ក្រុងវ៉ាស៊ីនតោនៈ របាយការណ៍​ក្រសួងពាណិជ្ជកម្ម​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញថា ការលក់​ផ្ទះ​ថ្មី​នៅក្នុង​សហរដ្ឋអាមេរិក​មុនពេល​មាន​ការរីក​រាលដាល​វីរុស​កូរ៉ូណា​គឺ​មាន​សម្ទុះ​ល្អប្រសើរ បើទោះ​ជា​មិនមាន​កំណើន​ខ្ពស់​ដូច​ខែ​មករា​ក៏ដោយ​។

ទោះបី​យ៉ាងណា​ក្រុម​អ្នក​សេដ្ឋកិច្ច​បាន​ព្រមាន​ថា ការខូចខាត​ទីផ្សារ​ដែល​បណ្តាល​មកពី​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​នឹង​បង្ហាញ​លទ្ធផល​ជាក់លាក់​ក្នុង​ទិន្នន័យ​ការលក់​ប្រចាំ​ខែមីនា និង​ខែមេសា ខណៈ​ដែល​អត្រា​អតិថិជន​ខ្ចីប្រាក់​បាន​ថយចុះ​។

យោងតាម​របាយការណ៍ ការលក់​ផ្ទះ​ថ្មី​បាន​រអិល​ធ្លាក់ចុះ ៤,៤ ​ភាគរយ​ដល់ ៧៦៥ ០០០ ​ខ្នង​ផ្ទះ​នៃ​អត្រា​ប្រចាំឆ្នាំ ដែល​ត្រូវបាន​កែតម្រូវ​តាម​រដូវកាល​។ ទោះយ៉ាងណា​វា​មាន​កម្រិត​ខ្ពស់​ជា​ខែកុម្ភៈ ឆ្នាំ​ ២០១៩ ចំនួន​ ១៤ ​ភាគរយ​។

លោក Ian Shepherdson នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ Pantheon Macroeconomics បាន​ព្រមាន​ថា ទិន្នន័យ​ដែល​នឹង​មកដល់នឹង​ «​គួរ​ឲ្យ​ញញើត​»​។

លោក​បាន​និយាយ​នៅក្នុង​បទវិភាគ​ថា រលក​ដ៏ធំ​នៃ​ការបាត់បង់​ការងារ និង​ការជាប់គាំង​នៅក្នុង​ទីក្រុង និង​រដ្ឋ​ជាច្រើន​មានន័យថា សកម្មភាព​គួរ​ជា​ទីភ្ញាក់ផ្អើល​ខែមីនា​នេះ​នឹង​មាន​បន្ថែមទៀត​ក្នុង​ខែ​មេសា​។

លោក​បាន​ថ្លែងថា​៖ «​យើង​រំពឹង​ឃើញ​ចំនួន​នេះ​នឹង​ប្រសើរ​ឡើងវិញ​ក្នុង​ខែមិថុនា​នៅពេល​គេ​អាច​ទប់ស្កាត់​ការរាលដាល​វីរុស​ថ្មី​នេះ​បាន​សម្រេច ប៉ុន្តែ​ការបាត់បង់​នៃ​អ្នកទិញ​ផ្ទះ​ដ៏មាន​សក្តានុពល​ជាច្រើន​ដោយសារ​ភាព​គ្មាន​ការងារ​ធ្វើ​កើនឡើង​មានន័យថា ទីផ្សារ​អចលនទ្រព្យ​បាន​បាត់បង់​ផងដែរ​នាពេលនេះ ហើយ​នឹង​មិនអាច​រើប​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ទេ​។

យោងតាម​ទិន្នន័យ​នោះ​ការលក់​ផ្ទះ​បាន​កើន​នៅ​ភាគ​ខាងត្បូង និង​ភាគនិរតី ខណៈ​ភូមិភាគ​កណ្តាល​ និង​ខាងលិច​វិញ​ធ្លាក់ចុះ​បន្តិច​៕ RR