ក្រុងវ៉ាស៊ីនតោនៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីខែមុនថា ការសាងសង់លំនៅឋាននៅអាមេរិកកាលពីខែសីហាបានកើនឡើងក្នុងល្បឿនលឿនបំផុតរបស់ខ្លួនក្នុងរយៈពេល ១២ ឆ្នាំក្នុងគ្រាដែលមានការកើនឡើងការសាងសង់អាផាតមិន។
ក្រសួងពាណិជ្ជកម្មបានរាយការណ៍ថា ទន្ទឹមនឹងនេះការចេញលិខិតអនុញ្ញាតសម្រាប់ការសាងសង់ដែលជាសញ្ញាមួយនៃការផ្គត់ផ្គង់ស្ថិតនៅក្នុងផែនការក៏បានកើនឡើងកាន់តែខ្ពស់ផងដែរ ដោយផ្នែកលំនៅឋានពហុគ្រួសារនាំមុខគេ។
ការប្រញាប់ប្រញាល់សាងសង់នៅចុងរដូវក្ដៅនេះបានស្ទុះងើបឡើងវិញពីការភាពស្ងប់ស្ងៀមរយៈពេលជាច្រើនខែនៅក្នុងទីផ្សារលំនៅឋានជាទីដែលភាពមិនច្បាស់លាស់អំពីការខូចខាតដោយសារតែសង្គ្រាមពាណិជ្ជកម្ម បានធ្វើឲ្យក្រុមហ៊ុនសាងសង់លំនៅឋានប្រុងប្រយ័ត្ន។
វិស័យដ៏សំខាន់របស់សេដ្ឋកិច្ចមួយនេះក៏បានប្រឈមនឹងឧបសគ្គនានាផងដែរ ដោយសារតែកង្វះកម្មករ ការចំណាយលើសម្ភារមួយចំនួនកាន់តែខ្ពស់ និងការកើនឡើងតម្លៃលំនៅឋានដែលបានរារាំងអនាគតអ្នកទិញ។
ការកើនឡើងការសាងសង់នេះក៏បានគាំទ្រកំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី ៣ ឆ្នាំនេះផងដែរ ប៉ុន្តែក្រុមសេដ្ឋវិទូបានរំឭកថា មិនឲ្យពឹងផ្អែកខ្លាំងពេកលើទិន្នន័យរយៈពេលតែ ១ ខែ។
ការសាងសង់លំនៅឋានចាប់ផ្ដើមនៅខែសីហាដែលបានកើនឡើង ១២,៣ ភាគរយដល់អត្រាប្រចាំឆ្នាំ ១,៣៦ លានយូនីតដែលជាល្បឿនលឿនបំផុតគិតចាប់តាំងពីខែមិថុនាឆ្នាំ ២០០៧ មកដែលខ្ពស់ជាងការព្យាកររបស់ក្រុមសេដ្ឋវិទូ។ នេះបើយោងតាមរបាយការណ៍ប្រចាំខែ។
ផ្នែកលំនៅឋានគ្រួសារទោលដែលសំខាន់បានកើនឡើងតែ ៤,៤ ភាគរយប៉ុណ្ណោះ ប៉ុន្តែអាផាតមិនបានកើនឡើង ៣០,៩ ភាគរយ។
ទន្ទឹមនឹងនេះដែរការចេញលិខិតអនុញ្ញាតសាងសង់ក៏បានកើនឡើងក្នុងល្បឿនលឿនបំផុតរបស់ខ្លួនផងដែរគិតចាប់តាំងពីឆ្នាំ ២០០៧ ផងដែរ ដែលកើនឡើង ៧,៧ ភាគរយដល់អត្រាប្រចាំឆ្នាំ ១,៤២ លានយូនីត។
លោក Ian Shepherdson នៅក្រុមហ៊ុន Pantheon Macroeconomics បានសរសេរនៅក្នុងកំណត់សម្គាល់មួយផ្ញើទៅអតិថិជនថា៖ «ក្រុមហ៊ុនសាងសង់លំនៅឋានមានការបារម្ភ ដោយសារតែភាពមិនច្បាស់លាស់ដែលបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលនៅលើផ្សារហ៊ុន ប៉ុន្តែទំនុកចិត្តរបស់ពួកគេបានកើនឡើងក្នុងរយៈពេលជាច្រើនខែថ្មីៗនេះ ហើយការចេញលិខិតអនុញ្ញាតសម្រាប់ការសាងសង់លំនៅឋានគ្រួសារទោលកំពុងមាននិន្នាការកើនឡើង»៕ LA