ក្រុងប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ចុង​សប្តាហ៍​មុន​ថា កំណើន​តម្លៃ​លំនៅឋាន​នៅ​តាម​ទីក្រុង​ធំៗ​ចំនួន​ ៧០ របស់​ប្រទេស ​ចិន​ មាន​ការថមថយ​នៅ​ខែ​តុលា​ធៀប​នឹង​ខែកញ្ញា​នៅក្នុង​ទីក្រុង​ភាគច្រើន​។

ការិយាល័យ​ជាតិ​ស្ថិតិ​ចិន​បាន​ឲ្យ​ដឹងថា តម្លៃ​លំនៅឋាន​ថ្មី​នៅ​ទីក្រុង​ថ្នាក់​លេខ​ ១ ចំនួន​ ៤ ដូច​ជា​ទីក្រុង​ប៉េកាំង ទីក្រុង​ស៊ាងហៃ ទីក្រុង​ជិនហ្សិន និង​ទីក្រុង​ក្វាងចូវ​បាន​កើនឡើង​ ០,១ ​ភាគរយ​ ដែល​ទាប​ជាង​ខែ​កញ្ញា​ចំនួន ០,៣ ​ពិន្ទុ​ភាគរយ​។

នៅក្នុង​ទីក្រុង​ថ្នាក់​លេខ​ ២ ចំនួន ៣១ តម្លៃ​លំនៅឋាន​ថ្មី​បាន​កើនឡើង ០,៥ ភាគរយ​ កាលពី​ខែ​តុលា​ធៀប​នឹង​ខែ​កញ្ញា​ទាប​ជាង​ខែកញ្ញា ០,១ ពិន្ទុ​ភាគរយ​។

តម្លៃ​លំនៅឋាន​ថ្មី​កាលពី​ខែ​តុលា​បាន​កើនឡើង ០,៦ ​ភាគរយ​ នៅក្នុង​ទីក្រុង​ថ្នាក់​លេខ​ ៣ ចំនួន ៣៥ ​ទីក្រុង​ធៀប​នឹង​ខែកញ្ញា​ដែល​កំណើន​នេះ​ទាប​ជាង​កំណើន​នៅ​ខែ​កញ្ញា​ ០,២ ពិន្ទុ​ភាគរយ​។

តម្លៃ​លំនៅឋាន​លក់​បន្ត​នៅ​ទីក្រុង​ថ្នាក់​លេខ​ ១ បាន​កើនឡើង ០,១ ភាគរយ​ កាលពី​ខែ​តុលា​ធៀប​នឹង​ខែ​កញ្ញា​ហើយ​អត្រាកំណើន​នេះ​មាន​កម្រិត​ទាប​ជាង​ខែកញ្ញា​ចំនួន ០,២ ពិន្ទុ​ភាគរយ​។

តម្លៃ​លំនៅឋាន​លក់​បន្ត​នៅ​ទីក្រុង​ថ្នាក់​ទី ​២ បាន​រាយការណ៍​ការកើនឡើង ០,១ ​ភាគរយ​ ធ្លាក់ចុះ ០,១ ពិន្ទុ​ភាគរយ​ធៀប​នឹង​ខែកញ្ញា​។ តម្លៃ​លំនៅឋាន​លក់​បន្តបាន​កើនឡើង​ ០,៥ ភាគរយ ​នៅ​ទីក្រុង​ថ្នាក់​លេខ ៣ ទាប​ជាង​កាលពី​ខែកញ្ញា ០,២ ​ពិន្ទុ​ភាគរយ​។

លោក Kong Peng អ្នក​ស្ថិតិ​នៅ​ការិយាល័យ NBS បាន​ឲ្យ​ដឹងថា ទីផ្សារ​អចលនទ្រព្យ​បាន​បន្ត​និន្នាការ​ថេរ​របស់​ខ្លួន​កាលពី​ខែ​តុលា​ជាមួយ​នឹង​កំណើន​តម្លៃ​យឺត​ជាង​មុន ដោយសារ​តែ​រដ្ឋាភិបាល​កណ្ដាល​បានបញ្ជាក់​ជាថ្មី​ម្ដង​ទៀតថា «​លំនៅឋាន​គឺ​សម្រាប់​ការរស់នៅ មិនមែន​សម្រាប់​ការកេង​ចំណេញ​នោះទេ​» ដែល​អំពាវនាវ​ឲ្យ​មាន​ការអនុវត្ត​វិធីសាស្ដ្រ​ផ្សេងៗ​ចំពោះ​បទប្បញ្ញត្តិ​ទីផ្សារ​អចលនទ្រព្យ​។

ទិន្នន័យ​បាន​ពី​ក្រុមហ៊ុន​អចលនទ្រព្យ Centaline Property បាន​បង្ហាញ​ថា ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​មាន​បទប្បញ្ញត្តិ​កាន់តែ​ច្រើន​នៅក្នុង​រយៈពេល ១០ ​ខែ​ដំបូង​នៅក្នុង​ឆ្នាំនេះ​។

ចំនួន​សរុប​នៃ​វិធានការ​បទប្បញ្ញត្តិ​លំនៅឋាន​ចំនួន​ ៤៨២ ត្រូវបាន​ដាក់ចេញ​ក្នុង​អំឡុង​ពេល​ពី​ខែ​មករា​ដល់​ខែ​តុលា​កើនឡើង ២០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕ People''s Daily/LA