ក្រុងញូវយ៉កៈ អភិបាលក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ​បាន​ចុះហត្ថលេខា​អនុម័ត​ច្បាប់​ជា​ផ្លូវការ​ដែល​បង្ខំ​ឲ្យ​គេហទំព័រ​ចែករំលែក​ការ​ស្នាក់នៅ​នានា ដូចជា​គេហទំព័រ Airbnb ត្រូវ​បង្ហាញ​ព័ត៌មាន​អំពី​ម្ចាស់ផ្ទះ និង​ពិន័យ​ប្រាក់​ច្រើន​បើ​មិន​អនុវត្ត​តាម​។

ទីក្រុង​ហិរញ្ញវត្ថុ​របស់​អាមេរិក​មួយ​នេះ​គឺជា​ទីក្រុង​ចុងក្រោយ​បំផុត​ក្នុង​ចំណោម​ទីក្រុង​ជាច្រើន​ដែល​បាន​ចាត់វិធានការ​លើ​គេហទំព័រ Airbnb ដែល​ផ្តល់​សេវា​កក់​ទីកន្លែង​ស្នាក់នៅ​អនឡាញ​មួយ​នេះ​ក្នុង​គ្រា​ដែល​មាន​ការរិះគន់​នៅ​ទូទាំង​ពិភពលោក​ប្រឆាំង​នឹង​ក្រុមហ៊ុន​បង្កើត​ថ្មី​ដែល​បម្រើ​សេវាកម្ម​អនឡាញ​បែប «​សេដ្ឋកិច្ច​ចែករំលែក (​សម្របសម្រួល​ការផ្តល់​សេវា​តាម​អនឡាញ​)» ដែល​រំខាន​ដល់​ឧស្សាហកម្ម​បែប​ប្រពៃណី​។

ក្រុម​អ្នកគាំទ្រ​ច្បាប់​ថ្មី​របស់​ក្រុង​ញូវយ៉ក​ដែល​មាន​សេចក្តី​រាយការណ៍​ថា នឹង​ចូល​ជាធរមាន​ក្នុង​រយៈពេល ១៨០ ​ថ្ងៃ​នោះ​លើក​ឡើង​ថា ច្បាប់​នេះ​នឹង​ដាក់​ការ​រឹតបន្តឹង​លើ​ការជួល​រយៈពេល​ខ្លី​ខុស​ច្បាប់ ដែល​ពួកគេ​អះអាង​ថា​ជំរុញ​ឲ្យ​តម្លៃ​ជួល​កើនឡើង និង​ធ្វើឲ្យ​តម្លៃ​ផ្ទះ​កាន់តែ​ថ្លៃ​។

គេហទំព័រ Airbnb ចោទប្រកាន់​ថា​ការបញ្ចុះ​បញ្ចូល​ពី​សំណាក់​សណ្ឋាគារ​ដ៏មាន​ឥទ្ធិពល​របស់​ទីក្រុង​នេះ​ដែល​ជំរុញ​ឲ្យ​មាន​ច្បាប់​នេះ ដោយ​អះអាង​ថា​អ្នក​ប្រើប្រាស់​ភាគច្រើន​គឺជា​អ្នក​ទីក្រុង​ញូវយ៉ក​ផ្ទាល់​ដែល​ពិបាក​នឹង​ជំរុញ​​ឲ្យ​មាន​ច្បាប់​នេះ ដែល​ពួកគេ​ព្យាយាម​រក​ប្រាក់​ឲ្យ​បាន​ច្រើន​តាមរយៈ​ការដាក់​ជួល​បន្ទប់​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​។

ច្បាប់​នេះ​តម្រូវ​ឲ្យ​គេហទំព័រ​ជួល​រយៈពេល​ខ្លី​ត្រូវ​រាយការណ៍​ទិន្នន័យ​អំពី​ការជួល​ដល់​អាជ្ញាធរ​ក្រុង និង​ផាកពិន័យ ១ ៥០០ ​ដុល្លារ​ក្នុង​ការចុះបញ្ជី​ម្ដង​ក្នុង​មួយ​ខែ​សម្រាប់​សេចក្ដី​រាយការណ៍​មិន​ត្រឹមត្រូវ​ណា​មួយ​។

លោក Josh Meltzer ប្រធាន​ផ្នែក​គោលនយោបាយ​ប្រចាំ​ភាគ​ឦសាន​របស់​គេហទំព័រ Airbnb បាន​ថ្លែង​ថា​៖ «​ម្ចាស់​ផ្ទះ​ដែល​មាន​ការទទួល​ខុសត្រូវ​ជាច្រើន បច្ចុប្បន្ន​កំពុង​ប្រឈម​ការគ្រប់គ្រង​បែប​ច្រឡោងខាម គ្មាន​ការត្រួតពិនិត្យ និង​ភ័យខ្លាច​ថា​តើ​អ្វី​នឹង​កើតឡើង​ស្ថិត​ក្រោម​ច្បាប់​ថ្មី​នេះ​»​។

ទីក្រុង​ញូវយ៉ក គឺជា​ទីផ្សារ​ធំ​ជាង​គេ​សម្រាប់​គេហទំព័រ Airbnb ដែល​ផ្គូផ្គង​កន្លែង​ស្នាក់នៅ​រវាង​ម្ចាស់​ផ្ទះ និង​អ្នក​ស្នាក់នៅ​នៅ​អាមេរិក​។

លោក Meltzer ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​យើង​សង្ឃឹម​ថា​នឹង​ធ្វើការ​ជាមួយ​លោក​អភិបាលក្រុង ដើម្បី​បង្កើត​បទប្បញ្ញត្តិ​ប្រកប​ដោយ​សុភវិនិច្ឆ័យ ដែល​ទីបំផុត​ញែក​ដាច់​ពី​គ្នា​នូវ​គ្រួសារ​ទាំងនេះ​ពី​អ្នក​ជួល​ផ្ទះ​មិន​ល្អ​​មួយ​ចំនួន​ដែល​ត្រូវ​ចាត់​វិធានការ​ច្បាប់​ទាំង​ស្រុង [​ជាមួយ​ពួកគេ​]»៕ LA