ថ្មី​ប្រភេទ​គ្រួសារ​ទោល​កាលពី​ខែ​សីហា​បាន​កើនឡើង ៧,១ ភាគរយ​ធៀប​នឹង​ខែ​កក្កដា​ដល់​អត្រា​ប្រចាំឆ្នាំ ៧១៣ ០០០ ដែល​ធ្វើឲ្យ​ការលក់​នេះ​មាន​ភាពល្អ​ជាង​ការរំពឹង​ទុក​របស់​ក្រុម​សេដ្ឋវិទូ​សម្រាប់​ខែ​នោះ និង​កើនឡើង ១៨ ​ភាគរយ​ធៀប​នឹង​ខែ​សីហា​ឆ្នាំមុន​។

ការកើនឡើង​នេះ​កើតមាន​ឡើង​ទោះ​ជា​មាន​ការធ្លាក់ចុះ​ការលក់​នៅ​តំបន់ Northeast និង Midwest ក្តី​។

ជាមួយ​នឹង​លំនៅឋាន​ថ្មី ៣២៦ ០០០ ​យូនីត​ដែល​ត្រូវបាន​ប៉ាន់​ប្រមាណ​ថា នឹង​មាន​នៅលើ​ទីផ្សារ​នេះ​នៅ​ដំណាច់​ខែ​សីហា​ល្បឿន​ការលក់​បច្ចុប្បន្ន​មាន​ន័យ​ថា ស្ដុក​មាន​ចំនួន​ផ្គត់ផ្គង់​បាន​សម្រាប់​រយៈពេល ៥,៥ ខែ​ដែល​ធ្លាក់ចុះ ៦,៨ ​ភាគរយ​ធៀប​នឹង​ខែ​កក្កដា​។

ទន្ទឹមនឹង​នេះដែរ​តម្លៃ​ជា​មធ្យម (median) បាន​កើនឡើង ៧,៥ ភាគរយ​ដល់ ៣២៨,៤០០ ​ដុល្លារ​ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ខែ​មេសា​មក​។ សកម្មភាព​នៅក្នុង​ទីផ្សារ​លំនៅឋាន​ប្រណីត​តម្លៃ​ខ្ពស់​បាន​ជំរុញ​តម្លៃ​ជា​មធ្យម​ឲ្យ​កើនឡើង​កាន់តែ​លឿន ៨,៥ ​ភាគរយ​ដល់ ៤០៤ ២០០ ​ដុល្លារ​ក្នុង​ ១ ​យូនីត​។

ក្រុមហ៊ុន RDQ Economics បាន​ឲ្យ​ដឹងថា លទ្ធផល​ដ៏រឹងមាំ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​គឺជា​ចំណុច​ទិន្នន័យ​ផ្សេងទៀត​ដែល​បង្ហាញថា អនាគត​ម្ចាស់​លំនៅឋាន​កំពុង​ឆ្លើយតប​នឹង​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​កាន់តែ​ទាប​។

ក្រុមហ៊ុន RDQ Economics ឲ្យ​ដឹង​ក្នុង​កំណត់សម្គាល់​ផ្ញើជូន​អតិថិជន​មួយ​ថា​៖ «​យើង​រំពឹងថា​ការវិនិយោគ​លើ​លំនៅឋាន​នឹង​បន្ថែម​កំណើន GDP ពិត​នៅ​ត្រីមាស​ទី​ ៣ បន្ទាប់ពី​ធ្លាក់​ ៦ ​ត្រីមាស​ជាប់​គ្នា​»៕ LA