ក្រុង​ប៉េកាំងៈ ទិន្នន័យ​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​អចលន​ទ្រព្យ​របស់​ប្រទេស​ ចិន ​នៅ​តែ​មាន​សម្ទុះ​ខ្លាំងក្លា​កាល​ពី​ឆ្នាំ​មុន ​ទោះ​បី​មាន​ការ​រឹត​បន្តឹង​វិធាន​ការ​មួយ​ចំនួន​ក្តី​ ខណៈ​​ដែល​​ការ​វិនិយោគ​អចលន​ទ្រព្យ​សរុប​ក្នុង​រយៈ​ពេល ​១១ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៨ ​មាន​​កំណើន​លើស​ពី​ឆ្នាំ​ ២០១៧​។

យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​ចិន ​(NBS) ​ការ​វិនិយោគ​​​លើ​គម្រោង​អភិវឌ្ឍន៍​អចលន​ទ្រព្យ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង ​និង​តំបន់​ស្វយ័ត​ចំនួន​ ៣១​ របស់​ចិន​ដី​គោក សរុប​​​មាន​​ទំហំ​​ចំនួន​ ១១ ​ពាន់​ពាន់​លាន​យន់ (១,៦ ពាន់​ពាន់​លាន​ដុល្លារ) គិត​ចាប់​ពី​ខែ​មករា​រហូត​ដល់​ខែ​វិច្ឆិកា ដែល​លើស​ទឹក​ប្រាក់​វិនិយោគ​ក្នុង​​ឆ្នាំ​ ២០១៧ ដែល​មាន​​​ចំនួន​តែ​ ១០,៩៨ ពាន់​ពាន់​លាន​យន់​។

ខេត្ត​ក្វាងទុង គឺ​ជា​ខេត្ត​មួយ​ឈាន​មុខ​គេ​ក្នុង​ចំណោម​ខេត្ត​ផ្សេង​ទៀត​ដែល​ការ​វិនិយោគ​លើ​អចលន​ទ្រព្យ​មាន​ទំហំ​ទឹក​ប្រាក់​រហូត​ដល់​ ១,២៩​ ពាន់​ពាន់​លាន​យន់​ បន្ទាប់​មក​​គឺ​ខេត្ត​ ជាំងស៊ូ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ១,០៣​ ពាន់​ពាន់​លាន​យន់ ​និង​ខេត្ត​ជឺជាំង​មាន​ទឹក​ប្រាក់​វិនិយោគ​ចំនួន​ ៩២៧​ ពាន់​​លាន​យន់​។

ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៧​ ខេត្ត​ចំនួន​ ១៤​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​កំណើន​នៃ​ការ​វិនិយោគ​ផ្នែក​អចលន​ទ្រព្យ​​លើស​ពី ​១០ ​ភាគរយ​។​ ក្នុង​​នោះ ​តំបន់​ស្វយ័ត​ទីបេ​ បាន​នាំ​មុខ​គេ​ដោយ​មាន​អត្រា​កំណើន​​ ១៣៦ ភាគរយ បន្ទាប់​មក​គឺ​ខេត្ត​ជីលីន ៣០,១ ភាគរយ ខេត្ត​ជឺជាំង ២២,៥ ភាគរយ ខេត្ត​ក្វាង​ទុង ១៩,១ ភាគរយ ខេត្ត​កាន់ស៊ូ ១៧,៩ ភាគរយ ខេត្ត​ហេឡុង​ជាំង ១៧ ភាគរយ ខេត្ត​សានស៊ី ១៦,៦ ភាគរយ ខេត្ត​​ជាំងស៊ូ ១៦ ភាគរយ ខេត្ត​ហ៊ូណាន ១៥,៤ ភាគរយ ខេត្ត​សាក់ស៊ី ១៥,២ ភាគរយ ខេត្ត​​យន់​ណាន ១៤,២ ភាគរយ ខេត្តសាន​ទុង ១៣ ភាគរយ​ និង​តំបន់​ស្វយ័ត​ក្វាងស៊ីជួង ១១,៣ ភាគរយ​ព្រម​ទាំង​ខេត្ត​លៀវ​នីង ១០,៧ ភាគរយ។

បើ​យោង​តាម​របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មុន​​ដោយ​បណ្ឌិត្យ​សភា​វិទ្យា​សាស្ត្រ​សង្គម​ចិន​បាន​ឲ្យ​ដឹង​ថា ​បរិមាណ​នៃ​ការ​វិនិយោគ​នេះ​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់ ទោះ​ជា​​មាន​ការ​ចាត់​វិធាន​ ការ​រឹត​បន្តឹង​មួយ​ចំនួន​​​ក្នុង​វិស័យ​មួយ​នេះ​ក្តី ដោយ​វិធានការ​​រឹត​បន្តឹង​​ក្នុង​​វិស័យ​អចលន​ទ្រព្យ​​​ចំនួន​ ៤០៥​ វិធាន​​ការ ​​ត្រូវ​បាន​ប្រកាស​ឡើង​នៅ​​​ទូទាំង​ប្រទេស​កាល​ពី​​ឆ្នាំ​មុន ដែល​កើន​ឡើង​ ​៨០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧។

