The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការសាងសង់​អគារ​ខ្ពស់​ជាង​គេ​នៅ​អាស៊ាន ​ប្រកាស​កាល​បរិច្ឆេទ​ផ្លូវការ

ការសាងសង់​អគារ​ខ្ពស់​ជាង​គេ​នៅ​អាស៊ាន ​ប្រកាស​កាល​បរិច្ឆេទ​ផ្លូវការ

Content image - Phnom Penh Post
ផ្ទៃដី​ទំហំជាង ៤ ហិកតា ដែល​គ្រោង​នឹង​សាងសង់​សំណង់​អគារពាណិជ្ជកម្ម Thai Boon Roong Tween Tower ដែល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ាន​។

ការសាងសង់​អគារ​ខ្ពស់​ជាង​គេ​នៅ​អាស៊ាន ​ប្រកាស​កាល​បរិច្ឆេទ​ផ្លូវការ

នៅ​ទីបំផុត​អគារ​ខ្ពស់​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន បាន​កំណត់​កាលបរិច្ឆេទ​សាងសង់​ជាក់លាក់​ហើយ​ខណៈ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​នេះ​នឹង​កំណត់​យក​ថ្ងៃទី ១ ខែ​សីហា ឆ្នាំ ២០១៧ ខាងមុខ​នេះ ដើម្បី​ធ្វើការ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ។

លោក​សាស្ត្រាចារ្យ ទួស សាភឿន ស្ថាបត្យករ​មួយរូប​ដែល​បាន​ចូលរួម​គូរ​អគារ​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា លោក​ឧកញ៉ា ខូវ សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន​ថៃ ប៊ុនរ៉ុង បាន​សម្រេច​ជ្រើស​រើស​យក​ថ្ងៃទី ១ ខែ​សីហា ខាងមុខ​នេះ ដើម្បី​បើក​ការដ្ឋាន​សាងសង់​អគារ​ដ៏សម្បើម និង​ខ្ពស់​ជាងគេ​នេះ។

លោក​បន្តថា បច្ចុប្បន្ន​អគារ​នេះ​បាន​និង​កំពុង​រៀបចំ​កែលម្អ​មួយ​ចំនួន ដែល​គ្រោង​បញ្ចប់​នៅពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ទាក់ទង​នឹង​រចនាបទ​អគារ​នេះ​លោក​មិនទាន់​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ រហូតដល់​ការកែ​លម្អ​ត្រូវ​បាន​បញ្ចប់​នាពេល​ខាងមុខ។

តាម​គម្រោង​អគារ​ពាណិជ្ជកម្ម​កប់​ពពក​នេះ​នឹង​ចំណាយ​ទុនវិនិយោគ​សម្រាប់​សាងសង់​ចំនួន ២១០០ លាន​ដុល្លារ​អាមេរិក និង​ថវិកា ៣០០០ លាន​ដុល្លារ​ទៀត នឹង​ទុក​ប្រើប្រាស់​សម្រាប់​រៀបចំ​អគារ​នេះ​ឲ្យ​អាច​ដំណើរការ​ប្រកប​ដោយ​សកម្ម​ភាព​រស់រវើក។

លោក​សាស្ត្រាចារ្យ ទួស សាភឿន បាន​បន្តថា អគារ​នេះ​នឹង​បណ្តុំ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​មាន​អាផាតមិន សណ្ឋាគារ​ផ្កាយ ៦ ខុនដូ​លំដាប់​ប្រណីត​ការិយាល័យ​ធ្វើការ ភោជនីយដ្ឋាន កន្លែង​គយគន់​ទេសភាព​ទីក្រុង​ភ្នំពេញ សេវាកម្ម​កម្សាន្ត និង​ផ្សារ​ទំនើប​ជាដើម។

លោក​បន្តថា ៖ «ខ្ញុំ​ជឿជាក់​ថា គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​ក្រុមហ៊ុន​មាន​ទឹកប្រាក់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អគារ​នេះ​ដំណើរការ​នៅ​ពេល​បញ្ចប់ការ​សាងសង់»។

លោក​បន្តថា ៖ «បច្ចុប្បន្ន​នៅ​កម្ពុជា​មិនទាន់​មាន​ក្រុមហ៊ុន​ធំៗ​ច្រើន​មក​ដាក់​ការិយាល័យ​កណ្តាល​របស់ខ្លួន​ទេ ប៉ុន្តែ​នៅ​ពេល​បញ្ចប់ការ​សាងសង់​អគារ​ដ៏សម្បើម​នេះ នឹង​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​កាន់តែ​ច្រើន​មក​កាន់​កម្ពុជា»។

ក្រៅពី​វិនិយោគ​សាងសង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន​ក្រុមហ៊ុន​ថៃ ប៊ុនរ៉ុង ក៏នឹង​កែ​លម្អ​សួនច្បារ​សម្តេច​តេជោ ហ៊ុន សែន ដែល​នៅ​ក្បែរ​នោះ​ឲ្យមាន​ភាព​ស្រស់ស្អាត និង​ទាក់ទាញ​ផងដែរ។

អគារ Thai Boon Roong Tween Tower បាន​និង​កំពុង​ប្រណាំង​ប្រជែង​ពេលវេលា​ជាមួយ​អគារ​ខ្ពស់ៗ​ដទៃ​ទៀត​នៅក្នុង​តំបន់​អាស៊ាន​ដូចជា អគារ Petronas Tower1 ដែល​មាន​កម្ពស់ ៤៥២ ម៉ែត្រ អគារ Petrovietnam ដែល​មាន​កម្ពស់ ៥២៨ ម៉ែត្រ អគារ MahaNakhon នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ មាន​កម្ពស់ ៣១៣ ម៉ែត្រ តែ​នឹងត្រូវ​ដំឡើង​អង់តែន​កម្ពស់​រហូត​ដល់ ៦១៥ ម៉ែត្រ និង​អគារ GAMA Tower នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​កម្ពស់ ២៨៩ ម៉ែត្រ។

