ក្រុងវ៉ាស៊ីនតោនៈ គម្រោង​សាងសង់​លំនៅឋាន​ដែល​បានចាប់ផ្ដើម​កាលពី​ខែកក្កដា​ឆ្នាំ​នេះ​នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​ខ្លាំង​គ្មាន​រំពឹង​ទុក​ជា​មុន​ធៀប​នឹង​ខែ​មិថុនា ដោយសារ​តែ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​ផ្នែក​សាង​សង់អាផាតមិន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចេញផ្សាយ​នៅ​ខែ​សីហា​នេះ​។

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹងថា ការធ្លាក់ចុះ​នេះ​បាន​រីក​រាលដាល​នៅ​ទូទាំងប្រទេស​នេះ​ជាមួយ​នឹង​ការធ្លាក់ចុះ​ខ្លាំង​គ្រប់​ទីកន្លែង​លើកលែង​តែ​នៅ​តំបន់​ភាគ​ខាងលិច​។

ការធ្លាក់ចុះ​ខ្លាំង​ ២ ​ដង​ជាប់​គ្នា​គឺជា​ព័ត៌មាន​កាន់តែ​អាក្រក់​នៅក្នុង​វិស័យនេះ​ដែល​ជា​វិស័យ​ដ៏សំខាន់​របស់​សេដ្ឋកិច្ច​អាមេរិក​ដែល​បាន​ប្រឈម​នឹង​ឧបសគ្គ​នានា​ដោយសារ​តែ​កង្វះ​កម្មករ​ការចំណាយ​កាន់តែ​ខ្ពស់​លើ​សម្ភារ​មួយ​ចំនួន និង​ការកើនឡើង​តម្លៃ​ផ្ទះ​ដែល​បាន​រារាំង​អនាគត​អ្នកទិញ​លំនៅឋាន​។

គម្រោង​ថ្មីៗ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ខែ​មុន​បាន​ធ្លាក់ចុះ ៤ ​ភាគរយ​ធៀប​នឹង​ខែ​មិថុនា​មក​នៅត្រឹម​អត្រា​ប្រចាំ​ឆ្នាំ ១,១៩១ ​លាន​ខ្នង​ដែល​ត្រូវបាន​កែតម្រូវ​តាម​រដូវ​ពោល​គឺ​នៅក្រោម​អ្វី​ដែល​ក្រុម​អ្នកវិភាគ​បាន​រំពឹងទុក​។ នេះ​បើយោង​តាម​ទិន្នន័យ​នេះ​។

អ្វី​ដែលជា​ចំណុច​ល្អ​នោះ គឺ​ការ​អនុញ្ញាត​សាងសង់​បាន​កើនឡើង ៨,៤ ភាគរយ​ដែល​ស្ទុះ​ងើបឡើង​វិញ​ពី​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​។ ការកើនឡើង​នេះ​បានផ្ដល់​ក្ដី​សង្ឃឹម​ថា ការផ្គត់ផ្គង់​នឹង​កើនឡើង និង​កាត់បន្ថយ​សម្ពាធ​មួយ​ចំនួន ជាពិសេស​សម្រាប់​វិស័យ​អាផាតមិន​។

ជាមួយ​នឹង​ការកើនឡើង​តម្លៃ​លំនៅឋាន​គ្រួសារ​ទោល តម្រូវការ​បាន​កើនឡើង​សម្រាប់​អាផាតមិន​សម្រាប់​ជួល ប៉ុន្តែ​ការសាងសង់​យូនីត​ពហុគ្រួសារ​បាន​ធ្លាក់ចុះ ១៧,២ ​ភាគរយ​កាលពី​ខែ​កក្កដា និង​ធ្លាក់ចុះ ៤,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​ ២០១៨​។

ប៉ុន្តែ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​រាយការណ៍​ថា ការអនុញ្ញាត​ការសាងសង់​ដែល​បានចេញ​សម្រាប់​គម្រោង​អាផាតមិន​កើនឡើង​ជិត​ ២៥ ​ភាគរយ​។

ក្រុមមន្ដ្រី​បាន​រំឭកថា ទិន្នន័យ​ប្រចាំខែ​នេះ​អាច​នឹង​មាន​កម្រិត​លម្អៀង​ធំ ហើយ​វា​អាច​ត្រូវការ​រយៈពេល ៦ ​ខែ​មុន​ពេល​មាន​មាន​និន្នាការ​ថ្មី​មួយ​។

លោក Ian Shepherdson មកពី​ក្រុមហ៊ុន Pantheon Macroecono-mics ឲ្យ​ដឹងថា លោក​រំពឹង​ថា​ការលក់​នឹង​កើនឡើង​នៅក្នុង​ឆមាស​ទី​ ២ ឆ្នាំ​នេះ​ដែល​នឹង​ជំរុញ​ការសាងសង់​ថ្មី​។

លោក​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយ​ថា​៖ «​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​មានការ​ប្រុងប្រយ័ត្ន ប៉ុន្តែ​ការធ្លាក់ចុះ​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​នឹង​ជំរុញ​ការលក់ ហើយ​សកម្មភាព​ការសាងសង់​នឹង​កើតឡើង​តាម​នោះ​»៕ LA