លោក Chen Jie សាស្ត្រា​ចារ្យ​មក​ពី​សាកល​វិទ្យាល័យ Shanghai Jiao Tong ​ថ្លែង​ថា​៖ «ក្នុង​គ្រា​ដែល​មាន​​បរិយាកាស​​​រឹត​បន្តឹង​នេះ​ ក្រុមហ៊ុន​​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ មិន​បាន​បាត់​បង់​ទំនុក​ចិត្ត​របស់​ពួក​គេ​ទេ ហើយ​​កំណើន​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​នោះ​គឺ​​​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ពី​ភាព​រស់រវើក​​ និង​ចក្ខុ​វិស័យ​វិជ្ជ​មាន​នៃ​ទីផ្សារ​អចលន​ទ្រព្យ​ និង​សេដ្ឋកិច្ច​ទាំង​មូល​របស់​​ប្រទេស​ ចិន​​»។

ទិន្នន័យ​របស់​ការិយា​ល័យ​ NBS បាន​បង្ហាញ​ទៀត​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​បាន​ទិញ​ដី​ទំហំ ២៥៣,២៦ លាន​​ម៉ែត្រ​ការ៉េ​ក្នុង​ រយៈពេល​ ១១ ​ខែ​ដំបូង​​កាល​ពី​ឆ្នាំ​មុន ដែល​បាន​កើន​ឡើង​​ចំនួន​ ១៤,៣ ភាគរយ​ឆ្នាំ​លើ​ឆ្នាំ ហើយ​តម្លៃ​ដី​សរុប​មាន​តម្លៃ​រហូត​ដល់​ ១,៣៧ ពាន់​ពាន់​លាន​យន់ ដែល​​កើន​ឡើង ​២០,២ ​ភាគរយ​បើ​ធៀប​នឹង​​ឆ្នាំ​ ២០១៧។

លោក​ Zhang Dawei ប្រធាន​ក្រុម​អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន Centaline Property Agency Ltd បាន​ថ្លែង​ថា​ ប្រតិបត្តិ​ការ​ទិញ​លក់​ដីធ្លី​សកម្ម​មិន​ត្រូវ​បាន​ដាក់​កម្រិត​ទេ​សម្រាប់​​ទីក្រុង​លំដាប់​ទី ១​ និង​ទី ​២ ​ហើយ​ទីក្រុង​ទី​លំដាប់​ទី ៣ ​និង​ទី ​៤​ ក៏​មិន​មាន​ការ​ដាក់​កម្រិត​ផង​ដែរ។

សន្និសីទ​ការងារ​សេដ្ឋកិច្ច​មជ្ឈិម​ប្រចាំ​​ឆ្នាំ​ដែល​ធ្វើ​ឡើង​នៅ​​ក្រុង​ប៉េកាំង​​កាល​ពី​ខែ​មុន ​បាន​អំពាវ​នាវ​ឱ្យ​បង្កើត​យន្តការ​យូរ​អង្វែង​មួយ​ ដើម្បី​រក្សា​ការ​អភិវឌ្ឍ​វិស័យ​អចលន​ទ្រព្យ​ឱ្យ​កាន់​តែ​រឹងមាំ​ និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ដែល​លើក​ឡើង​ថា​៖ «លំនៅឋាន​គឺ​សម្រាប់​រស់​នៅ​ មិនមែន​ជា​ ការ​ឆក់​ឱកាស​កេង​ចំណេញ​​ទេ»។

ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​​​អ្នក​ដឹក​នាំ​កំពូល​​​​របស់​ប្រទេស​​​ ចិន​​ បាន​កំណត់​ទិស​ដៅ​សម្រាប់​​ឆ្នាំ ២០១៩ វិស័យ​​អចលន​ទ្រព្យ​នឹង​មើល​ឃើញ​​កំណើន​វិនិយោគ​ក្នុង​កម្រិត​​​មធ្យម​​នៅ​ឆ្នាំ ២០១៩ នេះ។

លោក James Macdonald​ ប្រធាន​​​ក្រុមហ៊ុន Savills China Research ថ្លែង​​ថា​ គេ​រំពឹង​ថា​នឹង​មាន​​ការ​ពង្រឹង​បន្ថែម​ទៀត​​​ក្នុង​ទីផ្សារ​ក្រុមហ៊ុន​​អភិវឌ្ឍន៍​នៅ​ឆ្នាំ​ ២០១៩​ ដោយ​សារ​​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​ៗ​ដែល​មាន​​លំហូរ​សាច់​ប្រាក់​កាន់​តែ​រឹងមាំ ​និង​មាន​តារាង​តុល្យការ​កាន់​តែ​ល្អ​ សម្លឹង​​​រក​​ការ​ឆក់​​​ឱកាស​នានា​​ដែល​បាន​​មក​ពី​ការ​ធ្លាក់​ចុះ​ទីផ្សារ​ និង​​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​កាន់​តែ​តឹងរ៉ឹង៕ People''s Daily/NS