The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​លក់​ផ្ទះ​ថ្មី​នៅ​អាមេរិក ​កើន​ឡើង​នៅ​ខែ​កុម្ភៈ

ការ​លក់​ផ្ទះ​ថ្មី​នៅ​អាមេរិក ​កើន​ឡើង​នៅ​ខែ​កុម្ភៈ

Content image - Phnom Penh Post
ផ្ទះសាងសង់​ថ្មី​ដាក់​ស្លាក​លក់​នៅទីក្រុង​ Chicago រដ្ឋ Illinois។ រូបថត AFP

ការ​លក់​ផ្ទះ​ថ្មី​នៅ​អាមេរិក ​កើន​ឡើង​នៅ​ខែ​កុម្ភៈ

ក្រុង​វ៉ាស៊ីនតោនៈ រដ្ឋាភិបាល​អាមេរិក​​បាន​រាយការណ៍​នា​ពេល​ថ្មីៗ​នេះ​ថា ការ​លក់​លំនៅឋាន​ថ្មី​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​កាល​ពី​ខែ​កុម្ភៈ ជាមួយ​នឹង​កំណើន​ដ៏​ខ្លាំង​នៅ​ទូទាំង​​​ប្រទេស ខណៈដែល​តម្លៃ​​លក់​ជា​មធ្យម បាន​ស្ទុះ​ងើប​ឡើង​វិញ​ បន្ទាប់​ពី​ការ​ធ្លាក់ចុះ​កាល​ពី​ខែ​មករា។ ​

ភាព​ភ្ញាក់​ផ្អើល​ជា​វិជ្ជមាន​​នេះ​បាន​​កើត​មាន​ឡើង ចំ​ពេល​ដែល​មាន​​សញ្ញា​​ផ្សេង​ទៀត​​បង្ហាញ​ថា សេដ្ឋកិច្ច​អាមេរិក​កំពុង​​មាន​ដំណើរ​ការ​យឺត។ ទោះជា​យ៉ាង​ណា ​ទិន្នន័យ​លំនៅឋាន​ងាយ​នឹង​ប្រែប្រួល។

របាយការណ៍​នេះ​ក៏​​បាន​បង្ហាញ​​ផង​ដែរ​ថា ការ​លក់​លំនៅឋាន​ក្នុង​ខែ​មករា​​មាន​កម្រិត​ខ្ពស់​ជាង​ចំនួន​ដែល​បាន​រាយការណ៍​​​លើក​មុន ខណៈ​ដែល​​តួលេខ​សម្រាប់​ខែ​​ធ្នូ និង​ខែ​​វិច្ឆិកា​មាន​កម្រិត​កាន់​តែ​ទាប។​

របាយការណ៍​នេះ ​ត្រូវ​បាន​ចេញ​ផ្សាយ​យឺតយ៉ាវ​ដោយសារ​តែ​មាន​ការ​បិទ​រដ្ឋាភិបាល​អាមេរិក ដែល​បង្ក​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ផ្អាក​ការងារ​របស់​ខ្លួន រួម​ទាំង​ផ្អាក​ការ​ចេញ​ផ្សាយ​ស្ថិតិ​​ និង​ទិន្នន័យ​នានា​ផង​ដែរ។

ក្រសួង​ពាណិជ្ជ​កម្មអាមេរិក​​បាន​រាយ​ការណ៍​ថា ការ​លក់​លំនៅឋាន​គ្រួសារ​ទោល​ដែល​​សង់​ថ្មី បាន​កើន​ឡើង​ ០,៦​ ភាគរយ​នៅ​​ខែ​កុម្ភៈ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ ២០១៨ ដល់​អត្រា​ប្រចាំ​ឆ្នាំ​ ៦៦៧ ០០០ ​ខ្នង​ដែល​កែ​តម្រូវ​តាម​រដូវ ពោល​គឺ​ជា​​កម្រិត​ខ្ពស់​បំផុត​ចាប់​​​ពី​ខែ​មីនា​ឆ្នាំ​មុន។​

