ភ្នំពេញៈ ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ ដែល​ជា​ក្បាល​ម៉ាស៊ីន​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ជិត ​២០ ​ឆ្នាំ​មក​នេះ ​មាន​តម្លៃ​សរុប​ជាង ​៤៤ ​ពាន់​លាន​ដុល្លារ។​ នេះ​បើ​យោង​តាម​​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់​។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​សិក្សា​គម្រោង​ប្លង់​ និង​សាងសង់​អគារ កាល​ពី​ថ្ងៃ​ម្សិលមិញ ​លោក​ ជា​ សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់​ បាន​ឲ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០០០ ​ដល់​ខែ ​ឧសភា ​ឆ្នាំ ​២០១៩ ​ក្រសួង​បាន​អនុម័ត​​​គម្រោង​សាងសង់​​ចំនួន ​៤៥ ​២៦៤ ​គម្រោង ​ដែល​មាន​តម្លៃ​សរុប​ ៤៤,៥៧ ​​​ពាន់​​លាន​ដុល្លារ​។

កិច្ច​​ប្រជុំ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ត្រូវ​​បាន​ធ្វើ​ឡើង​ដើម្បី​បង្កើន​ការ​គ្រប់គ្រង​​លើ​ការ​សាងសង់​បន្ទាប់​ពី​ការ​ដួល​រលំ​​អគារ​ ៧ ​ជាន់​ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​​ខែ​មុន​​ដែល​បាន​សម្លាប់​មនុស្ស ​២៨ ​នាក់​ និង​របួស ​២៦ ​នាក់​។

លោក​ ជា​ សុផារ៉ា ​បាន​​ថ្លែង​ថា៖ «​បច្ចុប្បន្ន​ក្រសួង​កំពុង​បញ្ជូន​​មន្ត្រី​ជំនាញ​ជា​ច្រើន​ឲ្យ​ចុះ​ទៅ​សិក្សា​គុណភាព​សំណង់​​ទាក់ទង​នឹង​​​គុណភាព​នៃ​សំណង់​ដែល​បាន​សាងសង់​រួច​ និង​កំពុង​សាងសង់​យ៉ាង​ច្រើន​នៅ​កម្ពុជា​ក្នុង​ពេល​នេះ»។

លោក​លើក​ឡើង​ថា បច្ចុប្បន្ន​មាន​សំណង់​នៅ​កម្ពុជា​ជា​ច្រើន​ដែល​បាន​សាងសង់​ឡើង​ដោយ​មិន​បាន​គោរព​ទៅ​តាម​​ច្បាប់​សាងសង់​ ​មិន​មាន​ស្តង់ដា​​គុណភាព​គ្រប់គ្រាន់​ និង​សាងសង់​ឡើង​ដោយ​មិនមាន​ក្រុមហ៊ុន​ច្បាស់លាស់​ ដែល​​ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​ជា​ច្រើន។

លោក​ថ្លែង​ថា៖​ «​ខ្ញុំ​សូម​​​អំពាវនាវ​ចំពោះ​ក្រុមហ៊ុន​សាងសង់​ គឺ​គម្លាត​ក្នុង​ប្លង់​ប៉ុនណា​ត្រូវ​​សង់​ទៅ​តាម​ហ្នឹង ដើម្បី​ចៀស​វាង​ការ​ឆ្លើយ​ដាក់​គ្នា​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង រាល់​ការ​សាងសង់​ត្រូវ​តែ​ធ្វើ​ឲ្យ​ស្រប​តាម​ប្លង់​ស្ថាបត្យកម្ម ដោយ​ត្រូវ​គិត​ពី​ស្ថានភាព​ សុខុមាលភាព​អ្នក​រស់នៅ»​។

យោង​តាម​លោក ​ជា ​សុផារ៉ា​ សម្រាប់​ ឆ្នាំ ​២០១៨ ទុន​វិនិយោគ​ក្នុង​​វិស័យ​​សំណង់​មាន​តម្លៃ​ជាង ​៥​,២ ​ពាន់​លាន​ដុល្លារ​​​ និង​ផ្តល់​ការងារ​​ដល់​យុវជន​ជាង ​២០ ​ម៉ឺន​នាក់​។ ដោយ​ឡែក​សម្រាប់​គម្រោង​អគារ​ខ្ពស់ៗ​នៅ​ទូទាំង​ប្រទេស​ដោយ​រាប់​ចាប់​ពី ៥​ ជាន់​ឡើង​​មាន​ ​១ ៣២៤ ​អគារ​។ គម្រោង​បុរី​លំនៅឋាន​ និង​បណ្តុំ​លំនៅឋាន​​មិនមែន​ជា​លក្ខណៈ​​បុរី​ មាន​ ​២៥៨ ទីតាំង​​​។ នេះ​បើ​តាម​លោក​ ជា ​សុផារ៉ា​។

កម្ពុជា​​សម្រេច​បាន​​កំណើន​សេដ្ឋកិច្ច​​ជា​មធ្យម​ប្រចាំ​ឆ្នាំ​​​​ ​៧​ ​ភាគរយ​​ក្នុង​រយៈពេល​ ២​ ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ហើយ​វិស័យ​សំណង់​ស្ថិត​ក្នុង​ចំណោម​​ក្បាល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​អំឡុង​ពេល​នេះ៕LA