ក្រុងវ៉ាស៊ីនតោនៈ ការលក់​លំនៅឋាន​ថ្មី​កាលពី​ខែ​មេសា​នៅ​អាមេរិក​បាន​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់​រយៈពេល ១១ ឆ្នាំ​ដោយសារ​តម្លៃ​បាន​កើនឡើង​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​។

ការធ្លាក់​ចុះ​នេះ​បាន​បញ្ឈប់​កំណើន​រយៈពេល ៣ ​ខែ​ជាប់​គ្នា ប៉ុន្តែ​វា​ទំនង​ជា​ថា ការធ្លាក់​ចុះ​នេះ​អាច​នឹង​មាន​កាន់តែ​ខ្ពស់ ដោយសារ​តែ​ការលក់​កាលពី​ខែ​មីនា​មាន​កម្រិត​ខ្ពស់​ខ្លាំង​ជាង​ការរាយការណ៍​ដំបូង​។

ទោះបី​ជា​មាន​ការធ្លាក់​ចុះ​យ៉ាងខ្លាំង​ក៏ដោយ ក៏​ចំនួន​លក់​មាន​ភាពប្រសើរ​ជាង​ការរំពឹងទុក និង​បាន​បន្ត​គាំទ្រ​ដល់​ចក្ខុវិស័យ​ស្ទុះ​ងើប​ឡើងវិញ​ប្រកប​ដោយ​ស្ថិរភាព​នៅក្នុង​ទីផ្សារ​លំនៅឋាន​ចំពេល​ដែល​មាន​ការបង្កើន​ប្រាក់​ឈ្នួល និង​ការធ្លាក់​ចុះ​អត្រា​គ្មាន​ការងារ​ធ្វើ​។

ការលក់​លំនៅឋាន​គ្រួសារ​ទោល​ថ្មី​បាន​ធ្លាក់​ចុះ ៦,៩ ភាគរយ​កាលពី​ខែ​មេសា មក​នៅ​ត្រឹម​អត្រា​ប្រចាំ​ឆ្នាំ ៦៧៣ ០០០ ​យូនីត​ធៀប​នឹង​ខែ​មីនា​ដែល​បាន​បង្ហាញ​ពី​ការលក់​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំងពី​ខែ​តុលា ឆ្នាំ​ ២០០៧ មក​។

ក្រុម​សេដ្ឋវិទូ​កំពុង​រំពឹង​ថា​ការលក់​ផ្ទះ​ថ្មី​នេះ​នឹង​មាន​ចំនួន​តែ ៦៦៥ ០០០ ​យូនីត​ប៉ុណ្ណោះ​កាលពី​ខែ​មុន​។

ល្បឿន​លក់​កាលពី​ខែ​មេសា​នេះ​គឺ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ជាង ៧ ​ភាគរយ​ធៀប​នឹង​ការលក់​ក្នុង​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ របាយការណ៍​នេះ​រួមមាន​ទាំង​ការវាយតម្លៃ​ឡើង​វិញ​លើ​ទិន្នន័យ​នានា​ដែល​មាន​តាំងពី​ឆ្នាំ ២០១៤ មក​។

ការលក់​បាន​កើនឡើង​នៅ​តំបន់​ឦសាន​សហរដ្ឋអាមេរិក ប៉ុន្តែ​បាន​ធ្លាក់ចុះ​នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​។

តម្លៃ​ការលក់​ជា​មធ្យម​សម្រាប់​លំនៅឋាន​ថ្មី​បាន​កើនឡើង​ជិត ១២ ភាគរយ​ដល់ ៣៤២២០០ ដុល្លារ​ដែល​លើស​កម្រិត​តម្លៃ​កាលពី​ឆ្នាំ​ ២០១៨​។

ស្ដុក​លំនៅឋាន​បាន​ធ្លាក់ចុះ​តិចតួច​មក​នៅ​ត្រឹម ៣៣២ ០០០ ​យូនីត​សម្រាប់​ការលក់​នៅ​ចុង​ខែ​មុន ដែល​តំណាង​ឲ្យ​ការផ្គត់ផ្គង់​សម្រាប់​រយៈពេល ៥,៩ ​ខែ​សម្រាប់​កម្រិត​ល្បឿន​លក់​បច្ចុប្បន្ន​កើនឡើង ៥,៤ ភាគរយ​ធៀប​នឹង​ខែ​មីនា​។

តួលេខ​ខែ​មេសា​ត្រូវ​បាន​ចេញ​ផ្សាយ​បន្ទាប់ពី​ទិន្នន័យ​កាលពី​សប្ដាហ៍​មុន​បាន​បង្ហាញ​ថា ការលក់​លំនៅឋាន​ចាស់​ដែល​ជា​ផ្នែក​ដ៏ធំ​បំផុត​មួយ​នៃ​ទីផ្សារ​លំនៅឋាន​បាន​ធ្លាក់ចុះ​រយៈពេល ២ ​ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែ​មេសា​។

ប៉ុន្តែ​លោក Ian Shepherdson បម្រើ​ការងារ​នៅ​ក្រុមហ៊ុន Pantheon Macroeconomics បាន​ឲ្យ​ដឹង​ថា តួលេខ​លក់​លំនៅឋាន​ថ្មី​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការស្ទុះ​ងើបឡើង​វិញ​ដ៏រឹងមាំ​ពី «​គ្រោះថ្នាក់​» ​កាលពី​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​ ២០១៨ នៅពេល​ការលក់​ត្រូវ​បាន​ថមថយ​ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ និង​ការបារម្ភ​ពី​សេដ្ឋកិច្ច​។

លោក​បាន​ឲ្យ​ដឹង​ក្នុង​កំណត់​សម្គាល់​ផ្ញើ​ទៅ​កាន់​អតិថិជន​មួយ​ថា​៖ «​រយៈពេល​ ២-៣ ​ខែ​ក្រោយ​ទំនង​ជា​នឹង​មើលឃើញ​ការលក់​មាន​ស្ថិរភាព​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​យើង​កំពុង​សង្ឃឹម​ថា​ការលក់​នឹង​ស្ថិត​នៅ​ទ្រឹង​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​» នៅពេល​ដែល​អ្នកទិញ​លំនៅឋាន​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការធ្លាក់ចុះ​នៅពេល​ថ្មីៗ​នៃ​អត្រា​ការប្រាក់​៕ LA