លោក Kyle Corkum បាន​ស្រមើល​ស្រមៃ​ «​ទីក្រុង​ឆ្លាត (SmartCity)» ​មួយ​ដែល​មាន​សេវាកម្ម​ទំនើបៗ​មិន​ទាន់​មាន​នាពេល​បច្ចុប្បន្ន​ដូចជា សេវាកម្ម​យាន​អវកាស​ស្វ័យប្រវត្តិ ផ្លួវ​ដើរ​មាន​ម៉ាស៊ីនកម្តៅ និង​បណ្តាញ​ផ្តល់​ថាមពល​ដែល​មាន​ភាពរឹងមាំ​អាច​រក្សា​ថាមពល​បាន បើ​ទោះបី​ជា​មាន​ខ្យល់​ព្យុះ​ខ្លាំង​យ៉ាង​ណា​ក៏ដោយ​។

ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LStar Ventures ដែល​ជា​អ្នក​ធ្វើ​ផែនការ​អភិវឌ្ឍន៍​សហគមន៍​លោក​មាន​ឱកាស​ដើម្បី​កសាង​សហគមន៍​នៃ​ក្តី​សុបិន​របស់​លោក​នៅ​លើ​ទីតាំង​ក្នុង​សង្កាត់​មួយ​ដែល​មាន​ចម្ងាយ​ជិត​ ២០ ​គីឡូមែត្រ នា​ភាគ​ខាង​ត្បូង​នៃ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា ដែល​ជា​តំបន់​កំពុង​មាន​ការរីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​នៅក្នុង​ទីក្រុង Boston​។

ក្រុមហ៊ុន LStar ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Raleigh រដ្ឋ North Carolina បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន General Electric​។ លោក Corkum បាន​ឲ្យ​ដឹងថា​ដោយសារ​ពួកគេ​ចាប់ផ្តើម​សាងសង់​ពី​ដំបូង ដូច្នេះ​ពួកគេ​អាច​តភ្ជាប់​បច្ចេកវិទ្យា​ឆ្លាតវៃ​ទៅក្នុង​ថាមពល ទឹក ភ្លើង និង​ប្រព័ន្ធ​ដឹកជញ្ជូន​ដែល​នឹង​បម្រើ​ឲ្យ​សហគមន៍​ផ្ទាល់​តែ​ម្តង​។

គម្រោង​នេះ​បាន​មក​ដល់​នៅពេល​ដែល​ឧស្សាហកម្ម​បច្ចេកវិទ្យា​កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង ដោយ​ក្រុមហ៊ុន Facebook កំពុង​ប្រឈមមុខ​ជាមួយ​នឹង​រឿង​អាស្រូវ​ដែល​ក្នុង​នោះ​ក្រុមហ៊ុន Cambridge Analytica ដែល​ជា​ក្រុមហ៊ុន​ទិន្នន័យ​នយោបាយ​បាន​ប្រមូល​ព័ត៌មាន​ខុស​ច្បាប់​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ចំនួន​ ៥០ ​លាន​នាក់​។ ចំណែក Uber វិញ​ក៏​បាន​រងគ្រោះ​ដោយសារ​មាន​ការ​ស្លាប់​របស់​អ្នក​ថ្មើរជើង​ម្នាក់​ដែល​បណ្តាល​មកពី​រថយន្ត​ស្វ័យប្រវត្តិ​របស់​ខ្លួន​កាលពី​ខែ​មុន​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ LStar កំពុង​តែ​ជម្នះ​ទៅ​មុខ​ជាមួយ​ទីក្រុង​ឆ្លាត​ដែល​មាន​ឈ្មោះ​ថា Union Point​។ ផែនការ​ទាំង​នោះ​មាន​រាប់បញ្ចូល​ទាំង​លំនៅឋាន​រាប់ពាន់​ខ្នង និង​តំបន់​ពាណិជ្ជកម្ម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​លើ​ផ្ទៃដី​ទំហំ​ ១៥០០ ​ហិកតា លាត​សន្ធឹង​ទៅក្នុង​សហគមន៍​ជិត​ខាង​ដូចជា Rockland និង Abington​។ ប៉ម​កញ្ចក់ ទីធ្លា​សាធារណៈ​សហគមន៍ ផ្ទះ​ប្រមូល​ផ្តុំ​គ្នា សួនច្បារ និង​តំបន់​លក់​អីវ៉ាន់​នឹង​ត្រូវ​បាន​សាងសង់​នៅ​លើ​ទីធ្លា​ទំហំ​ ៥០០ ហិចតា ហើយ​កន្លែង​ដែល​នៅ​សល់​នឹង​ត្រូវ​ទុក​ឲ្យ​នៅ​ជា​បរិវេណ​ទំនេរ​។

