ក្រុង​ដា​ណាងៈ កំ​ណើន​​វិ​ស័យ​ទេស​ចរណ៍​យ៉ាង​លឿន​ និង​ជាប់​ជា​និច្ច​បាន​ក្លាយ​ជា​ភាព​ទាក់​ទាញ​​មួយ​សម្រាប់​​គម្រោង​​អ​ច​ល​ន​ទ្រព្យ​​វិ​ស័យ​ទេស​ចរណ៍​​នៅ​ទី​ក្រុង​ដា​ណាង​​​​​ភាគ​កណ្តាល​ប្រ​ទេស​ វៀតណាម ​ក្នុង​រយៈ​ពេល ១ ​ទស​វត្សរ៍​​ចុង​ក្រោយ​​​នេះ​។ ​

​គម្រោង​​សណ្ឋា​គារ​​ និង​រម​ណីយ​​ដ្ឋាន​ដែល​កំ​ពុង​រីក​ចម្រើន​​​​បច្ចុ​ប្បន្ន ​​ផ្តល់​​បន្ទប់​​​ចំ​នួន ២៨​ ០០០​ បន្ទប់​​កើន​ឡើង ១០ ដង​​​ធៀប​នឹង​​ឆ្នាំ​ ២០០៧​ ​សម្រាប់​ភ្ញៀវ​​ទេស​ចរ​​ ១៥ ​លាន​នាក់​​ដែល​​​រំ​ពឹង​ថា​ នឹង​ទៅ​ទស្ស​នា​​ទី​ក្រុង​នេះ​ក្នុង​ឆ្នាំ​ ២០៣០​។

​ប្រ​ធាន​សមា​គម​​ទេស​ចរណ៍​ក្រុង​ដា​ណាង​​លោក​ Huynh Tan Vinh ​បាន​ថ្លែង​ថា ​វិ​ស័យ​ទេស​ចរណ៍​ក៏​​បាន​បង្កើត​ការ​ងារ​ចំ​នួន ១៤ ម៉ឺន​កន្លែង​ផង​ដែរ​​សម្រាប់​​​ពលរ​ដ្ឋ​ក្នុង​តំ​បន់ ​និង​តំ​បន់​ជិត​ខាង​​​ស្មើ​នឹង ​២៥​ ភាគ​រយ​នៃ​កម្លាំង​ការ​ងារ​​​របស់​ក្រុង​នេះ​។

លោក Vinh បាន​ថ្លែង​ថា ​ទេស​ភាព​ស្អាត​យ៉ាង​វិ​សេស​នៃ​​ឆ្នេរ​សមុទ្រ​ ​ទន្លេ ​និង​ភ្នំ​​ ​ព្រម​ទាំង​ទេស​ភាព​នៃ​​តំបន់​ភ្នំ Son Tra និង Ba Na-Nui Chua បាន​ទាក់​ទាញ​​ភ្ញៀវ​ទេស​ចរ​ ៦,៧​ លាន​​នាក់​ទៅ​លេង​ទី​ក្រុង​​នេះ​ក្នុង​ឆ្នាំ​ ២០១៧​ ​ហើយ ​​​ ២,៣​ លាន​​ក្នុង​ចំ​ណោម​នោះ​ជា​ជន​​បរ​ទេស។ ​​ក្នុង​រយៈ​ពេល​​ឆ​មាស​ទី​ ១ ​​នៃ​ឆ្នាំ​​ ២០១៨​ ​​​​ភ្ញៀវ​ទេស​ចរ​ចំ​នួន​ ៣,៣ ​លាន​នាក់​ ​ រួម​ទាំង​​ភ្ញៀវ​ទេស​ចរ​បរ​ទេស​​​ចំ​នួន​ ១,៦​ លាន​នាក់​ ​បាន​សម្រុក​ទៅ​លេង​ទី​ក្រុង​នេះ។

