ក្រុងវ៉ាស៊ីនតោនៈ ការលក់​លំនៅឋាន​ថ្មី​នៅ​អាមេរិក​បាន​កើនឡើង​កាលពី​ឆ្នាំមុន ដោយសារ​តែ​អត្រា​ការប្រាក់​ល្អ​បាន​ទាក់ទាញ​អ្នកមាន​បំណង​ទិញ​ផ្ទះ ខណៈ​ដែល​ការលក់​លំនៅឋាន​ដែលមាន​ស្រាប់​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ២០១៩ ​នេះ​មិន​មាន​ការផ្លាស់ប្តូរ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

តម្រូវការ​នោះ​កំពុង​ធ្វើឲ្យ​ពិបាក​សម្រាប់​ក្រុមហ៊ុន​សាងសង់​ក្នុង​ការបន្ត​ទៅមុខ ហើយ​ទិន្នន័យ​បង្ហាញថា ការផ្គត់ផ្គង់​នៅ​ទីផ្សារ​កំពុង​ធ្លាក់ចុះ​។

លំនៅឋាន​គ្រួសារ​ទោល​ដែល​បាន​លក់​ទូទាំង​ប្រទេស​បាន​កើនឡើង​ជាង ១០ ភាគរយ​​ កាលពី​ឆ្នាំ​ ២០១៩ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដល់ ៦៨១ ០០០ យូនីត​ ​ដោយ​មិន​កែតម្រូវ​តាម​រដូវកាល​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​របស់​អាមេរិក​។

ប៉ុន្តែ​ទិន្ននាការ​នេះ​មាន​ភាពខុសគ្នា​តាម​តំបន់​ដោយ​នៅ​តំបន់ West កើន ១៥ ​ភាគរយ​ និង​តំបន់ South កើន ១៤ ភាគរយ ខណៈ​ដែល​ការលក់​នៅ​តំបន់ Northeast និង​តំបន់ Midwest បាន​ធ្លាក់ចុះ​។

គ្រាន់តែ​ការលក់​ក្នុង​ខែធ្នូ​បាន​ថមថយ​ល្បឿន​ដោយ​មិន​រំពឹងទុក​ធៀប​នឹង​ខែ​វិច្ឆិកា ហើយ​លទ្ធផល ៣ ​ខែ​មុន​ត្រូវ​បាន​កែតម្រូវ​ទម្លាក់​ចុះ ប៉ុន្តែ​សេដ្ឋវិទូ​ព្រមាន​ថា ទិន្នន័យ​ប្រចាំខែ​ប្រែប្រួល​ខ្លាំង​។

លោក Ian Shepherdson បម្រើការ​នៅ​ក្រុមហ៊ុន Pantheon Macroeconomics បាន​ឲ្យ​ដឹង​ក្នុង​ការវិភាគ​មួយ​ថា ការធ្លាក់ចុះ​កាលពី​ខែ​មុន «​មិន​ផ្លាស់ប្តូរ​ស្ថានការណ៍​នោះទេ​។ និន្នាការ​ក្នុង​ការលក់​លំនៅឋាន​ថ្មី​កំពុង​កើនឡើង​តាម​កំណើន​និន្នាការ​ក្នុង​ការដាក់​ពាក្យសុំ​កម្ចី​ទិញ​ផ្ទះ​»​។

ប៉ុន្តែ​ការលក់​កាលពី​ខែធ្នូ បាន​កើនឡើង ២៣ ​ភាគរយ​​ ខ្ពស់ជាង​ខែ​ចុងក្រោយ​ឆ្នាំ​ ២០១៨ ដល់​អត្រា​ប្រចាំឆ្នាំ​ដែល​កែតម្រូវ​តាម​រដូវកាល​ចំនួន ៦៩៤ ០០០ ​យូនីត​។

កម្រិត​លក់​នេះ​បាន​បន្ទាប​ស្ដុក​លំនៅឋាន​ថ្មី​ដែល​អាច​រកបាន​សម្រាប់​ការលក់ ដែល​ធ្លាក់​ចុះមក​ត្រឹម ៥,៧ ខែ ធៀប​នឹង ៧,៤ ​ខែ​នៅ​ឆ្នាំ​ ២០១៨​។

ទន្ទឹមនឹងនេះ​រូបភាព​តម្លៃ​បាន​បង្ហាញថា តម្លៃ​ការលក់​កណ្តាល (median sales) កាលពី​ខែធ្នូ​ថ្លៃ ៣៣១ ៤០០ ដុល្លារ ​ខ្ពស់​ជាង​បន្តិច​ពី​ឆ្នាំ​ ២០១៨ បើទោះបី​ជា​តម្លៃ​កណ្តាល​ក្នុងអំឡុង​ពេញ​ ១ ​ឆ្នាំ​ ២០១៩ ទាប​ជាង​ឆ្នាំ​ ២០១៨ ក៏ដោយ​។