រហូត​មក​ដល់​ពេល​នេះ​សហគមន៍​នេះ​មាន​លំនៅឋាន និង​អាផាតមិន​ចំនួន​ ១២០០ ​ខ្នង​រួម​ទាំង​កន្លែង​លេង​កីឡា​ដែល​មាន​តម្លៃ​ ២៨ ​លាន​ដុល្លារ​ក៏​ជិត​បញ្ចប់​ការសាងសង់​ដែរ​។ ឃ្លាំង​យន្តហោះ​ដ៏ធំ​មួយ​ក៏​នឹង​ត្រូវ​កែលម្អ​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ចំណុច​កណ្តាល​នៃ​ទីប្រជុំជន​ដែល​មាន​ហាង​លក់​សម្ភារ ភោជនីយដ្ឋាន និង​ទីធ្លា​បើក​ចំហ​សម្រាប់​កម្មវិធី​សាធារណៈ​ផ្សេងៗ​។

ក្រុមហ៊ុន General Electrics នឹង​ប្រើប្រាស់ Union Point ជា​មន្ទីរពិសោធន៍​មួយ​ដើម្បី​សាកល្បង​ផលិតផល​ថ្មីៗ​ព្រម​ទាំង​ជា​កន្លែង​ដាក់​បង្ហាញ​ផង​ដែរ​។

លោក Eric Gebhardt មន្ត្រី​ផ្នែក​យុទ្ធសាស្ត្រ​នៅ​ក្រុមហ៊ុន GE Power បាន​និយាយ​ថា​ផែនការ​ថាមពល​របស់​សហគមន៍​នឹង​រួម​បញ្ចូល​បច្ចេកវិទ្យា Microgrid ដែល​អាច​បង្កើត​ថាមពល​ឡើង​វិញ និង​ការ​រក្សាទុក​ថាមពល​។ ក្រុមហ៊ុន​ក៏​នឹង​ដំឡើង​ភ្លើង «​ឆ្លាត​វៃ​» សម្រាប់​បំភ្លឺ​តាម​ផ្លូវ​ដែល​មាន​ឧបករណ៍​ចាប់​សញ្ញា​អាច​តាមដាន​សំឡេង ពន្លឺ និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​។ ទិន្នន័យ​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ត្រួតពិនិត្យ​ចរាចរណ៍ ជួយ​អ្នក​បើកបរ​ស្វែងរក​កន្លែង​ចត​យានយន្ត និង​ផ្តល់​ដំណឹង​ទៅ​ដល់​នគរបាល​អនុវត្ត​ច្បាប់ ប្រសិន​បើ​មាន​ឮសូ​សំឡេង​កាំភ្លើង​បន្លឺ​ឡើង​។

លោក Gebhardt បាន​បន្ត​ថា​ក្រុមហ៊ុន GE បាន​សាកល្បង​ផលិតផល​ឆ្លាតវៃ​របស់​ខ្លួន​ខ្លះ​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ស្រាប់ ប៉ុន្តែ Union Point គឺជា​ឱកាស​មិន​ធម្មតា​មួយ​ដោយសារ​តែ​ហេដ្ឋារចនាសម្ព័ន្ធ​ភាគច្រើន​មិន​ទាន់​មាន​នៅ​ឡើយ ហើយ​អ្នក​អភិវឌ្ឍ​ក៏​បើក​ចំហ​ឲ្យ​មាន​ការ​ពិសោធ​សាកល្បង​ផង​ដែរ​។

វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts (MIT ) គ្រោង​នឹង​បើក​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ថ្មី​មួយ​នៅក្នុង​រោងចក្រ​អគ្គិសនី​ចាស់​របស់​ស្ថានីយ​អាកាសចរណ៍​។ លោក David Rose អ្នក​ស្រាវជ្រាវ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ MIT បាន​និយាយ​ថា មជ្ឈមណ្ឌល​នេះ​នឹង​រៀបចំ​ឧបករណ៍​ធ្វើ​ផែនការ​អន្តរកម្ម​មួយ​ដែល​មាន​ឈ្មោះ​ថា CityScope ដែល​នឹង​ជួយ​ដល់​ការវិវត្ត​របស់ Union Point ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ស្រមៃ​មើល​ឃើញ​លក្ខខណ្ឌ​ផ្សេងៗ​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា ដង់ស៊ីតេ និង​ការដឹកជញ្ជូន​ជាដើម​។

លោក Rose និយាយ​ថា៖ «​យើង​ចង់​ឲ្យ​មជ្ឈមណ្ឌល​នេះ​ក្លាយ​ជា​កន្លែង​បង្ហាញ​ពី​សក្តានុពល​ដែល​ទីក្រុង​នេះ​អាច​ទទួល​បាន​ជា​កន្លែង​ដែល​អាច​តាមដាន​ការលូតលាស់ និង​ការវិវត្ត​ជា​កន្លែង​មួយ​ដើម្បី​សួរ​សំណួរ​សំខាន់ៗ​ដូចជា​ថា តើ​វា​អាច​មាន​ការ​រួមបញ្ចូល​គ្នា​កាន់តែ​ខ្លាំង ឬ​ថាមពល​កាន់តែ​មាន​ប្រសិទ្ធភាព​បាន​ដែរ​ឬ​ទេ​?»​។

