The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កំណើន​វិស័យ​សំណង់​ ត្រូវ​ជំរុញ​សមត្ថភាព​គ្រប់គ្រង​អគ្គិភ័យ

កំណើន​វិស័យ​សំណង់​ ត្រូវ​ជំរុញ​សមត្ថភាព​គ្រប់គ្រង​អគ្គិភ័យ

Content image - Phnom Penh Post
សកម្មភាព​នៃ​ការសាងសង់​អគារ​មួយ​កន្លែង​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ រូបថត អាប់ឌុលរ៉ាហ៊ីម

កំណើន​វិស័យ​សំណង់​ ត្រូវ​ជំរុញ​សមត្ថភាព​គ្រប់គ្រង​អគ្គិភ័យ

ភ្នំពេញៈ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​ការវិនិយោគ​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​អគ្គិភ័យ ខណៈ​ប្រទេស​កម្ពុជា​កំពុង​រីករាយ​នឹង​កំណើន​នៃ​វិស័យ​សំណង់​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។

សំណង់​អគារ​ខ្ពស់ៗ​នៅក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​រីក​ដូច​ផ្សិត ប៉ុន្តែ​សមត្ថភាព​នៃ​ការគ្រប់គ្រង​អគ្គិភ័យ​មិនបាន​ឆ្លើយតប​នឹង​ការរីកចម្រើន​នេះ​នៅឡើយ​ទេ ដែល​នេះ​ត្រូវគេ​មើលឃើញថា​ជា​ហានិភ័យ​មួយ​អាច​នាំ​ឲ្យ​ទៅរក​ការខាតបង់​សេដ្ឋកិច្ច​រាប់រយ​លាន​ដុល្លារ​។

របាយការណ៍​របស់​អគ្គស្នងការ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា ឆ្នាំ​ ២០១៧ មាន​គ្រោះ​អគ្គិភ័យ​ចំនួន ៥១៤ ករណី​នៅ​ទូទាំង​ប្រទេស និង​ឆ្នាំ​ ២០១៨ មាន​ចំនួន ៥៥៣ ករណី​។ នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង ៣១៥ ​ករណី​កើនឡើង​ ១៨,១៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​។

លោក Andrew Wallace អនុប្រធាន​សមាគម​សហគ្រាស​បង្ការ​អគ្គិភ័យ​កម្ពុជា បាន​ផ្តល់​បទសម្ភាស​ដល់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ដើម​ខែតុលា​ថា កំណើន​សេដ្ឋកិច្ច​បាន​ធ្វើឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​ការផ្លាស់ប្តូរ​មុខមាត់​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​បញ្ហា​ក៏​កើតមាន​ច្រើន​ដែរ​ទាក់ទង​នឹង​ការខូចខាត​សេដ្ឋកិច្ច ដោយសារ​គ្រោះ​អគ្គិភ័យ​។

លោក​ថ្លែងថា​៖ «​សម្រាប់​សំណង់​ធំៗ និង​ថ្មីៗ គឺ​មិនសូវ​មាន​បញ្ហា​ទេ ព្រោះ​មាន​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​អគ្គិភ័យ​បាន​ល្អ តែ​សម្រាប់​សំណង់​អគារ​ចាស់ៗ​គឺមាន​បញ្ហា​ច្រើនណាស់ ព្រោះ​សង់​នៅ​ជិតៗ​គ្នា និង​ផ្លូវ​ចេញ​ចូល​សម្រាប់​ការសង្គ្រោះ​មាន​ភាពចង្អៀត​ខ្លាំង​»​។

លោក​បន្តថា ករណី​បែប​នេះ​សម្រាប់​ប្រទេស​ជឿនលឿន​នៅ​តាម​លំនៅឋាន និង​អគារ​នីមួយៗ​សុទ្ធ​តែ​មាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ ខណៈ​សមត្ថភាព​ការគ្រប់គ្រង​របស់​អាជ្ញាធរ​មាន​គ្រប់គ្រាន់​។ លោក​បន្តថា​៖ «​ពេល​មាន​អគ្គិភ័យ​កើតឡើង យើង​ពិបាក​បញ្ឈប់​វា​ណាស់ ដូច្នេះ​បើ​យើង​មាន​បំពាក់​ឧបករណ៍ សម្ភារ បរិក្ខារ​អគ្គិភ័យ​នៅតាម​អគារ​នីមួយៗ វា​នឹង​ជួយ​កាត់បន្ថយ​បាន​នូវ​ការខូចខាត​ទ្រព្យសម្បត្តិ និង​អាយុជីវិត​បាន​យ៉ាងច្រើន​»​។

