ក្រុង​វ៉ាស៊ីនតោនៈ ទិន្នន័យ​របស់​រដ្ឋាភិបាល​អាមេរិក​​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​សាងសង់​​លំនៅឋាន​ថ្មី​បាន​ធ្លាក់​ចុះ​​ខ្លាំង​​ដោយ​មិន​នឹក​ស្មាន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​​កាល​ពី​ខែ​ធ្នូ​ មក​នៅ​ត្រឹម​កម្រិត​ទាប​បំផុត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ជាង ​២ ឆ្នាំ។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ពន្យារ​ពេល​ចេញ​ផ្សាយ​ដោយ​សារ​តែ​ការ​បិទ​រដ្ឋាភិបាល​ចាប់​ពី​​ខែ​ធ្នូ​ដល់​ខែ​មករា បាន​ចេញ​ផ្សាយ​ក្នុង​គ្រា​ដែល​មាន​​​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​តំបន់​ហិរញ្ញវត្ថុ Wall Street ដែល​ក្រុម​សេដ្ឋវិទូ​​ឲ្យ​ដឹង​ថា អាច​ធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​ការ​វិនិយោគ​​ក្នុង​វិស័យ​មួយ​ចំនួន​ទៀត​។​

ទោះ​បី​ជា​ការ​ធ្លាក់ចុះ​ការ​សាងសង់​ក៏​ដោយ ក៏​តួលេខ​​​ក្នុង​ទិន្នន័យ​ស្ដីពី​ការ​អនុញ្ញាត​ការ​សាងសង់​​បាន​ចង្អុល​ទៅ​រក​ការ​ស្ទុះ​ងើប​ឡើង​វិញ​ក្នុង​ការ​សាងសង់​អាផាតមិន ដែល​ជា​ប្រភេទ​លំនៅឋាន​ងាយ​​ប្រែប្រួល។​

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចាប់​ផ្ដើម​ការ​សាងសង់​លំនៅឋាន​សរុប បាន​ធ្លាក់ចុះ​ ១១,២​ ភាគរយ​មក​នៅ​ត្រឹម​អត្រា​ប្រចាំ​​ឆ្នាំ​ ១,​០៨ លាន​យូនីត​​ដែល​កែ​តម្រូវ​តាម​រដូវកាល ពោល​គឺ​ទាប​ជាង​​​អ្វី​ដែល​ក្រុម​សេដ្ឋវិទូ​កំពុង​រំពឹង​ទុក និង​ជា​ចំនួន​​​ទាប​បំផុត​គិត​ចាប់​តាំង​ពី​ខែ​កញ្ញា​ ឆ្នាំ ២០១៦ មក។

ការ​ចាប់​ផ្ដើម​សាងសង់​​​លំនៅឋាន​លក្ខណៈ​គ្រួសារ​ទោល បាន​ធ្លាក់ចុះ​ក្នុង​រយៈ​ពេល​ ៤ ខែ​ជាប់​គ្នា។​

តួលេខ​នៃ​ការ​អនុញ្ញាត​សាងសង់​ដែល​បាន​ចេញ គឺ​ជា​សញ្ញា​មួយ​នៃ​ការ​សាងសង់​នៅ​ក្នុង​ផែនការ​ជា​បន្ត​បន្ទាប់ បាន​កើន​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​​ទុក​ គឺ​ដល់​អត្រា​ប្រចាំ​ឆ្នាំ ​១,៣៣ ​លាន​យូនីត ​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ការ​កើន​ឡើង​ភ្លាមៗ​នៃ​​ការ​អនុញ្ញាត​ការ​សាងសង់​​អាផាតមិន​។​

ការ​ចុះ​ខ្សោយ​​​ក្នុង​វិស័យ​លំនៅឋាន​​កាល​​ពី​ឆ្នាំ​មុន បាន​បណ្ដាល​ឲ្យ​មាន​ការ​​បារម្ភ​ចំពោះ​កំណើន​​សេដ្ឋកិច្ច​អាមេរិក​​​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​​​បាន​ឲ្យ​ដឹង​ថា តម្រូវការ​ត្រូវ​បាន​រំពឹង​​ថា​នឹង​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​នេះ ដោយ​សារ​តែ​តម្លៃ​​​ផ្ទះ​ធ្លាក់ចុះ​។​

តួលេខ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន ភាគ​ច្រើន​​ អាច​មិន​​ត្រឹមត្រូវ​ទាំង​ស្រុង​ឡើយ ហើយ​ក្រុម​​មន្ដ្រី​បាន​ព្រមាន​ថា​និន្នាការ​នានា អាច​ត្រូវការ​រយៈពេល ​៦ ខែ​ទើប​លេច​ឡើង។​

ប៉ុន្តែ​លោក Ian Shepherdson បម្រើការ​នៅ​​​ក្រុមហ៊ុន Pantheon Macroeconomics បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា តួលេខ​ខែ​ធ្នូ «​គួរ​ឲ្យ​បារម្ភ» ប៉ុន្តែ​មិន​ទំនង​ជា​នឹង​ធ្លាក់ចុះ ​បន្ថែម​ទៀត​នោះ​ទេ​។​

ភាព​ចលាចល​នៅ​ក្នុង​តំបន់​ហិរញ្ញវត្ថុ​ Wall Street របស់​​អាមេរិក​​កាល​ពី​ខែ​ធ្នូ​ «​ច្បាស់​ណាស់​បាន​បន្លាច​​ក្រុមហ៊ុន​សាងសង់​លំនៅឋាន ដូច្នេះ​ការ​ស្ទុះ​ងើប​ឡើង​វិញ​​​ក្នុង​ទីផ្សារ​នេះ​នៅ​ឆ្នាំ​នេះ គួរ​តែ​ត្រូវ​បាន​​ដើរ​​តាម​ពី​ក្រោយ​ដោយ​ការ​ស្ទុះ​ងើប​​ឡើងវិញ​ក្នុង​សកម្មភាព​ការ​សាងសង់​​ក្នុង​រយៈ​ពេល ​២-៣ ​ខែ​ក្រោយ​»៕​ AFP/LA​