ក្រុមហ៊ុន LStar ក៏​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Optimus Ride ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ស្វ័យប្រវត្តិ​មួយ​នៅ​ក្នុង​ទីក្រុង Boston ដើម្បី​បង្កើត​សេវាកម្ម​បើកបរ​ដោយ​ខ្លួនឯង​នៅ UnionPoint​។ ក្រុមហ៊ុន​នេះ​ក៏​កំពុង​តែ​ធ្វើតេស្ត​យានយន្ត​អេឡិចត្រូនិក​របស់​ខ្លួន​នៅ​កន្លែង​នោះ​ដែរ​។

អតិថិជន​ដំបូង​របស់ UnionPoint ត្រូវគេ​រំពឹង​ថា​នឹង​មក​ដល់​នៅ​និទាឃ​រដូវ​នេះ​។ ក្រុមហ៊ុន Prodrive Technologies គឺជា​ក្រុមហ៊ុន​របស់​ប្រទេស​ហូឡង់​មាន​ឯកទេស​ផលិត​ផលិតផល​សម្រាប់​ឧស្សាហកម្ម​រថយន្ត វេជ្ជសាស្ត្រ និង​គ្រឿង​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​មួយ​ចំនួន​ទៀត​។

LStar ក៏​បាន​បញ្ចុះបញ្ចូល​ម្ចាស់​ផ្ទះ​ទាំងអស់​ឲ្យ​អនុម័ត​លើ​ការផ្លាស់ប្តូរ​ទីតាំង​ដ៏​សំខាន់​មុន​ពេល​វា​អាច​ដំណើរការ​ទៅ​មុខ​ជាមួយ​នឹង​គម្រោង​នេះ​។ ពួកគេ​ក៏​បាន​ផ្តល់​ឲ្យ​អ្នក​អភិវឌ្ឍ​នូវ​អំណាច​សម្រេច​ចិត្ត​ជាច្រើន​ទៅ​លើ​ការ​រចនា និង​ប្លង់​នៃ​សហគមន៍​ដែល​នឹង​មាន​លេច​រូបរាង​បន្តិច​ម្តងៗ​ក្នុង​រយៈពេល​ ១៥-២០ ​ឆ្នាំ​ខាង​មុខ​។

លោក David P. Manfredi ប្រធាន​ស្ថាបនិក​នៃ Elkus Manfredi Architects ដែល​បាន​ជួយ​បង្កើត​ផែនការ​មេ​សម្រាប់ Union Point បាន​និយាយ​ថា៖ «​ទីក្រុង​ទាំង​ ៣ បាន​ទទួល​ស្គាល់​នូវ​ឱកាស​ដើម្បី​ធ្វើ​អ្វី​មួយ​ដ៏អស្ចារ្យ​នៅ​លើ​ទីតាំង​មួយ​ដែល​គម្រោង​អភិវឌ្ឍន៍​មុនៗ​ត្រូវ​បាន​ផ្អាក​។ នេះ​គឺជា​ជម្រើស​មួយ បើ​មិន​អ៊ីចឹង​ទីតាំង​នេះ​នឹង​ក្លាយ​ជា​កន្លែង​ដែល​មិន​មាន​សណ្តាប់ធ្នាប់​»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​គម្រោង​ទីក្រុង​ឆ្លាត​វៃ​ដែល​មាន​មហិច្ឆតា​ដូច​គ្នា​នេះ ធ្លាប់​បាន​បង្ហាញ​ពី​ភាព​មិន​ជោគជ័យ​កន្លង​មក​រួច​ទៅ​ហើយ​។ លោក Rose បាន​លើក​ឡើង​ថា Songdo ដែល​ជា​ទីក្រុង​ឆ្លាត​វៃ​មួយ​សាងសង់​ជិត​បញ្ចប់​នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺជា​ឧទាហរណ៍​។ ទីក្រុង​នេះ​មាន​ការ​តភ្ជាប់​កម្រិត​ខ្ពស់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​វា​មិន​បាន​បំពេញ​តាម​ការ​រំពឹង​ទុក​ក្នុង​ការ​ទាក់ទាញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​អ្នក​ចង់​រស់នៅ​ទី​នោះ​បាន​ឡើយ​។

លោក Rose ដែល​ធ្លាប់​បាន​ទៅ Songdo បាន​និយាយ​ថា៖ «​អ្វី​ដែល​ពួកគេ​ធ្វើ​ខុស​នោះ​គឺ​ពួកគេ​មិន​បាន​គិតពី​ការរស់នៅ​ជាក់ស្តែង​។ ទីនោះ​មើល​ទៅ​មិន​មាន​អារម្មណ៍​ថា​ជា​ទីក្រុង​ដែល​មាន​មនុស្ស​រស់នៅ​នោះ​ទេ ព្រោះ​វា​ស្អាត​ជ្រុល​»៕

Lisa Prevost /The New York Times