សិង្ហបុរីៈ ទីផ្សារ​លំនៅឋាន​ឯកជន​បន្ត​ងើបឡើង​ទៀត​ក្នុង​ខែវិច្ឆិកា​ ដោយ​ការលក់​កើន​ជិត​ ១៩ ​ភាគរយ ​ធៀប​ទៅនឹង​ខែតុលា បន្ទាប់ពី​កើនឡើង​ ២២៥ ​ភាគរយ​ ក្នុង​ចំនួន​នៃ​ផ្ទះ​ថ្មី​ដែល​បាន​ដំណើរការ​លក់​ផ្លូវការ​។

កំណើន​លក់​កាលពី​ខែ​មុន ដល់​ទៅ​ ៧៦៧ ​យូនីត​ពី ៦៤៥ ក្នុង​ខែតុលា ដែល​កើតឡើង​បន្ទាប់ពី​ការលក់​ស្ទុះ​ងើប​បណ្តោះអាសន្ន​កាលពី​ខែតុលា​ បន្ទាប់ពី​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង (URA) ​របស់​សិង្ហបុរី​បាន​បញ្ឈប់​ការបោះផ្សាយ​ឡើងវិញ​នូវ​ជម្រើស​ទិញ (OTPs)​។

អ្នកនាង Christine Sun ប្រធាន​ក្រុម​ស្រាវជ្រាវ​ និង​ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន OrangeTee & Tie បាន​លើកឡើង​ថា​៖ «​ការលក់​ដំណើរការ​ល្អ​ក្នុង​ខែវិច្ឆិកា បង្ហាញថា មិនមែន​គ្រប់​ផ្នែក​នៃ​ទីផ្សារ​ត្រូវ​រង​ផលប៉ះពាល់​ដោយសារ​ការរំខាន​ថ្មី​លើ​ការចេញ OTPs នោះទេ​។ មាន​អ្នកទិញ​ស្មោះស្ម័គ្រ​ជាច្រើន ដែល​អាច​លៃលក​ទិញ​លំនៅឋាន​ឯកជន ដោយ​គ្មាន​ការស្នើសុំ​ពន្យារ OTPs»​។

អ្នកនាង​បាន​និយាយថា ការជឿជាក់​លើ​វ៉ាក់សាំង​បាន​ជំរុញ​ទំនុកចិត្ត​អ្នកវិនិយោគ​ចំពោះ​ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សិង្ហបុរី និង​បង្កើន​ក្តីសង្ឃឹម​ដែលថា ការរីករាលដាល​កូវីដ​ ១៩​ ទូទាំង​សកលលោក​ប្រហែល​ត្រូវបាន​គេ​គ្រប់គ្រង​បាន​ក្នុងពេល​ឆាប់ៗ​។

អ្នកនាង Wong Siew Ying ប្រធាន​ស្រាវជ្រាវ និង​ផែនការ​នៃ​ក្រុមហ៊ុន PropNex បាន​លើកឡើង​ថា គម្រោង​ទាំងឡាយ​ដែលមាន​ស្រាប់​បន្ត​លក់​ជាធម្មតា​៖ «​ប្រហែល​ ៧០ ​ភាគរយ (​ឬក៏​ ៥៤០ ​យូនីត​) នៃ​ការលក់​ក្នុង​ខែវិច្ឆិកា កើត​ពី​គម្រោង​ដែលមាន​នៅលើ​ទីផ្សារ​ស្រាប់​។

ក្រុមអ្នកវិភាគ​បាន​និយាយថា ភាព​នឹងធឹង​នៃ​ទីផ្សារ​លំនៅឋាន​ឯកជន អាចមាន​ឥទ្ធិពល​ខ្លាំង​ទៅក្នុង​ខែធ្នូ​។

លោក Ismail Gafoor នាយកប្រតិបត្តិ​នៃ​ PropNex បាន​អះអាងថា ជាមួយ​ការរឹតត្បិត​ការធ្វើ​ដំណើរ​បណ្តាល​មកពី​ការរីករាលដាល​វីរុស​ដែល​កាត់ផ្តាច់​ផែនការ​វិស្សមកាល​ក្រៅប្រទេស​ជាច្រើន ខែ​ទំនង​មាន​អ្វី​ប្រែប្រួល ប៉ុន្តែ​ជា​រយៈពេល​អន់ថយ​សម្រាប់​ការលក់​អចលនទ្រព្យ​។

លោក​បាន​និយាយថា ជាមួយ​គម្រោង​ថ្មី​ ២ ​ដែល​ចេញលក់​ក្នុង​ខែធ្នូ គឺ​លំនៅឋាន Ki និង Clavon ដែល​លក់​អស់​ ១៤៣ យូនីត និង ៤៤២ យូនីត​រៀង​គ្នា អំឡុងពេល​បើកសម្ពោធ​របស់​ពួកគេ យើង​រំពឹង​ការលក់​ផ្ទះ​ថ្មី​នឹងមាន​ដល់​ ១ ០០០ ​យូនីត ​នៅក្នុង​ខែ​នេះ​»​។

គម្រោង​ថ្មី​ប្រមាណ​ ១៣ រំពឹងថា​ នឹង​ចូល​ទៅកាន់​ទីផ្សារ​ក្នុង​ខែ​ខាងមុខនេះ រួមទាំង​គម្រោង Normanton ដែលមាន​ ១ ៨៦២ យូនីត គម្រោង The Reef នៅ​តំបន់ King''s Dock ដែលមាន​ ៤២៩ ​យូនីត គម្រោង Midtown Modern មាន​ ៥៥៨ យូនីត​។

លោក Nicholas Mak ប្រធាន​ស្រាវជ្រាវ និង ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន ERA Realty បាន​និយាយថា គម្រោង​លំនៅឋាន​ ២ ​គឺ Parc Central Residences និង​ Provence Residence ត្រូវ​រំពឹងថា នឹង​សម្ពោធ​ដាក់លក់​នៅលើ​ទីផ្សារ​។

ប៉ុន្តែ​ការលក់​ក្នុង​ខែវិច្ឆិកា​នៅ​ធ្លាក់ចុះ​ ៣៤ ​ភាគរយ​ពី​ ១ ១៦៥ ​យូនីត​ ដែល​បាន​លក់​ក្នុង​ខែ​ដូចគ្នា​ក្នុង​ឆ្នាំមុន​។

ទិន្នន័យ​របស់ URA បង្ហាញថា ប្រសិនបើ​ខុនដូ EC ដែលជា​គម្រោង​កូនកាត់​រវាង​រដ្ឋ និង​ឯកជន​ត្រូវ​បាន​រាប់បញ្ចូល​ផ្ទះ​ឯកជន​ថ្មី​ ៨១៥ ​ត្រូវបាន​លក់​កាលពី​ខែ​មុន កើន​ ១៩ ​ភាគរយ​ពី​ខែ​តុលា​៕ ST_ANN/RR