ការចុះហត្ថលេខាបានចប់រួចរាល់ហើយនៅឡើយតែពេលវេលាដើម្បីចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿនតម្លៃ ១៩០០ លានដុល្លារដែលរាជរដ្ឋាភិបាលកម្ពុជានៅមិនទាន់បានកំណត់ពេលជាក់លាក់តែប៉ុណ្ណោះ ខណៈមន្ត្រីជំនាញអះអាងថានឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក វ៉ា ស៊ឹមសូរិយា បានថ្លែងឲ្យដឹងកាលពីថ្ងៃចន្ទនេះថាការសាងសង់ផ្លូវល្បឿនលឿនដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុរហូតមកដល់ពេលនេះមិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះទេ ព្រោះបច្ចុប្បន្នក្រុមមន្ត្រីអន្តរក្រសួងកំពុងចុះសិក្សា និងដោះស្រាយផលប៉ះពាល់ទៅលើលំនៅឋាន និងដីធ្លីរបស់ប្រជាពលរដ្ឋមួយចំនួន។ ផលប៉ះពាល់សម្រាប់គម្រោងអភិវឌ្ឍន៍នេះអាចមានច្រើនដែលតម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវចំណាយប្រាក់ខ្លះតាមរយៈជំនួយ ឥតសំណងពីរដ្ឋាភិបាលប្រទេសចិន។
លោកមានប្រសាសន៍ថាតាមគម្រោងផ្លូវនេះនឹងសាងសង់នៅស្របតាមផ្លូវជាតិលេខ ៤ ទាំងសងខាង ប៉ុន្តែភាគច្រើនស្ថិតនៅខាងឆ្វេងដៃនៃផ្លូវជាតិលេខ ៤ (ចេញពីភ្នំពេញ)។
លោកបន្តថា៖ «គិតពីពេលនេះតទៅការសាងសង់ផ្លូវល្បឿនលឿនក៏ដូចជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជារឿងចាំបាច់ ដើម្បីបង្កើនសម្ទុះសេដ្ឋកិច្ចជាតិ»។
តាមឯកសារដែលទទួលបាននៅក្នុងពិធីចុះហត្ថលេខារវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយលោក Liu Gitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិនក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង មកកម្ពុជាកាលពីសប្តាហ៍មុនបានឲ្យដឹងថាផ្លូវល្បឿនលឿននេះមានប្រវែង ១៩០,៦៣ គីឡូម៉ែត្រមានទទឹងផ្លូវទំហំ ២៤ ម៉ែត្រ (២ ទៅ ២ មក) ដោយធ្វើឡើងក្រោមរូបភាព BOT។
ផ្លូវនេះជាប្រភេទផ្លូវមានសួនច្បារនៅកណ្តាល និងរបាំងសងខាងផ្លូវព្រមទាំងមានទីតាំងសម្រាប់ឈប់សម្រាកទៀតផង។
លោក វ៉ា ស៊ីមសូរិយា បានបន្តថាការសាងសង់ផ្លូវល្បឿនលឿននេះនឹងមានទីតាំងចំណុចឆ្លងកាត់ប្រមាណ ១០ កន្លែងជាផ្លូវដែលលោកគិតថានឹងជួយដល់កំណើនសេដ្ឋកិច្ចជាតិព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យតម្លៃនៃការដឹកជញ្ជូននៅកម្ពុជាធ្លាក់ចុះផងដែរ។
លោកបន្តថាតាមគម្រោងការសាងសង់ផ្លូវនេះគ្រោងចំណាយរយៈពេល ៤ ឆ្នាំទើបបញ្ចប់ការសាងសង់ ហេតុនេះយើងរំពឹងថាការសាងសង់នឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះ។
ទោះជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងកាលពីពេលថ្មីៗនេះថាការដោះស្រាយផលប៉ះពាល់នៃគម្រោងផ្លូវល្បឿនលឿននេះបានបញ្ចប់រួចហើយ។
ក្រោយការសាងសង់ផ្លូវល្បឿនលឿននេះបញ្ចប់ផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើរទៅខេត្តព្រះសីហនុឱ្យកាន់តែមានរយៈខ្លីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនកាន់តែល្អប្រសើរថែមទៀត។ ផ្លូវជាតិលេខ ៤ ដែលចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុកំពុងប្រើប្រាស់សព្វថ្ងៃមានប្រវែងជាង ២៣០ គីឡូម៉ែត្រ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ខេត្តព្រះសីហនុទាំងមូលជាតំបន់ឧស្សាហកម្មនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ ដែលជាគោលនយោបាយមួយត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែតុលាឆ្នាំ ២០១៦ កន្លងមកនេះ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថាបញ្ហាប្រឈមក្នុងសេដ្ឋកិច្ចរបស់កម្ពុជាគឺការដឹកជញ្ជូនមានតម្លៃថ្លៃ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលបាននិងកំពុងគិតគូរវិនិយោគ ប៉ុន្តែការសាងសង់អ្វីមួយវាមិនចំណាយពេលមួយថ្ងៃ ឬមួយឆ្នាំនោះទេហេតុនេះរដ្ឋាភិបាលគួរពន្លឿនការវិនិយោគលើផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។
លោកបន្តថាការសាងសង់ផ្លូវល្បឿនលឿន ឬហេដ្ឋារចនាសម្ព័ន្ធនានាជាការបង្កើនកំណើនសេដ្ឋកិច្ចជាតិព្រោះបើចង់ជំរុញកំណើនសេដ្ឋកិច្ចជាតិត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមុន។
នាយិកានៃក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong មានប្រសាសន៍ថាការសាងសង់ផ្លូវល្បឿនលឿននេះពិតជាជួយច្រើនណាស់ដល់ប្រទេសកម្ពុជាក៏ដូចជាកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរដែលអាចធ្វើឲ្យអ្នកធ្វើដំណើរសន្សំប្រាក់បានច្រើនកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ពិសេសធ្វើឲ្យតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះក្នុងខេត្តកណ្តាល កំពង់ស្ពឺ កើនឡើងថែមទៀត។
អ្នកនាង Grace Rachny Fong បានអះអាងថា៖ “នាពេលអនាគតតម្លៃដីនៅខេត្តកំពង់ស្ពឺអាចផ្ទុះឡើងដោយសារការសាងសង់ផ្លូវនេះ និងជាខេត្តដែលមានទីតាំងនៅកៀករាជធានីភ្នំពេញ។
អ្នកនាងបន្តថាតម្លៃដីធ្លី និងការអភិវឌ្ឍនៅខេត្តព្រះសីហនុនឹងមានការកើនឡើងហើយសកម្មភាពអភិវឌ្ឍន៍នឹងកាន់តែ មានភាពរស់រវើកបន្ថែមទៀត”៕