ល្បឿន​នៃ​​ការ​លក់​នេះ​មាន​កម្រិត​ខ្ពស់​ជាង​ការ​លក់​កាល​ពី​​ខែ​មករា​ជិត ​៥ ភាគរយ ខណៈ​ដែល​ការ​លក់​កាល​ពី​ខែ​មករា ដែល​ពី​មុន​​បាន​បង្ហាញ​ការ​ធ្លាក់ចុះ​ខ្លាំង​ ត្រូវ​បាន​កែ​តម្រូវ​ថា​ បាន​កើន​ឡើង​​ក្នុង​កម្រិត​រឹងមាំ​វិញ​។​

លោក Jim O'Sullivan ​សេដ្ឋវិទូ​​ប្រចាំ​​ក្រុមហ៊ុន High Frequency Economics ព្រមាន​ថា ការ​កែ​តម្រូវ​ឡើង​វិញ​ជា​ច្រើន​ដង​​កំពុង «ដាក់​កម្រិត​ដល់​​​តម្លៃ​ព័ត៌មាន​របស់​​របាយការណ៍»។​

ទិន្នន័យ​ឧស្សាហកម្ម​អចលនទ្រព្យ ដែល​ចេញ​ផ្សាយ​កាល​​ពី​ខែ​កុម្ភៈ​ បាន​បង្ហាញ​ថា ការ​លក់​លំនៅឋាន​​ដែល​មាន​ស្រាប់ បាន​កើន​ឡើង​កាល​ពី​ខែ​​កុម្ភៈ​ ខណៈ​​ការ​ដាក់​ពាក្យ​សុំ​​កម្ចី​ទិញ​ផ្ទះ​កំពុង​កើន​ឡើង​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។​

លោក Ian Shepherdson បម្រើ​ការងារ​នៅ​​ក្រុមហ៊ុន Pantheon Macroeconomics បាន​ថ្លែង​ថា៖ «​ការ​ស្ទុះ​ងើប​ឡើង​វិញ​ដ៏​រឹងមាំ​កំពុង​កើត​មាន ដែល​ដើរ​តាម​តម្រូវ​ការ​ទិញ​ផ្ទះ»។​​

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា មាន​​លំនៅឋាន​ថ្មី​ចំនួន ៣៤០ ០០០ ខ្នង ​នៅ​តែ​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ឡើយ​កាល​ពី​ចុង​ខែ​កុម្ភៈ ដែល​ធ្វើ​ឲ្យ​កម្រិត​ផ្គត់ផ្គង់​របស់​ទីផ្សារ​​មាន​កម្រិត​ ៦,១ ខែ។​​

ជាមួយ​នឹង​ការ​ធ្លាក់ចុះ​អត្រា​ការ​ប្រាក់ និង​ការ​កើន​ឡើង​ការ​​ផ្គត់ផ្គង់​ កំណើន​ការ​លក់​អាច​នឹង​នៅ​តែ​កើត​មាន​បើ​ធៀប​នឹង​ការ​ថយ​ចុះ​​​កាល​ពី​ឆ្នាំ​មុន។​

លោក​ Shepherdson បាន​​​ឲ្យ​ដឹង​ថា លោក​រំពឹង​ថា លំនៅឋាន​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​ឆមាស​ទី​១ ឆ្នាំ​នេះ។ ទោះជា​យ៉ាង​ណា ​លោក​បាន​ព្រមាន​ថា ការ​កែ​ទម្រង់​ពន្ធ​កាល​ពី​ឆ្នាំ ​២០១៧ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​​កាត់​បន្ថយ​កម្ចី​ទិញ​​ផ្ទះ «ទំនង​ជា​​​បណ្ដាល​ឲ្យ​មាន​ភាព​វឹកវរ​នៅ​​​ក្នុង​ទីផ្សារ​លំនៅឋាន​ដែល​មាន​ស្រាប់​» ​នៅ​តាម​បណ្ដា​រដ្ឋ​ដែល​មាន​ពន្ធ​ខ្ពស់៕ AFP/LA​

អត្ថបទគួរចាប់អារម្មណ៍