ក្រុងហាណូយៈ ឧស្សាហកម្ម​ទេសចរណ៍​ដែល​កំពុង​កើនឡើង និង​សេដ្ឋកិច្ច​កំពុង​ត្រចះត្រចង់​របស់​ប្រទេស​វៀតណាម​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្នុង​ទីផ្សារ​សណ្ឋាគារ និង​រមណីយដ្ឋាន​របស់​ប្រទេស​នេះ​ពី​វិនិយោគិន​នៅ​ទូទាំង​តំបន់ ដែល​ធ្វើឲ្យ​វៀតណាម​ក្លាយ​ជា​ទីផ្សារ​មួយ​ក្នុង​ចំណោម​ទីផ្សារ​ដែល​គេ​និយាយ​ខ្លាំង​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

យោងតាម​ក្រុមហ៊ុន Jones Lang Lasalle Property (JLL) ការ​រស់​ឡើងវិញ​របស់​ឧស្សាហកម្ម​នេះ​បាន​ជំរុញ​ឲ្យ​មាន​តម្រូវការ​សណ្ឋាគារ​របស់​សាជីវកម្ម​នៅ​ទូទាំង​ប្រទេស ខណៈ​ការលើកលែង​ទិដ្ឋាការ​ការភ្ជាប់​ជើងហោះហើរ​ត្រង់​ថ្មី និង​ការធ្វើ​ទីផ្សារ​ដែល​មាន​ភាពប្រសើរ​ឡើង​បាន​ជំរុញ​ភាពទាក់ទង​របស់​ប្រទេស​នេះ​ចំពោះ​អ្នកធ្វើ​ដំណើរ​កម្សាន្ត​។

ដូច​ប្រទេស​ជាច្រើន​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែរ តម្រូវការ​ធ្វើ​ដំណើរ​កម្សាន្ត​ត្រូវ​បាន​ជំរុញ​ដោយ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ដីគោក​ដែល​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​កាលពី​ឆ្នាំមុន​ទាក់ទង​នឹង​កំណើន​នៃ​ការមកដល់​។

កាលពី​ឆ្នាំ​មុន​វៀតណាម​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១៥,៥ ​លាន​នាក់ កើនឡើង ១៩,៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ​។ នេះ​បើ​យោងតាម​រដ្ឋបាលជាតិ​ទេសចរណ៍​វៀតណាម (VNAT)​។

ចំនួន​អ្នកទស្សនា​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​វៀតណាម​គិត​ត្រឹម​ខែ​តុលា​បាន​កើនឡើង​ដល់ ១៤,៥ ​លាន​នាក់​កើនឡើង ១៣ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

ក្នុងនាម​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ទេសចរណ៍​ធំ​បំផុត​ទាំង ៣ ទីក្រុង​ហូជីមិញ ទីក្រុង​ហាណូយ និង​ទីក្រុង​ដាណាង​មើលឃើញ​កំណើន​ភ្ញៀវទេសចរ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ ហើយ​ទីក្រុង​ទាំង​ ៣ នេះ​ក៏បាន​រាយការណ៍​ពី​ការសាងសង់​បន្ទប់​សណ្ឋាគារ​បន្ថែម​ផងដែរ ដើម្បី​បំពេញ​តម្រូវការ​។

គិត​ត្រឹម​ខែ​កញ្ញា​ការមក​ដល់​របស់​ភ្ញៀវទេសចរ​នៅ​ទីក្រុង​ហូជីមិញ​បាន​កើនឡើង ១៤,៣ ភាគរយ​ធៀប​នឹង​ពេល​ដូចគ្នា​នៅ​ឆ្នាំមុន​។ នៅ​ឆ្នាំនេះ​ទីក្រុង​នេះ​បាន​កត់ត្រា​បន្ទប់​សណ្ឋាគារ​ថ្មី​ចំនួន ១ ១១៤ ​បន្ទប់​ដែល​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​សរុប​កើន​ដល់ ២០ ២០០ ​បន្ទប់​។ នៅ​ដំណាច់ឆ្នាំ​ ២០២១ ការផ្គត់ផ្គង់​បន្ទប់​សណ្ឋាគារ​របស់​ទីក្រុង​នេះ​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ដល់ ២២ ០០០ ​បន្ទប់ ដែល ៥៥,៤ ​ភាគរយ​នៃ​ចំនួន​នេះ​នឹង​ជា​បន្ទប់​ទំនើប​។

កំណើន​នៃ​ការមក​ដល់​របស់​ភ្ញៀវទេសចរ​ក្នុង​ទីក្រុង​ហាណូយ​មាន​ចំនួន ៩,៥ ភាគរយ​គិត​ត្រឹម​ខែកញ្ញា​ឆ្នាំនេះ​។ នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​នេះ​បន្ទប់​ចំនួន ១ ០០៨ នឹង​ត្រូវ​បាន​បន្ថែម​ទៅក្នុង​វិស័យ​សណ្ឋាគារ​របស់​រដ្ឋធានី​នេះ​ដែល​ធ្វើការ​ផ្គត់ផ្គង់​សរុប​កើន​ដល់ ១៨ ៦៩៩ បន្ទប់ ដែល​ប្រហែល ៩៧ ភាគរយ​នៃ​ការផ្គត់ផ្គង់​ថ្មី​នេះ​គឺជា​បន្ទប់​មធ្យម និង​បន្ទប់​ទំនើប​។