លោក Andrew Wallace បាន​បន្តថា ខណៈ​អាជ្ញាធរ​ត្រូវ​បង្កើន​សមត្ថភាព​លើ​ការគ្រប់គ្រង​អគ្គិភ័យ ការអប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ការការពារ​ហានិភ័យ​ជា​បឋម​ជា​រឿង​ចាំបាច់​។

លោក​ថ្លែងថា​៖ «​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​មហាផ្ទៃ រហូត​មក​ដល់​ពេលនេះ AFPE បាន​រៀបចំ និង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្តង់ដា​ជាតិ​ស្តីពី​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ​មួយ​សម្រាប់​ធ្វើការ​ណែនាំ​ដល់​អ្នក​សាងសង់ និង​ម្ចាស់​អគារ​ទាំងអស់​ឲ្យ​យកចិត្ត​ទុកដាក់​ចំពោះ​ការបង្ការ​គ្រោះ​អគ្គិភ័យ​»​។

បើតាម​លោក Andrew សមាគម​សហគ្រាស​បង្ការ​អគ្គិភ័យ​កម្ពុជា​បាន​ធ្វើការ​ផ្សព្វផ្សាយ​ស្តង់ដា​ជាតិ​ស្តីពី​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ​នេះ​តាមរយៈ​សិក្ខាសាលា​ដែលមាន​ការចូលរួម​ពី​ក្រុម​វិស្វករ ស្ថាបត្យករ និង​អ្នក​សាងសង់​បាន​ចំនួន ៥ ​លើក​រួចមកហើយ​។ លោក​ថ្លែងថា​៖ «​យើង​បានរៀបចំ​នូវ​ស្តង់ដា​ជាតិ​ស្តីពី​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ​សម្រាប់​បង្ការ​គ្រោះ​អគ្គិភ័យ​តាមរយៈ​សាងសង់​ដោយ​គោរព​តាមច្បាប់ និង​បទដ្ឋាន​នានា​ស្តីពី​ការបំពាក់​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ​តាម​អគារ​នីមួយៗ​»​។

កាលពី​ខែ​កញ្ញា​រោងចក្រ​ផលិត​ពូក​មួយកន្លែង​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយ​អគ្គិភ័យ​ដែល​ត្រូវ​ប៉ាន់ប្រមាណ​ថា ខាតបង់​ជា​ទឹកប្រាក់​រាប់លាន​ដុល្លារ ទោះបី​ជា​មិនមាន​ការវាយតម្លៃ​ផ្លូវការ​ក៏ដោយ​។

របាយការណ៍​ពី​សមាគម​ធានារ៉ាប់រង​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨ បាន​ឲ្យ​ដឹងថា ប្រាក់ចំណូល​សរុប​នៅក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​មាន​ប្រមាណ​ ១៩៦,៤ លាន​ដុល្លារ​កើន​ពី​ចំនួន ១៥១,៦ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៧​។ ប្រាក់ចំណូល​ទាំងនោះ​បាន​មកពី​ការធានារ៉ាប់រង​អាយុជីវិត ធានារ៉ាប់រង​យានយន្ត ធានារ៉ាប់រង​ទ្រព្យសម្បត្តិ អគ្គិភ័យ និង​ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល និង​សុខភាព​។ បុព្វលាភ​ធានារ៉ាប់រង​ក្នុង​ឆ្នាំ​ ២០១៩ នេះ​ត្រូវបាន​ព្យាករ​ថា​នឹង​កើន​ដល់​ប្រមាណ ២៦០ ​លាន​ដុល្លារ​។

ទោះបី​យ៉ាងណា​ភ្នំពេញប៉ុស្តិ៍ មិនអាច​ស្វែងរក​ទិន្នន័យ​ពី​បុព្វលាភ ឬ​សំណង​ទាក់ទង​នឹង​ការធានារ៉ាប់រង​លើ​អគ្គិភ័យ​បាន​ឡើយ​។

លោក Andrew បាន​ប្រាប់ថា កំណើន​នៃ​វិស័យ​សំណង់​ក៏បាន​ជំរុញ​តម្រូវការ​សម្ភារ​ប្រព័ន្ធ​ការពារ​អគ្គិភ័យ​ផងដែរ ដែល​ភាគច្រើន​មាននៅ​ក្នុង​អគារ​ធំៗ​ដែល​សាងសង់​ថ្មី​។

លោក​ថ្លែងថា​៖ «​យើង​ចង់​ជំរុញ​ឲ្យ​ម្ចាស់​លំនៅឋាន​ចាស់ៗ គិតគូរ​ពី​ការប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ​ឲ្យ​បាន​ច្រើន​»៕ LA

អត្ថបទគួរចាប់អារម្មណ៍