ក្រុងវ៉ាស៊ីនតោនៈ រដ្ឋាភិបាលអាមេរិកបានរាយការណ៍កាលពីចុងខែមេសាថា ការលក់លំនៅឋានថ្មីបានកើនឡើងកាលពីខែមីនា ដែលខុសពីការរំពឹងទុក។
ការដាក់លក់ផ្ទះបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ១៦ ខែ ហើយលទ្ធផលនេះបានបង្ហាញកំណើនជាប់គ្នា ៣ ខែ។ ទោះជាយ៉ាងណា ទិន្នន័យសម្រាប់រយៈពេល ៣ ខែមុនដំបូងក្នុងឆ្នាំនេះ ត្រូវបានកែតម្រូវទម្លាក់ចុះ។
ទន្ទឹមនឹងនេះដែរ ក្រសួងពាណិជ្ជកម្មអាមេរិកបានរាយការណ៍ថា តម្លៃលក់ជាមធ្យមនៃលំនៅឋានថ្មី បានធ្លាក់ចុះពី ៣១៥ ២០០ ដុល្លារក្នុងខែមីនា មកនៅត្រឹម ៣០២ ៧០០ ដុល្លារកាលពីខែកុម្ភៈ។
ការលក់លំនៅឋានគ្រួសារទោលដែលទើបនឹងសាងសង់រួចបានកើនឡើង ៤,៥ ភាគរយ កាលពីខែមីនាដល់អត្រាប្រចាំឆ្នាំដែលកែតម្រូវតាមរដូវកាលចំនួន ៦៩២ ០០០ ខ្នង។ តួលេខនេះខ្ពស់ជាង ៣ ភាគរយ បើធៀបការលក់នៅខែ មីនា ឆ្នាំ ២០១៧។ នេះបើតាមរបាយការណ៍នេះ។ ផ្ទុយទៅវិញក្រុមសេដ្ឋវិទូកំពុងរំពឹងថា ការលក់មានតែ ៦៤៦ ០០០ ខ្នង។
ឧស្សាហកម្មលំនៅឋានគឺជាកត្តាជំរុញដ៏សំខាន់មួយនៃសេដ្ឋកិច្ចអាមេរិក ហើយធនាគារកណ្ដាលអាមេរិកបានផ្ដល់សញ្ញាថា អត្រាការប្រាក់នឹងមិនកើនឡើងទេនៅឆ្នាំនេះ ដែលរំពឹងថានឹងក្លាយជាកត្តាជំរុញមួយដល់ការលក់លំនៅឋាន។ និន្នាការការដាក់ពាក្យសុំកម្ចីទិញផ្ទះ ភាគច្រើនកើនឡើងកាន់តែខ្ពស់។
ប៉ុន្តែក្រុមហ៊ុនសាងសង់នៅទូទាំងសហរដ្ឋអាមេរិកកំពុងត្អូញត្អែររយៈពេលជាច្រើនខែមកហើយថា ពួកគេមិនអាចស្វែងរកបានកម្មករគ្រប់គ្រាន់ ហើយបញ្ហានោះកំពុងពន្យារពេលគម្រោងមួយចំនួន។
ទោះជាយ៉ាងណា ទិន្នន័យនេះងាយនឹងប្រែប្រួលណាស់។
ក្រុមអ្នកវិភាគប្រចាំក្រុមហ៊ុន RDQ Economics បានព្រមានថា ពួកគេ «បានសង្ស័យខ្លាំងអំពីគុណភាពរបស់ទិន្នន័យទាំងនេះ» ប៉ុន្តែបានយល់ស្របជាមួយនឹងទិន្នន័យផ្សេងទៀតថា ការលក់លំនៅឋានថ្មី គឺជាការវាស់វែងសេដ្ឋកិច្ចប្រសើរជាងការលក់លំនៅឋានចាស់ៗ ដែលបានធ្លាក់ចុះកាលពីខែមីនា។
ការលក់លំនៅឋានថ្មីជាមធ្យមប្រចាំខែក្នុងរយៈពេល ៣ ខែដំបូងឆ្នាំនេះមានចំនួន ៦៦០ ០០០ ដែលខ្ពស់ជាងកាលពីត្រីមាសទី៣ និងទី៤ ឆ្នាំ ២០១៨។
លោក Nancy Vanden Houten បម្រើការងារនៅក្រុមហ៊ុន Oxford Economics បានឲ្យដឹងក្នុងកំណត់ហេតុស្រាវជ្រាវមួយថា៖ «យើងសម្លឹងមើលប្រជាសាស្ដ្រដែលអនុគ្រោះ កំណើនស្ដុក ការបញ្ចុះអត្រាកម្ចីទិញផ្ទះ និងកំណើនតម្លៃដែលមានកម្រិតមធ្យម ដើម្បីគាំទ្រដល់ការលក់លំនៅឋានថ្មីក្នុងពេលនៅសេសសល់ក្នុងឆ្នាំ ២០១៩ និងរំពឹងថា ការលក់នឹងកើនប្រហែល ១ ភាគរយនៅឆ្នាំនេះ»។
តំបន់ឦសាន គឺជាតំបន់តែ ១ គត់ដែលបង្ហាញការធ្លាក់ចុះ ដែលធ្លាក់ចុះ ២២ ភាគរយ ធៀបនឹងខែកុម្ភៈ ដែលបណ្ដាលឲ្យការលក់នេះធ្លាក់ចុះ ២០ ភាគរយធៀបនឹងខែមីនាកាលពីឆ្នាំមុន៕ AFP/LA