នៅ​ដំណាច់ឆ្នាំ​ ២០២១ រដ្ឋធានី​ហាណូយ​នឹង​មាន​ចំនួន​ជាង ២០ ៤០០ ​បន្ទប់​ដែល​ប្រហែល ៥៩,៨ ​ភាគរយ​គឺជា​បន្ទប់​ទំនើប​។

ជាមួយ​កំណើន​ភ្ញៀវទេសចរ ២៦,១ ​ភាគរយ​គិត​ត្រឹម​ខែ​កក្កដា​ឆ្នាំ​នេះ ក្នុង​អំឡុង​ឆ្នាំ​ ២០១៩-២០២១ ទីក្រុង​ដាណាង​រំពឹងថា​នឹង​បន្ថែម​បន្ទប់​ថ្មី ៩ ៤៧៩ ទៀត​ទៅក្នុង​ការផ្គត់ផ្គង់​បច្ចុប្បន្ន​ដែល​ក្នុងនោះ ៨១,១ ភាគរយ​ព្យាករ​ថា​នឹង​ជា​បន្ទប់​ទំនើប និង​បន្ទប់​មធ្យម​។

ការវិនិយោគ​លើ​សណ្ឋាគារ​កាន់តែ​មាន​ច្រើន វិនិយោគិន​កាន់តែ​ស្គាល់​រសជាតិ​ផ្សេងៗ​។

ដោយសារ​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច ទីផ្សារ​ប្រតិបត្តិការ​ទិញ​លក់​សណ្ឋាគារ​ក្នុងប្រទេស​វៀតណាម​មាន​ភាព​មមាញឹក​នៅ​ឆ្នាំនេះ​។

យោងតាម​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​ក្នុង​ប្រទេស​វៀតណាម វិនិយោគិន​បរទេស​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​ដែល​មាន​ប្រាក់ចំណេញ​ខ្ពស់​ក្នុង​ការប្រតិបត្តិការ​ទ្រព្យសកម្ម​សណ្ឋាគារ​ដែល​មាន​លំហូរ​សាច់ប្រាក់​រួចស្រេច ខណៈ​វិនិយោគិន​ក្នុង​ស្រុក​ភាគច្រើន​ចង់​អភិវឌ្ឍ​សណ្ឋាគារ និង​រមណីយដ្ឋាន​ពី​ដី​ធំ​ទំនេរ​ធំៗ​។

ប្រតិបត្តិការ​ដែល​កំពុង​ធ្វើឡើង​មួយ​ចំនួន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំនេះ រួមមាន​ការលក់​រមណីយដ្ឋាន Ho Tram Grand Strip ទៅ​ឲ្យ​ក្រុមហ៊ុន Warburg Pincus ខណៈ​ក្រុមហ៊ុន Berjaya Group បាន​ផ្ទេរ​ភាគហ៊ុន ៧៥ ភាគរយ​នៃ​ភាគហ៊ុន​របស់​រមណីយដ្ឋាន TPC Nghi Tam Village ទៅ​ឲ្យ​ក្រុមហ៊ុន Hanoi Hotel Tourism Development​។

រមណីយដ្ឋាន TPC Nghi Tam Village កាន់កាប់​ដោយ​សណ្ឋាគារ Intercontinental Hotel ក្នុង​ទីក្រុង​ហាណូយ​ដែល​មាន​តម្លៃ​ជាង ៥៣,៤ លាន​ដុល្លារ​។

កាលពី​ថ្ងៃទី​ ៧ ខែ​វិច្ឆិកា សណ្ឋាគារ InterContinental Hotels Group (IHG) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Ho Tram Project Company Limited (HTP) ដើម្បី​ប្តូរ​ម៉ាក​យីហោ​សណ្ឋាគារ The Grand Ho Tram នៅ​រមណីយដ្ឋាន​សមាហរណកម្ម Ho Tram Strip ទៅជា​សណ្ឋាគារ InterContinental Grand Ho Tram ក្នុង​រយៈពេល ១ ​ឆ្នាំ​។

អ្នកស្រី Serena Lim អនុប្រធាន​របស់​សណ្ឋាគារ IHG ទទួល​បន្ទុក​ការអភិវឌ្ឍ​នៅ​អាស៊ីអាគ្នេយ៍ និង​កូរ៉េ​ថ្លែង​ថា​៖ «​ខណៈ​ការធ្វើ​ដំណើរ​អន្តរជាតិ និង​ក្នុងស្រុក​បន្ត​កើនឡើង ការពង្រីក​អចលនទ្រព្យ និង​សណ្ឋាគារ និង​រមណីយដ្ឋាន​ជួយ​ឲ្យ​យើង​ស្ថិតក្នុង​ទីតាំង​ដ៏អស្ចារ្យ​ក្នុង​ការផ្តល់​បទពិសោធ​ផ្សេងៗ​សម្រាប់​ភ្ញៀវ​ចម្រុះ​»​។

ក្រុមហ៊ុន JLL ក៏បានផ្តល់​ប្រឹក្សា​ដល់​ប្រតិបត្តិការ​ទិញ​លក់​សណ្ឋាគារ​ផ្កាយ​ ៥ មួយ​ផងដែរ​ក្នុង​ទីក្រុង​ញ៉ាចាង ខេត្ត​ខាញ់​ហៅ​នៅក្នុងពេល​ថ្មីៗ​នេះ​៕ ANN/KC