ភ្នំពេញៈ ទំហំ​អគារ​ការិយាល័យ​ជួល​ក្នុង​ត្រីមាស​ទី​ ៣ បាន​កើន​ប្រមាណ ៥ ៦០០ ​ម៉ែត្រការ៉េ​ ដែល​ស្មើនឹង ១,៥ ​ភាគរយ បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​ប្រចាំត្រីមាស​ទី​ ៣ របស់​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩ ក្នុង​រាជធានី​ភ្នំពេញ ការិយាល័យ​ជួល​មាន​ផ្ទៃ​សរុប ៣៦៤ ៦០០ ម៉ែត្រការ៉េ​កើនឡើង​ពី ៣៥៩ ០០០ ​ម៉ែត្រការ៉េ​ កាលពី​ត្រីមាស​ទី​ ២​។ ក្នុងនោះ​ការិយាល័យ​កម្រិត A មាន ១៤ ​ភាគរយ ​កម្រិត B មាន ២៩ ​ភាគរយ និង​កម្រិត C មាន​ ៥៦ ​ភាគរយ​។

ទន្ទឹម​នឹង​នេះ​អត្រា​ប្រើប្រាស់​សម្រាប់​ការិយាល័យ​កម្រិត A មាន​ ៨០ ​ភាគរយ​ កម្រិត B មាន ៨១ ​ភាគរយ និង​កម្រិត C មាន​ ៨៩ ភាគរយ​។

ចំណែក​តម្លៃ​ជួល​កម្រិត A មាន​តម្លៃ​មធ្យម ២៩,៥ ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ កម្រិត B មាន​តម្លៃ ២២,៨ ​ដុល្លារ និង​កម្រិត C មានតម្លៃ ១៣ ដុល្លារ​។ តម្លៃ​នេះ​ជា​រួមមាន​ការកើនឡើង​ត្រឹមតែ ១ ​ភាគរយ​ប៉ុណ្ណោះ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​​ ២០១៨​។

កញ្ញា គឹម គិនកេសា ប្រធាន​គ្រប់គ្រង​ផ្នែក​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ទោះបី​មាន​អគារ​ការិយាល័យ​ថ្មីៗ​បាន​បញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​ក្នុង​រយៈពេល​ ៩ ​ខែ​ ដើម​ឆ្នាំ​ ២០១៩ នេះ​ក្តី ប៉ុន្តែ​ស្ថានភាព​តម្លៃ និង​អត្រា​ប្រើប្រាស់​មិនសូវ​មាន​ការប្រែប្រួល​ច្រើន​ទេ​។

ទាក់ទង​នឹង​ទីផ្សារ​នៅក្នុង​ត្រីមាស​ទី​ ៤ នេះ កញ្ញា គិនកេសា បាន​និយាយ​ថា​៖ «​ខ្ញុំ​រំពឹង​ថា​ស្ថានភាព​ទីផ្សារ​ការិយាល័យ​ជួល​នឹង​មាន​ភាព​វិជ្ជមាន​ជា​បន្តទៀត​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ ២០១៩ ​នេះ​។

លោក ប៊ុន ឃាម ប្រធាន​គ្រប់គ្រង​ទូទៅ​អគារ​ការិយាល័យ City Tower ដែលមាន​ផ្ទៃក្រឡា ៧ ០០០ ម៉ែត្រការ៉េ​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង​បាន​និយាយ​ថា សម្រាប់ City Tower អត្រា​ប្រើប្រាស់​បាន​កើន​ពី​ ៨៥ ​ភាគរយ​ ក្នុង​ត្រីមាស​ទី​ ២ ដល់​ ៩៥ ​ភាគរយ ​ក្នុង​ត្រីមាស​ទី​ ៣ កន្លងមក​។ លោក​បន្ត​ថា ទោះយ៉ាងណា​តម្លៃ​មិន​បាន​កើនឡើង​ទេ ដោយ​តម្លៃ​ជួល​ស្ថិត​នៅ​ចន្លោះ​ពី​ ១៥ ​ទៅ​ ១៨ ​ដុល្លារ​ក្នុង ​១ ​ម៉ែត្រការ៉េ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ទីផ្សារ​អគារ​ការិយាល័យ​ក្នុង​រាជធានី​ភ្នំពេញ​នៅតែ​មាន​ភាពល្អប្រសើរ​ដោយ​អត្រា​ប្រើប្រាស់​កើនឡើង​ស្ទើ​គ្រប់​ទីតាំង​»​។

យោងតាម​ការសិក្សា​ខាងលើ​ក៏​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ នេះ​អាច​នឹង​មាន​អគារ​ការិយាល័យ​កម្រិត B ចំនួន ៤ បើក​ដំណើរការ​ដែល​មាន​ផ្ទៃក្រឡា​សរុប ៣៦ ០០០ ​ម៉ែត្រការ៉េ ​រួមមាន​អគារ The Point, Fortune Tower, Chip Mong Bac Touk Square និង​អគារ The Commune​។

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ក្នុង​រយៈពេល ១០ ​ខែ​ ឆ្នាំ​ ២០១៩ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ ៧,៥៨៤ ​ពាន់​លាន​ដុល្លារ ​កើនឡើង ៥១,៩៧ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ ដែល​មាន​តម្លៃ ៤,៩៩ ពាន់​លាន​ដុល្លារ​៕LA