ភ្នំពេញៈ ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជាបានទាក់ទាញឲ្យមានក្រុមហ៊ុនផ្នែកស្ថាបត្យកម្ម និងរចនាទាំងក្នុងស្រុក និងបរទេសលេចឡើងយ៉ាងច្រើននាពេលបច្ចុប្បន្ន។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រ ឆ្នាំ ២០១៩។
លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា បាននិយាយថា ចំនួនក្រុមហ៊ុន និងអ្នកជំនាញក្នុងវិស័យស្ថាបត្យកម្មនៅកម្ពុជាបានកើនឡើងយ៉ាងច្រើននាពេលបច្ចុប្បន្ន ដែលកំណើននេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា។
លោកលើកឡើងថា គ្រប់ការងារទាំងអស់សូម្បីតែប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ក៏មានទំនាក់ទំនងជាមួយនឹងការងារស្ថាបត្យកម្មដែរ។ លោកថ្លែងថា៖ «វិស័យស្ថាបត្យកម្មនៅកម្ពុជាកំពុងមានដំណើរការល្អជាលំដាប់ តែការរីកចម្រើននេះក៏ត្រូវការរួមចំណែកពីបច្ចេកវិទ្យាផងដែរ»។
ខណៈព្រឹត្តិការណ៍ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ៦-៨ ខែមិថុនាខាងមុខ លោក សុជាតិ ប្រាប់ថា នឹងផ្តល់ឲ្យអ្នកប្រកបមុខជំនួញ អ្នកបម្រើការងារ និងអ្នកសិក្សាទទួលបានចំណេះដឹង និងបទពិសោធល្អៗពីព្រឹត្តិការណ៍នេះ។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍ពិព័រណ៍នឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកចូលរួម ដោយមិនត្រឹមតែស្ថាបត្យករប៉ុណ្ណោះទេ តែក៏សម្រាប់អ្នកមានមុខរបរ ការសិក្សាជំនាញស្ថាបត្យកម្ម និងអ្នកប្រើប្រាស់ទូទៅផងដែរ»។
លោក ថង លិនថោង ប្រធានក្រុមហ៊ុនសិក្សាប្លង់ស្ថាបត្យកម្ម និងសាងសង់ A-SmileArt Architecture & Construction បាននិយាយថា ទីផ្សារស្ថាបត្យកម្មបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប្រហែល ១០ ឆ្នាំចុងក្រោយនេះ។ ប្រជាជនកម្ពុជាយល់កាន់តែច្រើនពីសារៈប្រយោជន៍ប្លង់ដែលរចនាឡើងដោយអ្នកជំនាញ។
លោកបន្តថា ការងារស្ថាបត្យកម្មពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយលើកកម្ពស់មុខមាត់សំណង់របស់ប្រទេស ហើយការរចនាដែលត្រឹមត្រូវល្អ ក៏នឹងជួយធ្វើឲ្យកាត់បន្ថយថវិកាសម្រាប់ចំណាយលើការសាងសង់ផងដែរ។
លោកថ្លែងថា៖ «ពីមុនមកការងារស្ថាបត្យកម្មមិនសូវគេឲ្យតម្លៃទេ រហូតដល់មានអ្នកខ្លះគិតថា ជាការងាររបស់វិស្វករទៀតផង តែនៅពេលនេះមានម្ចាស់សំណង់ជាច្រើនបានមករកស្ថាបត្យករឲ្យជួយ ទោះជាត្រូវចំណាយលុយច្រើនក៏ដោយ។ ទីផ្សារការងារស្ថាបត្យកម្មកំពុងមានដំណើរការល្អ»។
ទោះយ៉ាងណាលោក លិនថោង លើកឡើងថា ភាពរីកចម្រើននាពេលនេះ ក៏បានទាក់ទាញឲ្យក្រុមហ៊ុនបរទេសជាច្រើនចូលមករកស៊ីនៅកម្ពុជាផងដែរ ដែលទាមទារឲ្យស្ថាបត្យករក្នុងស្រុកត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត។
បើតាមលោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ICVeX Co., Ltd បានឲ្យដឹងថា នេះជាលើកទី៤ ហើយដែលក្រុមហ៊ុនរបស់លោករៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា។ លោកប្រាប់ទៀតថា តាមរយៈការរៀបចំ ៣ លើកកន្លងមក ឃើញថា ចំនួនភ្ញៀវចូលរួមកើនជាលំដាប់។
សម្រាប់ឆ្នាំនេះ បើតាមលោក Chinakit Viphavakit នឹងមានក្រុមហ៊ុនជាង ១០០ ចូលរួម ដែលមានមកពីប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបុរី ចិន និងវៀតណាមជាដើម៕