ក្រុង​បាងកកៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំ​នៅ​ឋាន​ថៃ AP Thailand Plc ដែល​​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ថៃ រំពឹង​ថា ​​ការ​​លក់​មុន​បញ្ចប់​គម្រោង (presales) នឹង​ទទួល​បាន​ទឹកប្រាក់​​ចំនួន ៤៣ ពាន់​លាន​​បាត (១,៣ ពាន់​លាន​ដុល្លារ) និង​​ទទួល​បាន​ប្រាក់​ចំណូល​ ៣៥ ពាន់​លាន​ដុល្លារ​នៅ​ចុង​ឆ្នាំ ២០១៨ ដែល​ខ្ពស់​ជាង​ទិសដៅ ១០ ភាគរយ។ នេះ​បើ​តាម​​កាសែត​បាង​កក​ប៉ុស្តិ៍។

លោក Anuphong Assavabhokhin ប្រធាន​ប្រតិ​បត្តិ​ក្រុមហ៊ុន AP បាន​ប្រាប់​ កាសែត​បាងកក​ប៉ុស្តិ៍​កាល​ពី​សប្តាហ៍​មុន​ថា សម្ទុះ​​នេះ​នឹង​បន្ត​កើត​មាន​ក្នុង​ឆ្នាំ ២០​១៩ បើ​ទោះ​ជា​មាន​កត្តា​អវិជ្ជ​មាន​នា​នា ដូច​ជា​ការ​​ដំ​ឡើង​​​អត្រា​ការ​ប្រាក់​ និង​លក្ខ​ខណ្ឌ​តម្រូវ​ថ្មី​របស់​ធនាគារ​កណ្តាល​ថៃ​ស្តី​ពី​កម្ចី​ទិញ​ផ្ទះ ដែល​​​ចូលជា​ធរមាន​​នៅ​ខែ​មេសា ឆ្នាំ ២០​១៩ ក្តី។

លោក​បាន​ថ្លែង​ថា៖ «វិធានថ្មី​របស់​​ធនាគារ​កណ្តាល​មិន​មាន​អ្វី​ថ្មី​ទេ ដោយ​សារ​កម្រិត​កំណត់​តម្លៃ​ធៀប​នឹង​កម្ចី​ត្រូវ​បាន​​អនុវត្ត​ក្នុង​ឆ្នាំ ២០០៣ ហើយ​​ឥទ្ធិពល​មាន​តិច​តួច​ណាស់»។

លោក​បន្ថែម​ថា៖ «ផល​ប៉ះ​ពាល់​ទីផ្សារ​នឹង​មាន​រយៈ​ពេល​តែ​ក្នុង​ខែ​ដំបូង​បន្ទាប់​ពី​វិធាន​ថ្មី​នេះ​ចាប់​ផ្តើម​អនុវត្ត​ប៉ុណ្ណោះ។ បន្ទាប់​ពី​នោះ​មក ស្ថានភាព​នឹង​វិល​ត្រឡប់​ទៅ​រក​ប្រ​ក្រ​តី​វិញ»។

សម្រាប់​រយៈ​ពេល ១១ ខែ​ក្នុង​ឆ្នាំ​នេះ ក្រុមហ៊ុន AP បាន​កត់​ត្រា​ការ​លក់​មុន​ ៤១,៥ ពាន់​លាន​បាត ហើ​យ​រំ​ពឹង​ថា​នឹង​ទទួល​បាន ៤៣ ពាន់​លាន​បាត​នៅ​ដំណាច់​ឆ្នាំ​​នេះ ដែល​ខ្ពស់​ជាង​​​ទិសដៅ​ដែល​មាន ៣៩,៨ ពាន់​លាន​បាត​។

កាល​ពី​​ឆ្នាំ​មុន ក្រុមហ៊ុន​នេះ​ទទួល​ប្រាក់​ពី​ការ​លក់​​មុន​នេះ​ចំនួន ៤២,៩ ពាន់​លាន​បាត ដែល​ខ្ពស់​ជាង​ទិស​ដៅ​ដែល​មាន​តែ ២៦ ពាន់​លាន​បាត និង​កើន​ឡើង​​ពី​ ២២,៤ ពាន់​លាន​បាត​ក្នុង​ឆ្នាំ​ ២០១៦។

ទឹក​ប្រាក់​ចំនួន ២១,៨ ពាន់​លាន​បាត​នៃ​ការ​លក់​មុន​នេះ​បាន​ពី​គម្រោង​ខុនដូ ដែល​ដំ​ណើរ​ការ​ដោយ​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​ជា​មួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជប៉ុន Mitsubishi Estate Group។

ក្រុមហ៊ុន AP ទទួល​បាន​ទឹក​ប្រាក់​ចំនួន ១៩,៧ ពាន់​លាន​បាត​​ពី​ការ​លក់​ផ្ទះ​កម្ពស់​ទាប​ៗ (ផ្ទះ​ទោល ផ្ទះ​ ២ ជាន់ និង ​townhouse) ដោយ​ទទួល​បាន​លទ្ធផល​រឹងមាំ​នៅ​ទូទាំង​ផ្នែក​ទាំង​អស់។

ប្រាក់​ចំណូល​គិត​ត្រឹម​ដំណាច់​ខែ​កញ្ញា​ ឆ្នាំ ២០១៨ សរុប​មាន​ចំនួន ២៧,១ ពាន់​លាន​បាត កើន​ឡើង ៤៩ ភាគរយ​ពី​ចំនួន ១៨ ពាន់​លាន​បាត​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០​១៧។ ចំណែក​ដែល​ចូល​រួម​ចម្បង​ក្នុង​កំណើន​ប្រាក់​ចំណូល​​នេះ​គឺ​គម្រោង​ខុនដូ​ទំនើប Vittorio Residence ដែល​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ Sukhumvit Soi 39 ដែល​មាន​តម្លៃ ៣,២ ពាន់​លាន​បាត ដែល​ត្រូវ​បាន​លក់​ចេញ​អស់​នៅ​ត្រី​មាស​ទី ៣។

ក្រុមហ៊ុន AP រំពឹង​ថា នៅ​ដំណាច់​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ចំនួន ៣៥ ពាន់​លាន​​បាត ខ្ពស់​ជាង​ទិសដៅ​ដែល​មាន​តែ ៣២ ពាន់​លាន​បាត។ កត្តា​ចូល​រួម​ចំណែក​សំខាន់​មួយ​ចំពោះ​ប្រាក់​ចំណូល​​នៅ​ត្រី​មាស​ទី ៤ នេះ នឹង​ជា​គម្រោង​ផ្ទះ​ទោល​តម្លៃ​ខ្ពស់ Palazzo Srinakarin ដែល​មាន​​តម្លៃ​ចាប់​ពី ២៩ លាន​បាត​ឡើង​ទៅ​ក្នុង ១ ​ខ្នង។

លោក Anuphong បាន​មាន​ប្រសាសន៍​​​ថា៖ «យើង​មិន​ចាំបាច់​ប្រើ​ប្រាស់​យុទ្ធនាការ​នា​នា ដើម្បី​ពន្លឿន​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ក្នុង​រយៈ​ពេល​ ២ ខែ​ចុង​ក្រោយ​នេះ​ទេ ដោយ​សារ​យើង​បាន​ឈាន​ដល់​ទិស​ដៅ​យើង​រួច​ទៅ​ហើយ»៕ KC