វ៉ាស៊ីនតោនៈ ការ​លក់​លំនៅឋាន​ថ្មី​នៅ​អាមេរិក បាន​កើន​ឡើង​កាល​ពី​ខែ​មុន ប៉ុន្តែ​​ជា​ការ​កើន​ឡើង​តិចតួច​ជាង​​ការ​រំពឹង​ទុក ដែល​​នេះ​ជា​ការ​បន្ត​ចុះ​ខ្សោយ​ជាប់ៗ​​គ្នា​ក្នុង​វិស័យ​លំនៅឋាន​នៅ​អាមេរិក។ នេះបើ​យោង​តាម​ទិន្នន័យ​​ពី​រដ្ឋាភិបាល​ដែល​បាន​ចេញ​ផ្សាយ​កាល​​ពី​ថ្ងៃ​ពុធ។

កំណើន​ការ​លក់​លំនៅឋាន​លក្ខណៈ​​គ្រួសារ​តូច​ថ្មីៗ​កាល​ពី​ខែ​មិថុនា បាន​ស្ទុះ​​ងើប​ឡើង​វិញ​ពី​ការ​ធ្លាក់​ចុះ​រយៈពេល ​២ ខែ ដោយ​​ការ​លក់​ក្នុង​ខែ​ឧសភា គឺ​ទាប​ជាង​ការ​រាយការណ៍​បឋម។

ប៉ុន្តែ​​បន្ថែម​ទៅ​នឹង​ការ​បង្ហាញ​ទិន្នន័យ​ថ្មី ការ​លក់​លំនៅឋាន​ចាស់ៗ ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ ដែល​ការ​ធ្លាក់​ចុះ​នេះ​​បាន​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ទៅ​ដល់​ក្រុម​សេដ្ឋវិទូ​មួយ​ចំនួន។

ការ​លក់​ផ្ទះ​ថ្មី​កាល​ពី​ខែ​មិថុនា បាន​កើន​ឡើង​​ ៧ ភាគរយ ​បើ​ធៀប​នឹង​ខែ​ឧសភា ដល់​អត្រា​​ប្រចាំ​ឆ្នាំ​ចំនួន ៦៤៦ ០០០ ​យូនីត​។

ចំនួន​នេះ​អាច​ត្រូវ​បាន​ប្រែប្រួល​ ហើយ​​ក្រុម​មន្ដ្រី​​បាន​ព្រមាន​ថា និន្នាការ​ជា​ច្រើន​ត្រូវ​ការ​រយៈពេល ​៤ ខែ ​ដើម្បី​កើន​ឡើង​​វិញ​។​

ប៉ុន្តែ​កំណើន​ទីផ្សារ​លំនៅឋាន​យឺត​ អាច​ជា​សញ្ញា​មួយ​នៃ​សកម្មភាព​សេដ្ឋកិច្ច​កាន់​តែ​ខ្សោយ និង​កាត់​បន្ថយ​ប្រភេទ​ផ្សេង​ទៀត​ជា​ច្រើន ដូច​ជា​ការ​លក់​​គ្រឿង​សង្ហារិម និង​ការ​លក់​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​ ដែល​អាច​វាស់​វែង​លើ​ការ​គណនា​នៃ​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​។

តម្លៃ​​មធ្យម​សម្រាប់​ផ្ទះ​ថ្មី បាន​កើន​ឡើង ​៥,៩ ​ភាគរយ ​ដល់​ ៣១០ ៤០០ ​ដុល្លារ​ ជា​ការ​ស្ទុះ​ងើប​ឡើង​វិញ​ធៀប​នឹង​ខែ​ឧសភា ប៉ុន្តែ​នៅ​តែ​ស្ថិត​​ក្រោម​ខែ​មេសា។ ​​តម្លៃ​ជា​មធ្យម​បាន​ធ្លាក់​ចុះ គឺ​បាន​បង្ហាញ​ការ​ចុះ​ខ្សោយ​តម្រូវ​ការ​សម្រាប់​​លំនៅឋាន​ប្រណីត។

ចំនួន​ផ្ទះ​ដែល​មិន​ទាន់​លក់​ចេញ ​មិន​​ផ្លាស់ប្តូរ​ច្រើន​ទេ​ ជាមួយ​នឹង​លំនៅឋាន​ថ្មី ៣៣៨ ០០០ ត្រូវ​បាន​ដាក់​ទៅ​ចូល​នៅ​លើ​ទីផ្សារ​កាល​ពី​ចុង​ ខែ​​មិថុនា ដែល​តំណាង​ឲ្យ​ការ​ផ្គត់ផ្គង់​រយៈពេល​ ៦ ខែ ​នៅ​ក្នុង​ល្បឿន​ការ​លក់​បច្ចុប្បន្ន។

ក្នុង​ទីផ្សារ​កាន់​តែ​ធំ​សម្រាប់​លំនៅឋាន​ចាស់ៗ សកម្មភាព​មាន​ការ​​ចុះ​ខ្សោយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ បើ​ទោះ​បី​​​តម្លៃ​ការ​លក់​កាល​ពី​ខែ​មុន បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ថ្មី​ក៏​ដោយ​។ នេះ​បើ​​តាម​ទិន្នន័យ​ការ​ស្ទង់មតិ​ឯកជន​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

លោក Ian Shepherdson នៅ​ក្រុមហ៊ុន Pantheon Macroeconomics បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ពាក្យ​សុំ​​កម្ចី​ទិញ​ផ្ទះ​នៅ​ពេល​នេះ​បង្ហាញ​ការ​​លក់​អាច​កើន​ឡើង​នៅ​ឆមាស​ទី២ ​ឆ្នាំ ​២០១៩។

លោក​ថ្លែង​ថា​៖ «​ការ​លក់​ផ្ទះ​ថ្មី មាន​ដំណើរការ​យឺត​បន្តិច​ យើង​រំពឹង​ថា ការ​លក់​កាន់​តែ​រឹងមាំ​ នៅ​ក្នុង​ឆមាស​ទី២ ឆ្នាំ ​២០១៩ ​នេះ​»៕​ AFP/LA​