លោក​​បាន​បន្ត​ថា ​ភាព​រីក​ចម្រើន​​​នៃ​វិ​ស័យ​ទេស​ចរ​​បាន​ទាក់​​​ទាញ​​​ការ​វិ​និ​យោគ​ដ៏​ច្រើន​​នៅ​ក្នុង​វិ​ស័យ​​អ​ច​ល​ន​ទ្រព្យ​​ទេស​ចរណ៍​​​​សម្រាប់​ភាព​រីក​ចម្រើន​​នា​ពេល​ខាង​មុខ​ ​ហើយ​​ក្រុម​ហ៊ុន​អភិ​វឌ្ឍ​​ន៍​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ​​​​ធំ​ៗ​ភាគ​ច្រើន​​​បាន​វិ​និ​យោគ​​នៅ​តាម​​​ឆ្នេរ​សមុទ្រ​ដែល​មាន​ប្រ​វែង​ ៩០ គី​ឡូ​ម៉ែត្រ​របស់​ខេត្ត​នេះ។ ​ ​ ​​

ទី​ក្រុង​ឆ្នេរ​សមុទ្រ​នេះ​បាន​ក្លាយ​ជា​ទី​តាំង​វិ​និ​យោគ​​មួយ​សម្រាប់​​​ក្រុម​ហ៊ុន​សណ្ឋា​គារ​យី​ហោ​​ប្រ​ណីត​ៗ​​​ជា​ច្រើន​ដូច​ជា​ ក្រុម​ហ៊ុន Novotel ក្រុម​ហ៊ុន Fusion Suite និង​ក្រុម​ហ៊ុន Sheraton ​និង​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ដូច​ជា​ Vinpearl ក្រុម​ហ៊ុន Sovico ក្រុម​ហ៊ុន Furama ក្រុម​ហ៊ុន Da Phuoc Urban និង​ក្រុម​ហ៊ុន Muong Thanh ​ដែល​បាន​ចាប់​ផ្តើម​ការ​ងារ​លើ​គម្រោង​របស់​ពួក​គេ​​​​​​ក្នុង​ទី​ក្រុង​នេះ​​ចន្លោះ​ពី​ឆ្នាំ​ ២០១៣‑២០១៥។

ភាព​រីក​ចម្រើន​​វិ​ស័យ​​អ​ច​ល​ន​ទ្រព្យ​​ទេស​ចរណ៍​​ជា​ប្រ​វត្តិ​សាស្រ្ត​របស់​ទី​ក្រុង​នេះ​​​ត្រូវ​បាន​ជំ​រុញ​ដោយ​កិច្ច​ប្រ​ជុំ​ APEC នា​ពេល​ថ្មី​ៗ​នេះ។

គម្រោង​​សំ​ខា​ន់ ២​ រួម​មាន គម្រោង​កន្លែង​កម្សាន្ត​​ទេស​ចរណ៍​ CocoBay Da Nang ដែល​​អភិ​វឌ្ឍ​ដោយ​​​ក្រុម​ហ៊ុន Empire Group ​និង​​គម្រោង​​អ​គារ​​អា​ផាត​មិន​ទំ​នើប​ និង​សណ្ឋា​គារ​ផ្កាយ​ ៥​ Soleil Da Nang នៅ​លើ​ឆ្នេរ My Khe Beach ​មាន​ទឹក​ប្រាក់​វិ​និ​យោគ​សរុប​ចំ​នួន​​ ១,០៦​ ពាន់​លាន​ដុល្លារ​​អា​មេ​រិក។

គម្រោង​ Soleil Da Nang គឺ​ជា​គម្រោង​សណ្ឋា​គារ​ និង​​អា​ផាត​មិន​​ធំ​បំ​ផុត​​ក្នុង​ទី​ក្រុង​នេះ​​​ដែល​មាន​​សណ្ឋា​គារ​​ផ្កាយ​ ៥ ​កម្ពស់ ៥៨​ ជាន់​ និង​​អគារ​អា​ផាត​មិន​​ ៤៧ ​ជាន់​ចំ​នួន​ ៣ ​​ហើយ​នឹង​ចាប់​ផ្តើម​​​សាង​សង់​ផ្ទះ​ល្វែង​​ប្រ​ណីត​​ចំ​នួន​ ១​ ពាន់​ខ្នង​​ក្នុង​ឆ្នាំ ​២០២០។ ​​

