ក្រុង​វ៉ាស៊ីនតោនៈ ការ​លក់​ផ្ទះ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក​បាន​កើនឡើង​ឥត​រំពឹង​ទុក​ដល់​កម្រិត​ខ្ពស់​បំផុត​​ក្នុង​ រយៈ​ពេល ៧ ខែ​នៅ​ខែ​ធ្នូ ឆ្នាំ​មុន បន្ទាប់​ពី​មាន​ការ​ថយ​ចុះ​ក្នុង​ទីផ្សារ​លំនៅឋាន។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​​រដ្ឋាភិបាល​​កាល​ពី​ថ្ងៃ​អង្គារ។

ទោះ​ជា​យ៉ាង​ណា ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​​នៅ​ចុង​ឆ្នាំ​២០១៨ បាន​កើត​​មាន​ឡើង​ដោយ​សារ​ការ​កែ​ប្រែ​​​​ទម្លាក់​ចុះ​ខ្លាំង​​ការ​លក់​ក្នុង​ខែ​វិច្ឆិកា​ដែល​ត្រូវ​បាន​រាយការណ៍​កន្លង​មក។

ទន្ទឹម​នឹង​នេះ​ដែរ តម្លៃ​បាន​កើន​ឡើង ខណៈ​ពេល​ដែល​ការ​ផ្គត់ផ្គង់​បាន​រក្សា​ស្ថិរភាព។

ការ​លក់​ផ្ទះ​ថ្មី​សម្រាប់​គ្រួសារ​ទោល​​បាន​កើន​ឡើង ៣,៧ ភាគរយ​ក្នុង​ខែ​ធ្នូ ឆ្នាំ​មុន​ដល់​អត្រា​ប្រចាំ​ឆ្នាំ ៦២១ ០០០ យូនីត ដែល​ជា​កម្រិត​លឿន​បំផុង​គិត​ចាប់​ពី​ខែ​ឧសភា​ ឆ្នាំ​មុន​មក។ ក្រុម​សេដ្ឋវិទូ​បាន​ព្យាករ​ពី​កំណើន​​លក់ ៤,៥ ភាគរយ។

បើ​ទោះ​ជា​មាន​កំណើន​ក្តី ក៏ការ​លក់​នៅ​​​ខែ​ធ្នូ ឆ្នាំ ​២០១៨ នៅ​តែ​មាន​កម្រិត​ទាប​ជាង​ ២,៤ ភាគរយ​ធៀប​នឹង​ការ​លក់​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៧។

ក្រុម​មន្ត្រី​ក៏​បាន​រំឭក​ផង​ដែរ​ថា តួលេខ​ចំនួន​ផ្ទះ ​គឺ​ជា​កម្មវត្ថុ​ចំពោះ​ការ​កែប្រែ​​ខ្លាំង ហើយ​និន្នាការ​ច្បាស់ៗ​នានា​អាច​មិន​កើត​មាន​ឡើង​ឡើយ​សម្រាប់​រយៈ​ពេល ៦ ខែ​។

ការ​កើន​ឡើង​ការ​លក់​ផ្ទះ​​នៅ​ចុង​ឆ្នាំ ២០១៨ នេះ អាច​ជួយ​បែរ​ត្រឡប់​​ការ​ធ្លាក់​ចុះ​ដ៏​យូរ​គិត​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ មក ដែល​បាន​បង្ក​ឲ្យ​ក្រុម​អ្នក​វិភាគ​​​បារម្ភថា សេដ្ឋកិច្ច​អាមេរិក​​បាន​​កើន​​ដល់​កម្រិត​កំពូល​ហើយ។

ប៉ុន្តែ​កំណើន​ការ​សាងសង់ និង​ការ​ធ្លាក់ចុះ​ថ្មីៗ​នៃ​អត្រា​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ បាន​ជួយ​បន្ធូរបន្ថយ​សម្ពាធ​មួយ​ចំនួន​លើ​ទីផ្សារ។

តម្លៃ​ផ្ទះ​ថ្មី​ជា​មធ្យម​​បាន​កើន​ឡើង ៤,៨ ភាគរយ​ដល់ ៣១៨ ០០០ ដុល្លារ​​នៅ​ខែ​ធ្នូ ដោយ​ប្រែ​ត្រឡប់​ការ​ធ្លាក់ចុះ​នៅ​ខែ​វិច្ឆិកា​។ ស្តុក​ផ្ទះ​បាន​កើន​ឡើង​ដល់ ៣៤៤ ០០០ យូនីត​នៅ​លើ​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​អាច​ផ្គត់ផ្គង់​បាន​សម្រាប់​​ពេល ៦,៦ ខែ​​នៅ​កម្រិត​លក់​នា​ពេល​​បច្ចុប្បន្ន ដែល​ទាប​ជាង​កម្រិត​កាល​ពី​ខែ​វិច្ឆិកា។

លោក Ian Shepherdson បម្រើ​ការងារ​នៅ​ក្រុមហ៊ុន Pantheon Macroeconomics បាន​ថ្លែង​ថា ការ​​កែប្រែ​ទម្លាក់ចុះ​ខ្លាំង​​នៃ​ទិន្នន័យ​លក់​នៅ​ខែ​វិច្ឆិកា គឺជា​«ការ​រំឭក​មួយ​ថា​ មិន​ឲ្យ​ផ្តោត​ខ្លាំង​ពេក​ទៅ​លើ​ទិន្នន័យ​លក់​ផ្ទះ​ថ្មី​ប្រចាំ​ខែ»។

ប៉ុន្តែ​លោក​បាន​ថ្លែង​ថា លោក​រំពឹង​ថា​ការ​លក់​នឹង​បន្ត​កើន​ឡើង។

លោក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​កំណត់ត្រា​​ស្រាវជ្រាវ​មួយ​ថា៖ «​កំណើន​ពាក្យ​ស្នើ​សុំ​កម្ចី​ទិញ​ផ្ទះ​​កាល​ពី​រដូវ​ស្លឹកឈើ​ជ្រុះ​​កាល​ពី​ឆ្នាំ​មុន​ កំពុង​ចាប់​ផ្តើម​ធ្វើ​ការងារ​​ហើយ​នៅ​ទូទាំង​តួលេខ​ទាំង​នេះ ហើយ​យើង​រំពឹង​ថា​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត​ក្នុង​ការ​លក់​ក្នុង​រដូវ​ផ្ការីក»៕ AFP/KC