The Phnom Penh Post Search

Search form

ក្រសួង​រៀបចំ​ដែនដី​ ចេញ​ប្រកាស​ស្តីពី​ស្លាក​សញ្ញា​ផ្សព្វផ្សាយ ​នៅ​តាម​ការ​ដ្ឋាន​សំណង់

Content image - Phnom Penh Post
ផ្ទាំង​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្មរបស់​គម្រោង​ខុនដូ​មួយ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​សីហនុ​​។ ហុង មិនា

ក្រសួង​រៀបចំ​ដែនដី​ ចេញ​ប្រកាស​ស្តីពី​ស្លាក​សញ្ញា​ផ្សព្វផ្សាយ ​នៅ​តាម​ការ​ដ្ឋាន​សំណង់

ចាប់​តាំង​ពី​វិស័យ​សំណង់​បាន​រីក​ចម្រើន​ច្រើន​ឆ្នាំ​មក​នេះ​សេរី​ភាព​នៃ​ការឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក៏​ដូច​ការសរសេរ​បិទ​ផ្សាយ​នៅ​តាម​ការដ្ឋាន​សំណង់​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​ពុំ​សូវ​មានការ​ត្រួត​ពិនិត្យ ឬ​រឹតត្បិត​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ​នោះ​ទេ ហើយ​ជារឿយៗ​ស្លាកសញ្ញា​ផ្សព្វផ្សាយ ឬ​ការសរសេរ​ឃោសនា​នៅតាម​ការដ្ឋាន​សំណង់ ក៏​ដូចជា​ទី​ស្នាក់​ការ​ក្រុមហ៊ុន​ទាំងនោះ មាន​ទាំង​ការ​សរសេរ​មានតែ​ភាសាបរទេស ការសរសេរ​ខុស​អក្ខរា​វិរុទ្ធ មាន​ទាំង​ពាក្យ​ពេចន៍​បង្កប់​ខ្លឹមសារ​កុហក​បោកប្រាស់ ឬ​ការ​បំផ្លើស​ទៅ​ហួស​ពី​ការពិត​ជាក់ស្តែង​ទៀតផង​។

តើ​ប្រការ​ទាំងនេះ​វា​ជា​កំហុស​ឆ្គង​ដោយ​ចេតនា ឬ​ដោយ​អចេតនា​ពី​សាមី​ក្រុមហ៊ុន ឬ​ដោយសារ​កង្វះ​ខាត​ក្រម​សីលធម៌​នៅក្នុង​អាជីវកម្ម​?

ទំនង​ជា​ដើម្បី​កែ​តម្រូវ និង​ទប់ស្កាត់​កំហុស​ឆ្គង​ទាំង​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទើប​បាន​ចេញ​ប្រកាស​មួយ​ស្តី​អំពី «​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស​នៅ​លើ​ផ្ទាំង​គំនូរ​សំណង់ ឬ​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​នៅតាម​ការដ្ឋាន​សំណង់​»​។

Content image - Phnom Penh Post
ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្មរបស់​​ខុនដូ​មួយ ដែល​មិន​មា​ន​សរសេ​​រ​ជា​អក្សរ​​ខ្មែរ​​។ ហុង មិនា

ប្រកាស​ចុះ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​មក​ថ្មីៗដែល​ចុះ​ហត្ថលេខា​ដោយ​លោក ជា សុផារ៉ា ទេសរដ្ឋ​មន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នោះ​បាន​ចែងថា [​ដើម្បី​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្បធម៌​ជាតិ រាល់​ការ​ដាក់​តាំង​ផ្ទាំង​គំនូរ​សំណង់ ឬ ស្លាក​សញ្ញា​ផ្សព្វផ្សាយ​នៅតាម​ការដ្ឋាន​សំណង់​ត្រូវ​គោរព​តាម​គោលការណ៍ ដូច​ខាង​ក្រោម​៖

១- អក្សរ​ខ្មែរ​ត្រូវ​សរសេរ​ឲ្យ​បាន​ធំ​ជាង អក្សរ​បរទេស ហើយ​ដាក់​នៅ​ជួរ​ខាង​លើ

២- អក្សរ​បរទេស​អាច​សរសេរ​នៅ​ខាង​ក្រោម និង​មាន​ទំហំ​ពាក់​កណ្តាល​នៃ​​អក្សរ​ខ្មែរ

​៣- ការ​សរសេរ​អក្សរ​ខ្មែរ​ត្រូវ​អនុវត្តតាម​វចនានុក្រម​របស់​សម្តេច​ព្រះមហា​សុមេធាធិបតី​ជោតញ្ញា​ណោ «ជួន ណាត​»​។

ដោយ​ឡែក​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អចលនទ្រព្យ កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា [​គម្រោង​ខុនដូ XO Condo បាន​ផ្សព្វផ្សាយ​ជា​អក្សរ​ធំៗ​លើ​ជញ្ជាំង​អគារ​ថា​ ៖ «​ទិញ​ខុនដូ​១​យូនីត ថែម​ជូន​១»​។

យោងតាម​បុគ្គលិក​ផ្នែក​លក់​របស់​គម្រោង​ខុនដូ​នេះ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា​ ៖ «កា​រផ្សព្វ​ផ្សាយ​នេះ​មាន​ន័យ​ថា ក្នុង​ពេល​ជាវ​ខុន​ដូ​ ១​យូនីត ក្រុមហ៊ុន​នឹង​ផ្តល់​បន្ទប់​ខុន​ដូ ដែល​បាន​សាងសង់​រួចរាល់​សម្រាប់​ការ​ស្នាក់​នៅ ​(​របស់​អតិថិជន​) ​រហូត​ដល់​ថ្ងៃ​បញ្ចប់​គម្រោង XO Condo។ ក្រុមហ៊ុន​នឹង​ផ្លាស់​ប្តូរ​ការ​ផ្សព្វ​ផ្សាយ​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​បញ្ចៀស​ការ​ភាន់​ច្រឡំ​។ តាម​ការ​គ្រោង​ទុក​ខុន​ដូ​នេះ​នឹង​មាន​កម្ពស់​២៥​ជាន់ ដោយ​១​យូនីត​តម្លៃ​ចាប់​ពី​៧៩៨០០​ដុល្លារ​ឡើង​ទៅ​»​។​

រហូត​មក​ទល់​ថ្ងៃ​ម្សិល​មិញ​នេះ ស្លាក​ផ្សព្វផ្សាយ​នៅ​ការ​ដ្ឋាន​សំណង់​របស់​គម្រោង​នានា ដូចជា​នៅ​តាម​វិថី​ព្រះសីហនុ កែង​ផ្លូវ​លេខ​១៦៣ នៅ​តែ​បន្ត​បិទ​ផ្សាយ​ឃ្លា​ប្រយោគ​មិន​ត្រឹមត្រូវ​ថា [អគារ​កំពង់​សាងសង់ សូម​ប្រយ័ត្ន​របស់​ធ្លាក់​ពីលើ ហាម​ចត​ទីនេះ និង​សូម​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន]។

ចំណែក​នៅ​ឯ​ការដ្ឋាន​សំណង់​ខុន​ដូ​ខ្លះ​ទៀត​ថែម​ទាំង​ប្រើប្រាស់​ការ​ឃោសនា​លក់​បែប​ស្រពេច​ស្រពិល​ថា “BUY 1 ROOM, FREE 2 ROOMS”ជាដើម៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។