ក្រុង​វ៉ាស៊ីនតោនៈ ការ​សាងសង់​​លំនៅឋាន​ថ្មី​នៅ​អាមេរិក​បាន​ធ្លាក់ចុះ​រយៈពេល ​២ ខែ ​ជាប់​​គ្នា​គិត​ត្រឹម​​​ខែ​មិថុនា​ ដោយសារ​តែ​​ក្រុមហ៊ុន​អភិវឌ្ឍន៍​​បាន​សាងសង់​អាផាត​មាន​កាន់​តែ​តិច​នៅ​តំបន់​ភាគ​ខាង​លិច និង​តំបន់​ភាគ​ខាង​ត្បូង​របស់​ប្រទេស​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​​ដែល​ចេញ​​ផ្សាយ​នៅ​​សប្តាហ៍​មុន។​

ល្បឿន​នៃ​ការ​សាងសង់​ផ្ទះ​ថ្មី​​នេះ​​ហាក់​ដូចជា​នឹង​កាន់​តែ​ថមថយ​បន្ថែម​ទៀត​ ដោយសារ​​ការ​​ចេញ​លិខិត​​​អនុញ្ញាត​សម្រាប់​​ការ​សាងសង់​ថ្មីៗ​នូវ​លំនៅឋាន​ដែល​ត្រូវ​ការ​ចាំបាច់​​ខ្លាំង​បាន​ធ្លាក់ចុះ​ឥត​រំពឹង​ទុក ពោល​គឺ​ធ្លាក់​​​​មក​នៅ​ត្រឹម​កម្រិត​ទាប​បំផុត​​ក្នុង​រយៈពេល​ ២ ឆ្នាំ ​ដែល​ការ​​ធ្លាក់ចុះ​នេះ​ត្រូវ​បាន​នាំមុខ​ដោយ​​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​​​នៅ​​តំបន់​ភាគ​ខាង​លិច និង​តំបន់​ភាគ​ខាង​ត្បូង។​

វិស័យ​លំនៅឋាន ​គឺ​ជា​វិស័យ​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​របស់​អាមេរិក​​ ដែល​ជួយ​ជំរុញ​ការ​ចំណាយ​របស់​អតិថិជន​ និង​បម្រើ​ជា​ម៉ែត្រ​វាស់វែង​មួយ​នៃ​សុខុមាលភាព​សេដ្ឋកិច្ច​របស់​អាមេរិក។​

ប៉ុន្តែ​ ខណៈ​ពេល​ដែល​ការ​សាងសង់​​មាន​ការ​កើន​ឡើង​តិចតួច​​នៅ​ត្រីមាស​ទី២ ​ធៀប​នឹង​ការ​សាងសង់​​​កាល​ពី​ដើម​ឆ្នាំ​នេះ​ ការ​​សាងសង់​នេះ​​មិន​កំពុង​រក្សា​បាន​ទៅ​តាម​ល្បឿន​​​តម្រូវការ​នោះ​ទេ។​

ក្រសួង​ពាណិជ្ជកម្ម​​អាមេរិក​បាន​រាយការណ៍​ថា ការ​សាងសង់​​លំនៅឋាន​បាន​ធ្លាក់ចុះ​ ០,៩ ​ភាគរយ ​កាល​ពី​ខែ​មិថុនា ធៀប​នឹង​ខែ​ឧសភា​ ដែល​ធ្លាក់​ចុះ​​​មក​នៅ​ត្រឹម​អត្រា​ប្រចាំ​ឆ្នាំ​ ១,២៥ ​លាន​ខ្នង ដែល​​កែ​តម្រូវ​តាម​រដូវកាល​។

ចំនួន​នោះ​មាន​កម្រិត​ទាប​ជាង​​​ការ​ព្យាករ​របស់​​ក្រុម​សេដ្ឋវិទូ​ និង​ទាប​ជាង​តួលេខ​កាល​ពី​​ខែ​មិថុនា​ឆ្នាំ​មុន​ជាង​ ៦ ភាគរយ​។​

ការ​ចេញ​លិខិត​អនុញ្ញាត​សម្រាប់​គម្រោង​សាងសង់​ថ្មីៗ​ បាន​ធ្លាក់ចុះ ​៦ ភាគរយ​ មក​នៅ​​ត្រឹម​កម្រិត​​ទាប​បំផុត​ចាប់​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​ ២០១៧ និង​​ទាប​ជាង​កម្រិត​កាល​ពី ​១ ​​ឆ្នាំ​មុន​ ៦,៦​ ភាគរយ​។​

ទោះ​ជា​យ៉ាង​ណា ​ការ​ធ្លាក់ចុះ​​ការ​ចេញ​លិខិត​​អនុញ្ញាត​នេះ​​កើត​មាន​នៅ​​​វិស័យ​អាផាត​មិន​ដែល​ប្រែប្រួល​ខ្លាំង​ដែល​បាន​ធ្លាក់ចុះ​ជិត ​២១ ​ភាគរយ ​នៅ​ខែ​មិថុនា។​

ក្រុម​មន្ដ្រី​បាន​ព្រមាន​ថា ទិន្នន័យ​ប្រចាំ​ខែ​នេះ​​ មាន​​​កម្រិត​​លម្អៀង​​ខ្លាំង។​

ទោះបី​ជា​អត្រា​គ្មាន​ការងារ​ធ្វើ​​​មាន​កម្រិត​ទាប​ ​​ប្រាក់​ឈ្នួល​កើន​ឡើង ​​និង​អត្រា​​កម្ចី​ទិញ​ផ្ទះ​ធ្លាក់​ចុះ​ក្តី ក៏​​ទំនុក​ចិត្ត​​ក្នុង​ចំណោម​​​​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​នៅ​អាមេរិក​មិន​ពុះ​កញ្ជ្រោល​ឡើយ​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​​នេះ​។ ក្រុម​អ្នក​វិភាគ​​ស្ដី​បន្ទោស​​កត្តា​នេះ​ថា​ បណ្តាល​​មក​ពី​កង្វះ​កម្លាំង​ពលកម្ម​ និង​ការ​កើន​ចំណាយ​លើ​​សម្ភារ​។​​

ក្រុម​សេដ្ឋវិទូ​បាន​ឲ្យ​ដឹងថា ទីផ្សារ​លំនៅឋាន​ទំនង​ជា​នឹង​កើន​ឡើង​នៅ​ចុង​ឆ្នាំ​នេះ ​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ដ៏​រឹងមាំ​។​

លោក​ Ian Shepherdson មក​ពី​​ក្រុមហ៊ុន Pantheon Macroeconomics បាន​​ឲ្យ​ដឹង​​នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​​មួយ​ថា ក្នុង​គ្រា​ដែល​មាន​ការ​កើន​ឡើង​ការ​ដាក់​ពាក្យ​សុំ​កម្ចី​ទិញ​ផ្ទះ ​«យើង​រំពឹង​ថា ការ​លក់​​លំនៅឋាន​នឹង​​កើន​​​ដល់​​​កម្រិត​ខ្ពស់​​ថ្មី​នៅ​ចុង​រដូវ​ក្ដៅ ​ឬ​ដើម​រដូវ​ស្លឹកឈើ​ជ្រុះ ដែល​​នឹង​បង្កើន​ការ​សាងសង់​ផ្ទះ​​នៅ​ពេល​​នោះ»៕ AFP/​LA​