ក្រុងវ៉ាស៊ីនតោនៈ រដ្ឋាភិបាល​បាន​រាយការណ៍​កាលពី​ចុង​ខែ​តុលា​ថា ការលក់​លំនៅឋាន​ថ្មីៗ​នៅ​អាមេរិក​បាន​ធ្លាក់​ចុះ​កាលពី​ខែ​កញ្ញា ខណៈ​ដែល​តម្លៃ​បាន​ធ្លាក់ចុះ ហើយ​ការផ្គត់ផ្គង់​លើ​ទីផ្សារ​បាន​រក្សា​ស្ថិរភាព​។

ទោះបី​ជា​ធ្លាក់ចុះ​ក៏ដោយ ក៏​ក្រុម​សេដ្ឋវិទូ​បាន​ឲ្យ​ដឹងថា លទ្ធផល​នេះ​បាន​បង្ហាញ​ថា ទីផ្សារ​លំនៅឋាន​អាមេរិក​នៅ​តែ​ល្អប្រសើរ ដោយសារ​ការទទួល​បាន​អត្ថប្រយោជន៍​ពី​អត្រា​ការប្រាក់​ទិញ​ផ្ទះ​គួរ​ឲ្យ​ទាក់ទាញ ការបង្កើត​ប្រាក់​ឈ្នួល និង​អត្រា​គ្មាន​ការងារ​ធ្វើ​កម្រិត​ទាប​ជា​ប្រវត្តិសាស្ដ្រ​។

ហើយ​ការកើនឡើង​ជារួម​ក្នុង​ការលក់​លំនៅឋាន​ថ្មី​នៅ​ត្រីមាស​ទី ៣ អាច​មើលឃើញ​ពី​ការចូលរួម​ចំណែក​នៃ​ការលក់​លំនៅឋាន​ដល់​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) បន្ទាប់ពី​បាន​ដាក់​បន្ទុក​លើ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំ​មក​នេះ​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ការលក់​សរុប​នៃ​លំនៅឋាន​គ្រួសារ​ទោល​បាន​ធ្លាក់ចុះ​ ០,៧ ភាគរយ​ មក​នៅត្រឹម​អត្រា​ប្រចាំ​ឆ្នាំ​នៅ​តែ​រឹងមាំ​ចំនួន​ ៧០១ ០០០ ​ដែល​ត្រូវបាន​កែតម្រូវ​តាម​រដូវ​។ តួលេខ​នេះ​ភាគច្រើន​ស្រប​ជាមួយ​នឹង​ការរំពឹងទុក​របស់​ក្រុម​សេដ្ឋវិទូ​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ការកើនឡើង​ការលក់​នៅ​តំបន់ Midwest បាន​ជួយ​ប៉ះប៉ូវ​ដល់​ការលក់​ធ្លាក់​ចុះ​នៅ​កន្លែង​ផ្សេងទៀត​នៅក្នុង​ប្រទេស​នេះ ហើយ​ធៀប​នឹង​ខែ​កញ្ញា​ឆ្នាំ​មុន​ការលក់​សរុប​នៅតែ​បាន​កើនឡើង ១៥,៥ ភាគរយ​។

ក្នុង​គ្រា​ដែល​មាន​ការបង្កើន​ប្រាក់​ឈ្នួល និង​អត្រា​គ្មាន​ការងារ​ធ្វើ​ទាប​ជា​ប្រវត្តិសាស្ដ្រ ការលក់​បាន​កើនឡើង​កាន់តែ​ខ្ពស់​កាលពី​ខែ​មិថុនា កក្កដា និង​ខែសីហា​។

ប៉ុន្តែ​ទីផ្សារ​លំនៅឋាន​ដែល​មាន​ស្រាប់​ដែលមាន​ទំហំ​ធំ​ជាង​ឆ្ងាយ​នៃ​ទីផ្សារ​លំនៅឋាន​ថ្មី​ក៏​បាន​ធ្លាក់ចុះ​ផងដែរ​កាលពី​ខែកញ្ញា​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ឧស្សាហកម្ម​ដែល​ចេញផ្សាយ​កាលពី​ចុង​ខែ​មុន​។

ក្រុមហ៊ុន RDQ Economics បាន​ឲ្យ​ដឹងថា ទំហំ​ការលក់​នៅ​ត្រីមាស​ទី​ ៣ មាន​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ១២ ឆ្នាំ​។

ក្រុមហ៊ុន​មួយ​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​ផ្ញើ​ទៅ​អតិថិជន​ថា​៖ «​យើង​ជឿជាក់​ថា អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​កាន់តែ​ទាប និង​កំណើន​ការងារ​ជា​បន្ត​នឹង​គាំទ្រ​តម្រូវការ​លំនៅឋាន និង​ថា ការណ៍​នេះ​នឹង​ក្លាយ​ជា​ទៅ​កម្រិត​សាងសង់​កាន់តែ​ខ្ពស់​»​។

ការខ្វះខាត​ការងារ ការចំណាយ​ខ្ពស់​លើ​សម្ភារ​ដែល​មួយផ្នែក​កើតមានឡើង​ដោយសារ​តែ​ពន្ធ​នាំចូល និង​ការបារម្ភ​ថា សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អាច​ធ្វើឲ្យ​ក្រុម​អ្នកទិញ​នៅពេល​អនាគត​ភ័យខ្លាច​នោះ កន្លង​មក​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​មួយ​ចំនួន​ស្ទាក់ស្ទើរ​ក្នុង​ការបន្ថែម​ការផ្គត់ផ្គង់​។

នៅ​ទូទាំង​ប្រទេស​ស្ដុក​លំនៅឋាន​សម្រាប់​លក់ ភាគច្រើន​មិន​ផ្លាស់ប្តូរ និង​នៅក្នុង​កម្រិត​ល្បឿន​ការលក់​នៅពេល​បច្ចុប្បន្ន​បាន​តំណាង​ឲ្យ​ការផ្គត់ផ្គង់​រយៈពេល​ ៥,៥ ​ខែ ​ដែល​ដូចគ្នា​នឹង​ខែ​សីហា​ដែរ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​នេះ​។

ទន្ទឹម​នឹង​នេះ​តម្លៃ​លក់​កណ្តាល (median) បាន​ធ្លាក់ចុះ ៧,៩ ភាគរយ​ មក​នៅត្រឹម ២៩៩ ៤០០ ​ដុល្លារ​ ដែល​ជា​តម្លៃ​ទាប​បំផុត​ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៧៕ LA