ក្រុងប៉េកាំងៈ កំណែទម្រង់​អត្រា​ការប្រាក់​ថ្មី​របស់​ប្រទេស​ចិន​សំដៅ​ជំរុញ​ឲ្យ​ការចំណាយ​លើ​ការផ្តល់​មូលនិធិ​សម្រាប់​អាជីវកម្ម​កាន់តែ​ធ្លាក់ចុះ​ទាប​នឹង​មិន​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ឲ្យ​កើនឡើង​ឡើយ​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​អ្នកវិភាគ​។

ធនាគារ​កណ្តាល​ចិន​កាលពី​ចុងខែ​មុន​បាន​ប្រកាស​ថា ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ៨ ខែតុលា ឆ្នាំនេះ​ទៅ​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​ថ្មី​នឹង​ត្រូវបាន​កំណត់​ដោយ​ផ្អែកលើ​អត្រា​ការប្រាក់​កម្ចី​សំខាន់ (loan prime rate, LPR) (​ផ្តល់ជូន​អតិថិជន​ធំៗ​ដោយ​មាន​ការប្រាក់​អនុគ្រោះ​) នៃ​រយៈពេល​កម្ចី​ដូចគ្នា ខណៈ​ដែល​ពិន្ទុ​មូលដ្ឋាន​មួយ​ចំនួន​នឹង​ត្រូវបាន​បន្ថែម​។

ធនាគារកណ្តាល​ចិន​បាន​ឲ្យ​ដឹងថា អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​សម្រាប់​អ្នកទិញ​លើក​ដំបូង មិន​ទាប​ជាង​អត្រា​ការប្រាក់ LPR ដែល​ពាក់ព័ន្ធ​ឡើយ ខណៈ​ដែល​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​សម្រាប់​អ្នកទិញ​លើក​ទី​ ២ យ៉ាងហោច​ណាស់​នឹង​ខ្ពស់​ជាង ៦០ ​ពិន្ទុ​គោល ឬ​ស្មើនឹង ០,៦ ​ភាគរយ​ធៀប​នឹង​អត្រា LPR​។

ការណ៍​នេះ​បាន​កើតមាន​ឡើង​បន្ទាប់ពី​ធនាគារ​កណ្តាល​បានប្រកាស​ផែនការ​ធ្វើ​កំណែទម្រង់​យន្តការ​អត្រា​ការប្រាក់ LPR ដើម្បី​ឆ្លុះបញ្ចាំង​ភាព​ប្រែប្រួល​ទីផ្សារ​កាន់តែ​ប្រសើរ​។

ស្ថិតក្រោម​យន្តការ​ដែល​ត្រូវបាន​កែលម្អ​នេះ អត្រា​ការប្រាក់កម្ចី LPR ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ២០ រៀងរាល់​ខែ​មាន​មូលដ្ឋាន​លើ​អត្រា​ប្រតិបត្តិការ​ទីផ្សារ​បើកចំហ​របស់​ធនាគារ​កណ្តាល ជាពិសេស​អត្រា​ការប្រាក់​កម្ចី​ទៅ​ឲ្យ​ស្ថាប័ន (lending facility rate) សម្រាប់​រយៈពេល​មធ្យម​។ ធនាគារ​នានា​ត្រូវបាន​តម្រូវ​ឲ្យ​កំណត់​អត្រា​ការប្រាក់​សម្រាប់​កម្ចី​ថ្មី​ដោយ​ប្រើប្រាស់​អត្រា​ការប្រាក់ LPR ថ្មី​ជា​គោល​។

លោក E Yongjian អ្នកវិភាគ​ប្រចាំ​ធនាគារ Bank of Communications បាន​ថ្លែងថា​គោលនយោបាយ​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ការចំណាយ​លើ​ការទទួល​បាន​មូលនិធិ​របស់​ក្រុមហ៊ុន​មាន​កម្រិត​ទាប​ជាង​មុន​ដោយ​មិន​ជំរុញ​កំណើន​ទីផ្សារ​អចលនទ្រព្យ​ដែល​ស្របតាម​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ថា​មិន​ប្រើប្រាស់​ទីផ្សារ​អចលនទ្រព្យ​ធ្វើជា​មធ្យោបាយ​រយៈពេល​ខ្លី​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។

លោក Liu Guoqiang ទេសាភិបាល​ធនាគារកណ្តាល​ចិន​បាន​ថ្លែង​កាលពី​ខែ​មុន​ថា អត្រា​ការប្រាក់​កម្ចី​ពិត​សម្រាប់​កម្ចី​ទិញ​ផ្ទះ​នឹង​មិន​ធ្លាក់ចុះ​ទេ ដោយសារ​គោលដៅ​នៃ​កំណែទម្រង់​អត្រា​ការប្រាក់ LPR គឺ​ដើម្បី​ប្រើប្រាស់​ជា​បណ្តាញ​បញ្ជូន​មូលនិធិ​កាន់តែ​ច្រើន​ទៅ​ឲ្យ​សេដ្ឋកិច្ច​ពិត​។

អត្រា​ការប្រាក់ LPR ថ្មី​ដំបូង​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មុន​មាន​អត្រា ៤,២៥ ភាគរយ​ដែល​ទាប​ជាង ១០ ​ពិន្ទុក​មូលដ្ឋាន ឬ​ស្មើនឹង ០,១ ភាគរយ​ធៀប​នឹង​អត្រា​ការប្រាក់​កម្ចី​គោល​របស់​ធនាគារកណ្តាល ខណៈ​ដែល​អត្រា​ការប្រាក់ LPR រយៈពេល​លើសពី ៥ ​ឆ្នាំ មាន ៤,៨៥ ​ភាគរយ ដែល​ទាប​ជាង​អត្រា​ការប្រាក់​កម្ចី​គោល​របស់​ធនាគារកណ្តាល​ដែល​មាន ៤,៩ ភាគរយ​។

យោងតាម​គោលនយោបាយ​ដែល​ប្រកាស​នៅ​ចុង​ខែ​មុន បន្ទាប់ពី​កែតម្រូវ​អត្រា​ការប្រាក់​នេះ​រួច កម្រិត​ទាប​បំផុត​នៃ​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​សម្រាប់​អ្នកទិញ​ផ្ទះ​ទី​ ២ ​ក្នុង​ប្រទេស​ចិន​នឹង​មាន ៥,៤៥ ភាគរយ​ដោយ​មាន​មូលដ្ឋាន​លើ​អត្រា​ការប្រាក់ LPR ចុងក្រោយ​បំផុត​ដែល​ស្មើ​កម្រិត​បច្ចុប្បន្ន​៕ P.Daily/KC