ក្រុងវ៉ាស៊ីនតោនៈ ទិន្នន័យ​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញ​កាលពី​ចុង​សប្តាហ៍​មុន​ថា ការសាងសង់​លំនៅឋាន​ថ្មី​របស់​អាមេរិក​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​រយៈពេល ១៣ ឆ្នាំ​ កាលពី​ខែ​ធ្នូ​ជា​សញ្ញា​មួយ​ដែល​បង្ហាញថា ក្រុមហ៊ុន​សាងសង់​លំនៅឋាន​កំពុង​ប្រកួត​ប្រជែង​ចាប់យក​តម្រូវការ​។

ការកើនឡើង​នេះ​ត្រូវបាន​នាំមុខ​ដោយ​ការកើនឡើង​ភ្លាមៗ​នៅ​ផ្នែក​អាផាតមិន ដែល​ការសាងសង់​បាន​កើនឡើង​ដល់​ល្បឿន​លឿន​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល ៣៣ ​ឆ្នាំ​។ នេះ​បើ​យោងតាម​តួលេខ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​។

ការកើនឡើង​កាលពី​ខែ​ធ្នូ​អាច​គាំទ្រ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ បន្ទាប់ពី​វិស័យ​លំនៅឋាន​ធ្វើឲ្យ​យឺតយ៉ាវ​ដល់​សេដ្ឋកិច្ច​អាមេរិក​ក្នុង​រយៈពេល​យូរ​។

ទោះបីជា​យ៉ាងណា ការអនុញ្ញាត​ការសាងសង់​ថ្មីៗ​ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ផែនការ​សាងសង់​លំនៅឋាន​បាន​ធ្លាក់ចុះ​ជាង​ការរំពឹងទុក​។

ការចាប់ផ្ដើម​សាងសង់​លំនៅឋាន​កើនឡើង ១៦,៩ ភាគរយ​ នៅ​ខែធ្នូ​ដល់ ១,៦ លាន​យូនីត​ ដែល​កើន​ខ្ពស់​ជាង​ការព្យាករ​ដល់​ល្បឿន​លឿន​បំផុត​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​ ២០០៦​។

ការចាប់ផ្ដើម​សាងសង់​លំនៅឋាន​គ្រួសារ​ទោល​ក៏​កំពុងស្ថិត​នៅក្នុង​កម្រិត​ខ្ពស់​ក្រោយ​ការដើរ​ថយក្រោយ​សេដ្ឋកិច្ច​ផងដែរ​ដល់​ចំនួន ១,១ លាន​យូនីត ដែល​ជា​ល្បឿន​លឿន​បំផុត​ចាប់តាំងពី​ខែ​មិថុនា ឆ្នាំ​ ២០០៧ មក ខណៈ​ដែល​អគារ​មាន​ដែល​មាន ៥ ឬ​ច្រើន​យូនីត​កើន​ដល់​ល្បឿន​លឿន​បំផុត​ចាប់ពី​ខែ​កក្កដា ឆ្នាំ​ ១៩៨៦​។

ធនាគារកណ្ដាល​អាមេរិក​បាន​កាត់បន្ថយ​អត្រា​ការប្រាក់ ៣ ដង​កាលពី​ឆ្នាំមុន ដែល​ជួយ​បន្ធូរបន្ថយ​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​ និង​ប៉ះប៉ូវ​ដល់​ការឡើង​ថ្លៃ​លំនៅឋាន​មួយចំនួន​។

ការបង្កើន​ប្រាក់​ឈ្នួល និង​អត្រា​គ្មាន​ការងារ​ធ្វើ​ទាប​ក៏​បាន​ជួយ​ជំរុញ​តម្រូវការ​លំនៅឋាន​ផងដែរ ដែល​ផ្ដល់​ដល់​ក្រុមហ៊ុន​សាងសង់​នូវ​ការលើក​ទឹកចិត្ត​ដើម្បី​សាងសង់​លំនៅឋាន​កាន់តែ​ច្រើន​។

លោក Ian Shepherdson មកពី​ក្រុមហ៊ុន Pantheon Macroeconomics បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ដែល​ផ្ញើជូន​អតិថិជន​មួយ​ថា​៖ «​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​ច្បាស់ណាស់​មិនមាន​និរន្តរភាព​នោះទេ​»​។ លោក​បន្ថែមថា ទំនងជា​មាន​ការកែតម្រូវ​នៅ​ខែមករា​។

ក្រុមហ៊ុន​សាងសង់​នៅ​តំបន់ Northeast និង​តំបន់ West ដែល​ប្រឈម​នឹង​កង្វះ​លំនៅឋាន​យ៉ាងខ្លាំង​បាន​នាំមុខ​កំណើន​ផ្នែក​អគារ​លំនៅឋាន​ពហុគ្រួសារ​។ អាកាសធាតុ​កក់ក្ដៅ​មិនធម្មតា​នៅ​ខែធ្នូ​ក៏​អាច​បាន​ជួយ​ដល់​ការសាងសង់ ផងដែរ​៕ LA