
ទិដ្ឋភាពអតិថិជនមកមើលដីពុះឡូត៍លក់នៅតាមបណ្ដោយផ្លូវជាតិលេខ ៣។ ហ្វេសប៊ុក
ភ្នំពេញៈ អ្នកវិនិយោគនៅក្នុងអាជីវកម្មទិញលក់ដីបានសាទរវិធានការរបស់ក្រសួង ដែលតម្រូវឲ្យអាជីវកម្មពុះដីឡូត៍លក់ដែលកំពុងកើតមានស្ទើរគ្រប់កន្លែងនៅទូទាំងប្រទេសត្រូវចុះបញ្ជី ខណៈអាជ្ញាធរបានចាត់ទុកថា វាស្ទើរតែក្លាយជាសកម្មភាពអនាធិបតេយ្យទៅហើយ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអង្គារ ផ្សព្វផ្សាយប្រកាសស្តីពី «ការអភិវឌ្ឍដី» ដែលតម្រូវឲ្យគ្រប់សកម្មភាពនៃ ការអភិវឌ្ឍដីទាំងអស់ត្រូវតែសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុន ខណៈក្រសួងសង្កេតឃើញថា ការអភិវឌ្ឍដី (ពុះដីឡូត៍លក់) នាពេលបច្ចុប្បន្នមានភាពរញ៉េរញ៉ៃ ហើយមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ។
លោក ម៉ោង ម៉ាតាំង ម្ចាស់គម្រោងពុះដីឡូត៍មួយកន្លែង ស្ថិតក្នុងស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ដែលមានដីទំហំជាង ៧ ហិកតាឲ្យដឹងថា ទីតាំងពុះដីឡូត៍លក់ ពេលនេះមានស្ទើរគ្រប់ទីកន្លែង។
លោក ម៉ាតាំង និយាយថា អាជីវកម្មរបស់លោក មិនបានសុំច្បាប់ពីអាជ្ញាធរនោះទេ ប៉ុន្តែលោកគ្រាន់តែធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ចំណែកដីទៅឲ្យអតិថិជននៅថ្នាក់ស្រុកនៅពេលមានការជួញដូរ។
លោកអះអាងថា៖ «កន្លងមកខ្ញុំតែងធ្វើតាមទម្លាប់ គឺទាល់តែមានអ្នកទិញ ទើបចាប់ផ្តើមធ្វើឯកសារទៅអាជ្ញាធរស្រុក។ ដីពុះឡូត៍ខ្ញុំពេលនេះលក់ជិតអស់ហើយ»។
ទោះបីយ៉ាងនេះក្តី លោកអះអាងថា អាជីវកម្មរបស់លោកនឹងគោរពទៅតាមការទាមទាររបស់រដ្ឋាភិបាល។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើក្រសួងចេញសេចក្តីណែនាំឲ្យធ្វើអ្វី ខ្ញុំនឹងធ្វើតាម។ ក្នុងនាមជាអ្នករកស៊ី ខ្ញុំចង់ឲ្យគ្រប់ភាគីពាក់ព័ន្ធឈ្នះទាំងអស់គ្នា គឺម្ចាស់ដី អតិថិជន និងរដ្ឋ»។
លោក កេត វុធដុង ម្ចាស់គម្រោងពុះដីឡូត៍ម្នាក់ទៀត ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការចុះបញ្ជីត្រឹមត្រូវនឹងធ្វើឲ្យអតិថិជនគេចផុតពីហានិភ័យ និងការភូតកុហក។
លោកថ្លែងថា៖ «ប្រកាសស្តីពីការអភិវឌ្ឍដីពិតជាមានសារៈសំខាន់ណាស់ព្រោះនឹងចូលរួមចំណែកធ្វើឲ្យការគ្រប់គ្រងដីនៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ។ នៅពេលមានបញ្ហាអ្វីមួយកើតឡើង យើងតែងរត់ទៅរកច្បាប់ឲ្យជួយដូច្នេះដើម្បីកុំឲ្យមានបញ្ហា គ្រប់គ្នាត្រូវគោរពច្បាប់»។
លោក លាង បូរ៉ា (Leang Bora) ដែលបច្ចុប្បន្នកំពុងស្វែងរកទិញដីនៅតាមផ្លូវជាតិលេខ ៥១ ដើម្បីយកទៅពុះជាឡូត៍តូចៗបានឲ្យដឹងថា ខណៈរដ្ឋាភិបាលតម្រូវឲ្យមានការចុះបញ្ជី នីតិវិធីនៃការសុំច្បាប់គួរតែមានភាពងាយស្រួល។
លោកបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា ការសុំច្បាប់អនុញ្ញាតនឹងត្រូវចំណាយលុយ និងពេលវេលាយូរទេ»។
ប្រកាសស្តីពី «ការអភិវឌ្ឍដី» ដែលត្រូវបានចុះហត្ថលេខាដោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨ មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងដីឲ្យបានត្រឹមត្រូវ និងចំគោលដៅ ដើម្បីធានាការអភិវឌ្ឍដែនដី និងនគរូបនីយកម្ម ប្រកបដោយចីរភាព តុល្យភាព និងប្រសិទ្ធភាពនិងគ្រប់គ្រងការអភិវឌ្ឍដីបំបែកក្បាលដី ឬការបង្រួមក្បាលដីទៅជាដីឡូត៍សម្រាប់លក់ និង/ឬសាងសង់លំនៅឋាន អគារឧស្សាហកម្មពាណិជ្ជកម្ម និងទេសចរណ៍។
ប្រកាសបានឲ្យដឹងទៀតថា សម្រាប់គម្រោងអភិវឌ្ឍន៍ដី ដែលមានទំហំផ្ទៃដីធំជាង ៣០ ០០០ ម៉ែត្រការ៉េត្រូវស្នើសុំលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដី ខណៈគម្រោងអភិវឌ្ឍន៍ដី មានទំហំផ្ទៃដីតូចជាង ឬស្មើ ៣០ ០០០ ម៉ែត្រការ៉េត្រូវស្នើសុំពីថ្នាក់រាជធានី ខេត្ត និងដីទំហំតូចជាង ឬស្មើ ៥ ០០០ ម៉ែត្រការ៉េត្រូវស្នើសុំពីថ្នាក់ ស្រុក ខណ្ឌ។
លោក ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា ការកំណត់ឲ្យមានការសុំច្បាប់អនុញ្ញាតជាមុន នឹងជួយកាត់បន្ថយចំណុចអវិជ្ជមានបានយ៉ាងច្រើនខណៈវិស័យនេះកំពុងហក់ឡើង។
លោកព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ដីណាដែលធ្វើសកម្មភាពពុះដីឡូត៍លក់ដោយមិនបានសុំច្បាប់ត្រឹមត្រូវ ឬធ្វើការលក់បោកប្រាស់អតិថិជន៕LA