
ប្លង់គំរូនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានតម្លៃជិត ៩០០ លានដុល្លារ។ រូបថត សហការី
ភ្នំពេញៈ ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co Ltd(AIAI) លោក Lu Wei ដែលជាក្រុមហ៊ុនកំពុងសាងសង់អាកាសយានដ្ឋានសៀមរាបថ្មីក្នុងតម្លៃជិត ៩០០ លានដុល្លារបានដាក់ផែនការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះឱ្យបាន ៦៧ ភាគរយនៅត្រឹមដំណាច់ឆ្នាំ ២០២១ ខណៈការងារសាងសង់នៅការដ្ឋាននៅពេលនេះសម្រេចបានជាង ៣០ ភាគរយហើយ បើទោះបីមានការរំខានខ្លះពីការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
ការលើកឡើងរបស់លោក Lu Wei បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចដល់ការដ្ឋានជាលើកទី ២ របស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានដឹកនាំគណៈប្រតិភូទៅសិក្សាបន្ថែមពីវឌ្ឍនភាពនៃគម្រោងនេះកាលពីថ្ងៃម្សិលមិញ។
លោក Lu Wei បានឱ្យដឹងថា ចាប់ពីគម្រោងបើកការដ្ឋានសាងសង់ពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២០ មកដល់ពេលនេះការងារសំខាន់ៗសម្រេចបានរួមមាន ការបុកគ្រឹះប្រមាណ ១ ២៦៧ បានបញ្ចប់ ១០០ ភាគរយ ខណៈអគារអ្នកដំណើរជាន់ផ្ទាល់ដី និងជាន់ទី ១ បានចាក់បេតុង ១០០ ភាគរយ និងជាន់ទី ២ ចាក់បេតុងបាន ២៥ ភាគរយ។
លោកប្រាប់ថា៖ «កាលពីថ្ងៃទី ១៥ ខែតុលា យើងបានចាប់ផ្តើមការងារសាងសង់កន្លែងស្តុកប្រេងយន្តហោះ ហើយនៅថ្ងៃទី ១ ខែវិច្ឆិកា យើងចាប់ផ្តើមការងារក្នុងតំបន់ហោះហើរ រហូតមកដល់បច្ចុប្បន្នយើងក៏បានឈូសឆាយដីបាន ៨០ ភាគរយហើយ»។
លោកក៏បញ្ជាក់ដែរថា ក្រុមការងារសាងសង់ស្ពានអាកាសក៏ចាប់ផ្តើមធ្វើការកាលពីថ្ងៃពុធផងដែរ។ លើសពីនេះទៀត ក្រុមហ៊ុនក៏បានធ្វើការតភ្ជាប់ផ្លូវពីព្រលានទៅកាន់ផ្លូវជាតិលេខ ៦ និងបច្ចុប្បន្នពីផ្លូវលេខ ៦៤ ទៅផ្លូវចំណតអ្នកធ្វើដំណើរ។ ក្រុមហ៊ុនក៏សាងសង់ផ្លូវ ៨ គីឡូម៉ែត្ររួចរាល់ហើយដែរ ដោយគ្រោងនឹងចាក់បេតុង។ ចំណែកនៅសល់ផ្លូវ ១៦,៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៦៤ ទៅផ្លូវជាតិលេខ ៦ កំពុងតែធ្វើការងារដែលពាក់ព័ន្ធនានា និងសាងសង់របង។
លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាជាមួយ EDC ដែលគ្រោងនឹងចុះ MoU ផ្គត់ផ្គង់អគ្គិសនីជាផ្លូវការនៅឆ្នាំក្រោយចំនួន ២៣០ KW សម្រាប់ការដ្ឋានសាងសង់ ហើយក៏បានរៀបចំកសាងអនុស្ថានីយថ្មី ១ ទៀត។ យើងក៏មានគម្រោងចុះ MoU ដើម្បីត្រៀមតទឹកស្អាតពីទីរួមខេត្តផងដែរ។

តំណាងក្រុមហ៊ុន AIAI ពន្យល់ថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីដំណើរការនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី។ រូបថត សហការី