ក្រុមហ៊ុន Oxford Economics ឲ្យ​ដឹង​ក្នុងការ​វិភាគ​មួយ​ថា​៖ «​ទោះបី​ជា​ខ្សោយ​ជាង​របាយការណ៍​ដែល​រំពឹងទុក​ក្តី ក៏​យើង​រំពឹង​ថា កម្រិត​នៃ​ការលក់​លំនៅឋាន​ថ្មី​នឹង​កើនឡើង​នៅ​ដើម​ឆ្នាំ​ ២០២០ ដែល​ត្រូវបាន​គាំទ្រ​ដោយ​ការកើនឡើង​ស្ដុក និង​តម្រូវការ​ដ៏រឹងមាំ​»​។

ការលក់​លំនៅឋាន​នៅ​អាមេរិក​បាន​កើនឡើង​ដល់​កម្រិត​កំពូល​កាលពី​ខែកក្កដា ឆ្នាំ​ ២០០៥ ក្នុងពេល​មាន​កំណើន​ផ្ទះ​ខ្លាំង​ដល់​ច្រើនជាង​ការលក់ ១,៣ លាន​យូនីត​។

ការលក់​បាន​ធ្លាក់ចុះ​ដល់​ចំណុច​ទាប​នៅ​ខែកុម្ភៈ​ឆ្នាំ​ ២០១១ ដែល​មាន​ចំនួន ២៧០ ០០០ យូនីត ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​។

ជាមួយ​គ្នា​នេះដែរ​ការលក់​លំនៅឋាន​ដែលមាន​ស្រាប់​នៅ​អាមេរិក​មាន​កម្រិត​ខ្លាំង​ជាង​ការរំពឹងទុក​កាលពី​ខែធ្នូ ប៉ុន្តែ​ចំនួន​សរុប​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​មិន​ផ្លាស់ប្តូរ​ឡើយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ឧស្សាហកម្ម​កាលពី​សប្តាហ៍​មុន​។

ទីផ្សារ​លំនៅឋាន​បាន​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ដ៏សំខាន់​មួយ​ក្នុង​សេដ្ឋកិច្ច​អាមេរិក ប៉ុន្តែ​តួលេខ​ចុងក្រោយ​កាលពី​ឆ្នាំ​ ២០១៩ មិនបាន​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​ខ្លាំង​ឡើយ ទោះបី​ជា​តម្លៃ​បាន​កើនឡើង​ក្តី​។ នេះ​បើ​យោង​តាម​សមាគមជាតិ​អ្នកវាយតម្លៃ (NAR)​។

ទោះបី​យ៉ាង​ណា​ការលក់​កាន់តែ​រឹងមាំ និង​តម្លៃ​កាន់តែ​ខ្ពស់​នេះ​មានន័យថា កម្រៃ​ជើងសា​កាន់តែ​ច្រើន​សម្រាប់​ក្រុម​ឈ្មួញកណ្ដាល​អចលនទ្រព្យ និង​អាច​បង្កើន​ការគណនា​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) នៅ​ខែ​ចុងក្រោយ​កាលពី​ឆ្នាំ​មុននេះ​។

NAR បាន​ឲ្យ​ដឹងថា ការលក់​សរុប​លំនៅឋាន​គ្រួសារ​ទោល ផ្ទះល្វែង ខុនដូ និង​ផ្ទះ​សហគមន៍ (coops) មាន​ចំនួន​សរុប ៥,៣៤ ​លាន​យូនីត​កាលពី​ឆ្នាំ​មុន ដែល​មាន​កម្រិត​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

លោក Lawrence Yun ប្រធាន​សេដ្ឋវិទូ​នៅ NAR បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ខ្ញុំ​មើលឃើញ​ឆ្នាំ​ ២០១៩ ថា ជា​ឆ្នាំ​ដែល​មិនគួរ​ឲ្យ​កត់សម្គាល់​សម្រាប់​លំនៅឋាន​ទាក់ទង​នឹង​ការលក់​នោះទេ​»​។

លោក​បន្តថា​៖ «​អ្នកលក់​លំនៅឋាន​មាន​ស្ថានភាព​ល្អប្រសើរ ប៉ុន្តែ​អ្នកទិញ​អនាគត​មិនមាន​សំណាង​នោះទេ​។ ស្ដុក​កម្រិត​ទាប​នៅតែ​ជា​បញ្ហា​ជាមួយ​នឹង​អ្នកទិញ​លើកដំបូង​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​»៕ LA