ក្រុង​ប៉េកាំងៈ ការ​លក់​អចលន​ទ្រព្យ​​​​ក្នុង​ទីក្រុង​​​សំខាន់​ៗ​​​​របស់​​ប្រទេស ​ចិន ​​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​ធ្លាក់​ចុះ​​ក្នុង​ត្រី​មាស​ទី​១ ​​​​ក្នុង​ឆ្នាំ ​២០១៩ នេះ​​ ខណៈ​​ដែល​រដ្ឋាភិបាល​​​​​ថ្នាក់​មូលដ្ឋាន​បង្កើន​ល្បឿន​​​បទប្បញ្ញត្តិ​គ្រប់គ្រង​​ទីផ្សារ​លំនៅឋាន។

ការ​លក់​​លំនៅឋាន​​​ពាណិជ្ជកម្ម​​សរុប​នៅ​ក្នុង​​ទីក្រុង​ចំនួន​​ ៤០ ​​ដែល​តាម​ដាន​​ដោយ​​​ទី​ភ្នាក់ងារ​​ស្រាវជ្រាវ​អចលន​ទ្រព្យ​​ E-house China R&D Institute ​ធ្លាក់​ចុះ ​​៣១ ​​ភាគរយ​​នៅ​ខែ​មករា​ធៀប​​​នឹង​ខែ​ធ្នូ​។

ធៀប​នឹង​ខែ​មករា ឆ្នាំ ២០១៨ ការ​ធ្លាក់​ចុះ​​​មាន​​ ​១៤ ​ភាគរយ​ ដោយ​ការ​លក់​លំនៅឋាន​​ក្នុង​​​​​ទីក្រុង​​លំដាប់​​ទី​៣ ​និង​ទី៤ ​​​បាន​ធ្លាក់​ចុះ ​​២១ ​ភាគរយ។

លោក Shen Xin ដែល​ជា​អ្នក​ស្រាវជ្រាវ​ប្រចាំ​ក្រុមហ៊ុន​ E-house ​បាន​ថ្លែង​ថា កត្តា​ដែល​បង្ក​ឲ្យ​មាន​​​ការ​ធ្លាក់​ចុះ​នេះ​​គឺ​ដោយ​សារ​អាជ្ញាធរ​មូលដ្ឋាន​​និង​អាជ្ញាធរ​កណ្តាល​​កំពុង​​ខិតខំ​ទប់ស្កាត់​​ការ​ទិញ​លំនៅឋាន​​​សម្រាប់​ទុក​លក់​កេង​​​យក​ចំណេញ ​​និង​​ទប់ស្កាត់​​ការ​រក្សា​តម្លៃ​ឲ្យ​មាន​ស្ថិរភាព។

លោក​បាន​ថ្លែង​បន្ត​ថា​ ចំនួន​​កិច្ច​ព្រមព្រៀង​​នៅ​ក្នុង​ទីក្រុង​ទាំង ​៤០ នេះ​​​ត្រូវ​បាន​រំពឹង​ថា​​នឹង​​បន្ត​ធ្លាក់​ចុះ​​នៅ​ក្នុង​ត្រី​មាស​ទី​១​​ ​ដែល​អាច​​នឹង​​​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង​លំដាប់​​​ទី២ ​ដល់​ទី៤​។

ទិវា​សន្និសីទ​ការងារ​សេដ្ឋកិច្ច​កណ្តាល​ប្រចាំ​ឆ្នាំ​​​បាន​អំពាវនាវ​ឲ្យ​មាន​យន្តការ​រយៈ​ពេល​វែង​​ដើម្បី​រក្សា​ការ​អភិវឌ្ឍ​​រឹងមាំ​របស់​​ទីផ្សារ​អចលន​ទ្រព្យ​​​ ក្រោម​​គោលការណ៍​​ដែល​ថា «​​លំនៅឋាន​​គឺ​សម្រាប់​រស់​នៅ​ មិន​មែន​សម្រាប់​ទុក​លក់​យក​ចំណេញ​ទេ​» ដែល​អ្នក​វិភាគ​បាន​​​ឲ្យ​ដឹង​​​ថា គោលការណ៍​នេះ​នឺង​មាន​ឥទ្ធិពល​សម្រាប់​​​​បទប្បញ្ញត្តិ​​ទីផ្សារ​អចលន​ទ្រព្យ​​​របស់​​​​ចិន​នា​ឆ្នាំ​នេះ៕ People''s Daily/PS ​