ក្រុង​បាងកកៈ កំណើន​​តម្លៃ​ដី​នៅ​ទីក្រុង​បាងកក ​​​បាន​ថមថយ​​មក​វិញ​នៅ​ត្រីមាស​ទី​២ ឆ្នាំ​នេះ បន្ទាប់​ពី​បាន​កើន​ឡើង​រយៈពេល ៩ ត្រីមាស​ជាប់​គ្នា ខណៈ​ដែល​ការ​ទិញ​ដី​នៅ​តាម​ទីតាំង​នានា​​ក្នុង​ទីក្រុង​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ថមថយ។ នេះ​បើ​យោង​តាម​កាសែត​​​​បាងកក​ប៉ុស្តិ៍។

លោក Surachet Kongcheep នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ Phoenix Property Development and Consultancy Co បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​ថា ការ​ទិញ​ដី​របស់​ក្រុមហ៊ុន​​អភិវឌ្ឍន៍​បាន​ផ្លាស់ប្តូរ​ទៅ​កាន់​ទីតាំង​នៅ​ក្រៅ​ទីក្រុង​វិញ ជា​ទី​ដែល​តម្លៃ​ដី​មាន​កម្រិត​ទាប​ជាង​ទីក្រុង។

លោក​ថ្លែង​ថា៖ «ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ខុនដូ​នៅ​តាម​ទីតាំង​ ​ដែល​តម្លៃ​ដី​មិន​​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​យូនីត​ដែល​មាន​តម្លៃ​សមរម្យ»។

លោក Surachet បាន​បន្ថែម​ថា តម្រូវការ​ខុនដូ​​​តម្លៃ​សមរម្យ មាន​ច្រើន​ជាង​ខុនដូ​តម្លៃ​ខ្ពស់។ ក្រុមហ៊ុន​អភិវឌ្ឍន៍​យល់​ឃើញ​ថា ការ​លក់​ខុនដូ​ដែល​មាន​តម្លៃចាប់​ពី​តម្លៃ​​សមរម្យ​​ដល់​តម្លៃ​មធ្យម មាន​ភាព​ងាយ​ស្រួល​​ជាង។

លោក​​​ឲ្យ​ដឹង​ទៀត​ថា ខុនដូ​តម្លៃ​សមរម្យ​នៅ​តំបន់​ក្រៅ​ទីក្រុង មាន​តម្លៃ​​មិន​ខ្ពស់​ជាង ៣,៥ លាន​បាត (ជាង​ ១១ ម៉ឺន​ដុល្លារ) នោះ​ទេ​ក្នុង ​១ ​យូនីត ឬ​ទាប​ជាង ១ សែន​បាត (៣ ២៣៧ ដុល្លារ) ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ។ នៅ​តាម​ទីតាំង​ក្នុង​ទីក្រុង ការ​ផ្គត់ផ្គង់​ខុនដូ​ថ្មី នឹង​មាន​តម្លៃ​ខ្ពស់​ជាង ១៨០ ០០០ បាត (៥ ៨២៨ ​ដុល្លារ) ក្នុង​​មួយ​ម៉ែត្រ​ការ៉េត ឬ​ខ្ពស់​ជាង ៦ លាន​បាត​ (ជាង ១៩ ម៉ឺន​ដុល្លារ) ក្នុង ​១ ​យូនីត។

យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ មជ្ឈមណ្ឌល​ព័ត៌មាន​អចលនទ្រព្យ (REIC) បាន​រាយការណ៍​ថា សន្ទស្សន៍​តម្លៃ​ដី​ទំនេរ​នៅ​ក្រុង​បាងកក​ទូលំទូលាយ (Greater Bangkok) នៅ​ត្រីមាស​ទី២ ឆ្នាំ ២០១៩ បាន​កើន​ឡើង ៨,៨​ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​​ជា​កំណើន​ទាប​បំផុត​គិត​ចាប់​ពី​ត្រីមាស​ទី ៤ ឆ្នាំ ២០១៦ មក។