លោក Wei បាននិយាយថា៖ «តាមគម្រោងយើង គឺនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២១ ការងារសាងសង់ទាំងអស់នឹងបញ្ចប់បាន ៦៧ ភាគរយ។ នៅក្នុងនោះគម្រោងអគារអ្នកដំណើរនឹងបញ្ចប់ ៧៧ ភាគរយ តំបន់ហោះហើរបញ្ចប់ ៤៥ ភាគរយ និងការងារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនឹងបញ្ចប់ ៥០ ភាគរយ»។
លោក ម៉ៅ ហាវណ្ណាល់ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនទោះបីជាមានការរំខានពីការរីករាលដាលជំងឺកូវីដ១៩ ដែលបានបង្អាក់ដល់ដំណើរការនៃការសាងសង់ខ្លះៗក៏ដោយ។
លោកថ្លែងថា៖ «យើងសូមកោតសរសើរដល់ក្រុមហ៊ុន និងសហការីដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់គាត់ ព្រោះបើគ្មានការខិតខំក៏យើងមិនអាចទទួលបានលទ្ធផលដូចថ្ងៃនេះដែរ»។
លោកបន្ថែមទៀតថា៖ «តាមរយៈការរាយការណ៍ ខ្ញុំអាចវាយតម្លៃជារួមថា យើងសម្រេចបានជាង ៣០ ភាគរយនៃគម្រោងរួមមូលហើយ។ អ៊ីចឹងការសន្និដ្ឋានរបស់ខ្ញុំ គឺស្របនឹងការលើកឡើងរបស់លោក Lu Wei ថានៅដំណាច់ឆ្នាំ ២០២១ នឹងសម្រេចការសាងសង់បាន ៦៧ ភាគរយ»។
លោកបន្ថែមថា៖ «ដូច្នេះខ្ញុំសង្ឃឹមថា ឆ្នាំ ២០២១ គម្រោងនឹងបញ្ចប់ ៦៧ ភាគរយ ហើយឆ្នាំ ២០២២ យើងនៅសល់ការងារមិនជាធំដុំនោះទេ អ៊ីចឹងបានន័យថា យើងនៅសល់ ៣៣ ភាគរយទៀតឆ្នាំ ២០២២ យើងនឹងបញ្ចប់គម្រោងទាំងស្រុងសម្រាប់អាកាសយានដ្ឋានសៀមរាបថ្មីយើង»។
ព្រលានយន្តហោះថ្មីដែលគ្រោងចំណាយប្រាក់ប្រមាណ ៨៨០ លានដុល្លារនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា នៅស្រុកសូទ្រនិគម នៅជាយក្រុងសៀមរាប។ គម្រោងនេះនឹងត្រូវសាងសង់ ៣ ដំណាក់កាល។
ក្រុមហ៊ុននឹងវិនិយោគជាង ៥០០ លានដុល្លារ សម្រាប់ដំណាក់កាលទី១ និងទី២ ដែលនឹងអាចឱ្យយន្តហោះដឹកអ្នកដំណើរទំហំមធ្យម និងចម្ងាយឆ្ងាយដូចជាយន្តហោះ Boeing 737 និងយន្តហោះ Airbus A320 ចុះចតបាន។ ទឹកប្រាក់ ៣០០ លានដុល្លារផ្សេងទៀតនឹងត្រូវបម្រុងទុកសម្រាប់ដំណាក់កាលទី៣។
កាលពីខែតុលា ឆ្នាំ ២០១៧ កិច្ចព្រមព្រៀងសាងសង់ព្រលានយន្តហោះថ្មីនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលកម្ពុជា និង Yunnan Investment Holdings, Ltd ជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន។ កិច្ចព្រមព្រៀងនេះបានផ្ដល់ដល់ក្រុមហ៊ុនចិននូវសិទ្ធិផ្ដាច់មុខក្នុងការដំណើរការ និងការគ្រប់គ្រងសម្បទានព្រលានយន្តហោះនេះក្នុងរយៈពេល ៥៥ ឆ្នាំ ស្ថិតក្រោមផែនការសាងសង់ ប្រតិបត្តិការ ផ្ទេរ។
តាមការសិក្សា ព្រលានយន្តហោះថ្មីនេះអាចទទួលអ្នកដំណើរ ១០ លាននាក់ ក្នុងឆ្នាំ ២០៣០ និង ២០ លាននាក់ត្រឹមឆ្នាំ ២០៥០៕
វីដេអូ៖