ក្រុង​ប៉េកាំងៈ ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស ​ចិន បាន​កើន​ឡើង ១១,៩ ភាគរយ ​ក្នុង​រយៈពេល ​៤ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​​ការិយាល័យ​ស្ថិតិ​ជាតិ​ចិន (NBS) កាល​ពី​សប្តាហ៍​មុន។

កំណើន​នេះ​មាន​កម្រិត​ខ្ពស់​ជាង​​កំណើន ១១,៨ ភាគរយ ​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ ​៣ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ។

ការិយាល័យ NBS បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​លើ​អចលនទ្រព្យ​សរុប​ក្នុង​រយៈពេល ​៤ ​ខែ​ដំបូង​នេះ មាន​ទឹក​ប្រាក់​ចំនួន ៣,៤២ ពាន់​ពាន់​យន់ (ប្រហែល ៤៩៨ ពាន់​ពាន់​លាន​ដុល្លារ) ដោយ​ ៧២,៨ ភាគរយ​នៃ​ទឹក​ប្រាក់​នេះ​ត្រូវ​បាន​​វិនិយោគ​លើ​អគារ​លំនៅឋាន។

យោង​តាម NBS រយៈពេល​ចាប់​ពី​ខែ​មករា​ដល់​ខែ​មេសា​នេះ ការ​វិនិយោគ​លើ​ការ​សាងសង់​លំនៅឋាន​​បាន​កើន​ឡើង ១៦,៨ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដល់ ២,៤៩ ពាន់​ពាន់​លាន​យន់។

ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ​ដែរ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ប្រទេស ​ចិន បាន​​សាងសង់​អគារ​ដែល​មាន​ផ្ទៃ​ក្រឡា​ចំនួន ៧,២៣ ពាន់​លាន​ម៉ែត្រ​ការ៉េ ដែល​កើន​ឡើង ៨,៨ ភាគរយ​ធៀប​នឹង​រយៈពេល​​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

យោង​តាម​ការិយាល័យ​ស្ថិតិ​នេះ ការ​លក់​ផ្ទះ​ពាណិជ្ជកម្ម​ដែល​វាស់​វែង​តាមរយៈ​ផ្ទៃ​ក្រឡា សម្រេច​បាន​ចំនួន ៤២៩ លាន​​ម៉ែត្រ​ការ៉េ​នៅ​ក្នុង​រយៈពេល ​៤ ​ខែ​ដំបូង​នេះ។ ចំនួន​នេះ​​​ធ្លាក់ចុះ ០,៣ ភាគរយ​​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ពេល​ដែល​​តម្លៃ​លក់​បាន​កើន​ឡើង​ខ្ពស់​ជាង​ចំនួន ៣,៩ ពាន់​ពាន់​លាន​យន់ ពោល​គឺ​កើន​ឡើង ៨,១ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕ People''s Daily/KC