បើ​យោង​តាម​ទី​ភ្នាក់​ងារ​ជំ​រុញ​ការ​វិ​និ​យោគ​​​របស់​ទី​ក្រុង​នេះ​បាន​ឲ្យ​ដឹង​ថា​ ​ទី​ក្រុង​នេះ​​ត្រូវ​បាន​​កំ​ណត់​ថា​ជា​ទិស​ដៅ​​មួយ​សម្រាប់​ការ​វិ​និ​យោគ​បរ​ទេស​​ក្នុង​ប្រ​ទេស​វៀត​ណាម ​និង​​ស្ថិត​នៅ​ក្នុង​ក្រុម​​កំ​ពូល​ចំ​នួន​ ៥​ នៅ​ក្នុង​សន្ទ​ស្សន៍​​ប្រ​កួត​ប្រ​ជែង​​​ប្រ​ចាំ​ខេត្ត​ (PCI) ​រយៈ​ពេល​​ ៦​ ឆ្នាំ​ចុង​ក្រោយ​នេះ។

យោង​តាម​របាយ​ការណ៍​​មួយ​ទី​ផ្សារ​អ​ច​ល​ន​ទ្រព្យ​​​​របស់​ទី​ក្រុង​​ដា​ណាង​​​​ក្នុង​ឆ​មាស​ទី​ ១ ​ឆ្នាំ​ ២០១៨​ ​​បន្ទប់​សណ្ឋា​គារ​ពី​ផ្កាយ​ ៣ ​ដល់​ផ្កាយ ​៥​​ យ៉ាង​ហោច​ណាស់​​ ១ ៤០០ ​​បន្ទប់​ ​នឹង​​​ផ្សព្វ​ផ្សាយ​នៅ​អន​ឡាញ​​ចាប់​ពី​​ឆ​មាស​ទី​ ២ នៃ​ឆ្នាំ​ ២០១៨​ ខណៈ​គម្រោង​អា​ផាត​មិន​​ថ្មី​ចំ​នួន ​​៣ នឹង​​ផ្តល់​​បន្ទប់​ចំ​នួន​ ៨៣០ ​​ទៅ​ដល់​ទី​ផ្សារ​នេះ​​នា​ពេល​បន្ទាប់​ក្នុង​​ឆ្នាំ​នេះ។

​វិ​ស័យ​អ​ច​ល​ន​ទ្រព្យ​​​​ទេស​ចរណ៍​​នៅ​តែ​​​ជា​ភាព​ទាក់​ទាញ​ការ​​វិ​និ​យោគ​​យ៉ាង​មាន​ប្រ​ជា​ប្រិយ​ភាព​​នៅ​ក្នុង​ទី​ក្រុង​ភាគ​កណ្តាល​នេះ​ ​ដោយ​ទាក់​ទាញ​ការ​​​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស ​​(FDI) ចំ​នួន​​ ២៥​ ភាគ​រយ​​​​ដែល​មាន​​​តម្លៃ​​ ១,៨ ​ពាន់​​​លាន​ដុល្លារ​​ គឺ ​៥៤ ​ភាគ​រយ​នៃ​​ទុន​សរុប​​នៃ​ការ​​​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស ​​(FDI) ក្នុង​ទី​ក្រុង​នេះ​។

​​រហូត​មក​ដល់​បច្ចុ​ប្បន្ន​នេះ​ ទី​ក្រុង​នេះ​​បាន​ទាក់​ទាញ​​គម្រោង​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស​​ចំ​នួន​​ ៦០៩ គម្រោង​​ដែល​មាន​តម្លៃ ​​៣,១ ​ពាន់​លាន​ដុល្លារ​ ​ហើយ​​ ១៧៤ នៃ​គម្រោង​ទំាង​នោះ​​ ​ដែល​មាន​តម្លៃ​​ ២,១៩ ​ពាន់​លាន​ដុល្លារ​​គឺ​ស្ថិត​នៅ​ក្នុង​វិ​ស័យ​​សេ​វា​​។

​អា​ជីវ​កម្ម​ជាង ​២ ២០០ ​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆមាស​​ទី​ ១ ​​​នៃ​ឆ្នាំ​ ២០១៨​ ​ដែល​មាន​​ទុ​ន​វិ​និ​យោគ​​​ដែល​ចុះ​ប​ញ្ជី​ចំ​នួន ​​៤៩៥ ​​លាន​ដុ​ល្លារ៕ ANN/PS