ទីតាំង​ដែល​ឡើង​ថ្លៃ​លឿន​ខ្លាំង​​ចំនួន ២ នៅ​តែ​ជា​ខេត្ត​ណាក់ខន​បាក់ធំ និង​សមុត​សាខន ដោយ​មាន​កំណើន​ ៦២,៦ ភាគរយ និង ៤៧,៣ ភាគរយ ​រៀង​គ្នា​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដែល​​​ជាប់​ចំណាត់​ថ្នាក់​ដូច​ទៅ​នឹង​​​ប្រចាំ​ត្រីមាស​​ទី​១ ឆ្នាំ​នេះ នៅ​ពេល​ដែល​មាន​កំណើន ៦៧,៤ ភាគរយ និង ៥២,១ ភាគរយ​រៀង​គ្នា។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដក​ស្រង់​សម្តី​របស់​​លោក Vichai Viratkapan អគ្គនាយក​ស្តីទី​របស់ REIC ខណៈ​​​ថ្លែង​​ថា កំណើន​តម្លៃ​ដី​នៅ​ខេត្ត​ណាក់​ខនបាក់ធំ ភាគ​ច្រើន​កើត​មាន​នៅ​ស្រុក​សំប្រាន ស្រុក​ភុតាមុនធុន និង​ស្រុកមួង ជា​​ទី​ដែល​​ខ្សែ​រថភ្លើង Blue Line គ្រោង​ពង្រីក​ទៅ​ដល់​​ទីនោះ។

ក្នុង​ខេត្ត​សមុត​សាខន កំណើន​​តម្លៃ​ដី​ភាគ​ច្រើន​កើត​មាន​នៅ​ស្រុកមួង និង​ស្រុក​ក្រាក់​ធំ​បាន ជា​ទី​ដែល​មាន​គម្រោង​​​សាងសង់​ផ្លូវ​ម៉ូណូវ៉េ​ពី​ទីក្រុង​បាងកក​ទៅ​កាន់​ខេត្ត​ពេជបុរី។

ស្រុក​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៣ ទាក់ទង​នឹង​កំណើន​​​ខ្ពស់​បំផុត​នៃ​សន្ទស្សន៍​តម្លៃ​ដី​ ​នៅ​ត្រីមាស​ទី២ ឆ្នាំ​​នេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​ គឺ​ស្រុក​បាយក្រួយ ស្រុក​បាយយ៉ៃ ស្រុក​បាងបួថង និង​ស្រុក​សាយណយ​​ក្នុង​ខេត្ត​នុនថាបុរី ដែល​ស្រុក​នីមួយៗ​មាន​កំណើន ៤៥,៨ ភាគរយ។

បន្ទាប់​មក​គឺ​ស្រុក​បាងខេន ស្រុក​សាយម៉ៃ ស្រុក​ដនមឿង និង​ស្រុក​ឡាកស៊ី ជាទី​ដែល​សន្ទស្សន៍​តម្លៃ​ដី​បាន​កើនឡើង ៤០,៥ ភាគរយ។

តំបន់​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី៥ ខាង​ផ្នែក​កំណើន​សន្ទស្សន៍​តម្លៃ​ដី​នេះ​ គឺ​ស្រុក​មួង ស្រុក​ប្រាប្រដែង និង​ស្រុង​ប្រាសមុត​ចេតី​ក្នុង​ខេត្ត​សមុត​ប្រាកាន ដោយ​មាន​កំណើន ២៩,៣ ភាគរយ។

លោក Vichai ថ្លែង​ថា៖ «កត្តា​​សំខាន់​សម្រាប់​កំណើន​តម្លៃ​ដី​ក្នុង​ខេត្ត​សមុត​ប្រាកាន​គឺ ការ​បើក​​ដំណើរការ​ពង្រីក​ខ្សែ​រថភ្លើង Green Line ពី​បៀរីង​ទៅ​កាន់​ខេត្ត​សមុត​ប្រាកាន​​ នៅ​ចុង​ឆ្នាំ​មុន»។

លោក​បាន​បន្ថែម​​ថា ទីតាំង​ធំៗ​ចំនួន ៥ ដែល​មាន​កំណើន​តម្លៃ​ដី​ខ្ពស់​នៅ​ក្នុង​សន្ទស្សន៍​តម្លៃ​ដី​កាល​ពី​ត្រីមាស​មុន បង្ហាញ​ឲ្យ​ឃើញ​ថា ការ​អភិវឌ្ឍ​លំនៅឋាន​ថ្មី​រីក​រាលដាល​ទៅ​កាន់​ទីតាំង​ក្រៅ​ទីក្រុង ជា​ទី​ដែល​​តម្លៃ​ដី​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ៕ KC