តាម​គម្រោង​អគារ​ពាណិជ្ជកម្ម​កប់​ពពក​នេះ នឹង​សាងសង់ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd. និង​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន Thai Boon Roong Group និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ាកាវ Sun Kian Ip Group។

អ្នកនាង អាន សុធីតា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE Cambodia បាន​ថ្លែងថា វត្តមាន​អគារ​នេះ​ហាក់ធំ​បន្តិច សម្រាប់​ទីក្រុង​ភ្នំពេញ ប្រសិនជា​យើង​មើល​ទៅលើ​តម្រូវការ និង​ការផ្គត់ផ្គង់​នាពេល​ថ្មីៗ​នេះ​ចូលមក​ទីផ្សារ​មាន​កាន់តែ​ច្រើន ប៉ុន្តែ​ប្រសិនជា​និយាយ​ពីភាព​ជោគជ័យ ឬមិន​ជោគជ័យ​របស់​គម្រោង​នេះ អាស្រ័យ​លើ​អ្នក​អភិវឌ្ឍន៍​មាន​អតិថិជន​ក្នុង​ដៃ មាន​ភាព​ជឿជាក់ មាន​ទុន​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​គម្រោង​នេះ។

អ្នកនាង​បន្តថា ៖ «ប្រសិន​ជាគាត់​មាន​អតិថិជន​មាន​សក្តានុពល​ក្នុង​ដៃ​មានការ​យល់ដឹង​ពីទីផ្សារ​ច្បាស់​លាស់ គម្រោង​ដែល​អាច​តំណាង​ឲ្យ​ទីក្រុង​ភ្នំពេញ​បែបនេះ​អាច​នឹង​ជោគជ័យ»។

អ្នកនាង​បន្តថា ៖ «ប្រសិនជា​និយាយ​ពី​ទីតាំង​ខ្ញុំគិត​ថា គម្រោង​របស់​គាត់​ស្ថិតនៅ​ទីតាំង​ល្អ និង​ជា​គម្រោង​ដ៏ធំ និង​ទាក់ទាញ​មួយ»។

នៅពេល​សួរថា តើ​អ្នកវិនិយោគ​គម្រោង​នេះ​គួរ​មាន​អ្វីពិសេស​សម្រាប់​អតិថិជន​ឬទេ? អ្នកនាង សុធី​តា បាន​បញ្ជាក់​ថា៖ «តាម​ធម្មតា​អ្នកវិនិយោគ​និមួយៗ ក៏តែង​គិតពី​ប្រាក់​ចំណេញ​របស់​ពួកគេ​ត្រឡប់​វិញ​ដែរ»។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​ថ្លែង​ដោយ​ប្រុងប្រយ័ត្ន​ថា ការសាងសង់​អគារធំ​ខ្ពស់​បែបនេះ​ជា​រឿង​មោទនភាព​ឬយ៉ាងណា និង​ការសាងសង់ គឺជា​សិទ្ឋិ​របស់គេ តែ​លោក​មិន​មាន​មោទនភាព​នោះ​ទេ ដោយសារ​លោក​បារម្ភ​ពីអគារ​ខ្ពស់​បែបនេះ ប្រសិន​ជាមាន​យថាភ័យ​ណាមួយ​កើតឡើង តើ​យើង​មាន​ប្រព័ន្ឋ​សង្គ្រោះ​ដែរឬទេ និង​សង្គ្រោះ​មនុស្ស​យ៉ាង​ដូចម្តេច?

លោក​ថ្លែង​ទាំងអស់​សំណើច​ថា ៖ «ខ្ញុំមិន​ចង់​រស់នៅ​អគារ​ខ្ពស់​ទេ ខ្ញុំខ្លាច​មាន​ហានិភ័យ​អ្វីមួយ​កើតឡើង មិនដឹង​រត់​ទៅណា? ពេល​រស់នៅ​បរទេស​ខ្ញុំមិន​ជ្រើសរើស​រស់​នៅលើ​អគារ​ខ្ពស់​នោះ​ទេ»។

លោក​បណ្ឌិត កល្យាណ បាន​បន្តថា នៅពេល​មាន​អគារ​ធំ​បែប​នេះ វានឹង​ធ្វើ​ឲ្យ​តំបន់​នោះ​ប្រមូលផ្តុំ កកកុញ​ដោយ​មនុស្ស កកស្ទះ​ចរាចរណ៍ និង​មានការ​បំពុល​បរិស្ថាន ហេតុនេះ​យើង​គួរគិត​ជាមុន​ថា តើ​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ដូចម្តេច ពេល​អគារ​ធំ​បែប​នេះ​សាងសង់​ចប់?

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា ភីអ៊ិលស៊ី បាន​ថ្លែងថា​ ប្រសិន​ជា​ផ្អែកលើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​សម្រេច​បាន​ជាង ៧ ភាគរយ ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍​មកនេះ កម្ពុជា​ស័ក្តិសម​នឹងមាន​អគារ​ខ្ពស់​បែប​នេះ។

លោក​បន្តថា ៖ «ប្រសិនជា​អគារ​នេះ​សាងសង់​មែន​នោះ វាជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា និង​ជា​មុខមាត់​របស់​កម្ពុជា​បង្ហាញ​ទៅកាន់​ពិភពលោក»៕

អត្ថបទគួរចាប់អារម្មណ៍