The Phnom Penh Post Search

Search form

ក្រុង​ទទួល​បាន​រថយន្ត​ក្រុង​ថ្មី​ ១០០ គ្រឿង និង​ថែម​ផ្លូវ​រថ​ប្រាំ​ខ្សែ​ទៀត ​នឹង​ដំណើរការ​នៅ​ដើម​ខែ​កក្កដា

Content image - Phnom Penh Post
រូបភាព​រថយន្ត​ក្រុង​សាធារណៈ​ថ្មីៗ​សន្លាង​របស់​សាល​រាជធានី​ភ្នំពេញ ដែល​ជា​ជំនួយ​អត់​សំណង​ពី​ប្រទេស​ចិន​អាច​នឹង​មក​ដល់​កម្ពុជា​នៅ​សប្តាហ៍​នេះ។ រូបថត សហការី

ក្រុង​ទទួល​បាន​រថយន្ត​ក្រុង​ថ្មី​ ១០០ គ្រឿង និង​ថែម​ផ្លូវ​រថ​ប្រាំ​ខ្សែ​ទៀត ​នឹង​ដំណើរការ​នៅ​ដើម​ខែ​កក្កដា

ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ កាលណា​កំណើន​ប្រជាជន​មាន​ការ​កើន​ឡើង​ច្រើន​ការ​ប្រកួត​ប្រជែង​ក៏​ចាប់​ផ្តើម​មាន​ភាព​មមាញឹក​ស្ទើរ​តែ​គ្រប់​វិស័យ​រួម​ទាំង​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ ជាពិសេស​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ការ​កកស្ទះ​ចរាចរណ៍​ដោយ​យានយន្ត​គ្រប់​ប្រភេទ ដូច្នេះ​ធ្វើ​ដំណើរ​ចុះឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដូចជា​ទីប្រជុំជន សាលា​រៀន ការិយាល័យ​ធ្វើ​ការ និង​មន្ទីរពេទ្យ​ជាដើម​។

ស្រប​ពេល​រាជធានី​ភ្នំពេញ កំពុង​មាន​ការ​កកស្ទះ​ចរាចរណ៍​កាន់​តែ​ខ្លាំង លោក ម៉េត មាស​ភក្តី មន្ត្រី​អ្នក​នាំ​ពាក្យ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​តាម​រថយន្ត​ក្រុង​នៅ​ភ្នំពេញ នឹង​បន្ថែម​រថយន្ត​ក្រុង​សាធារណៈ​ចំនួន​១០០​គ្រឿង និង​ថែម​ផ្លូវ​រថ​ថ្មី​ចំនួន ៥ ​ខ្សែ នៅ​ទូទាំង​ក្រុង​។

តាម​រយៈ​ប្រសាសន៍​របស់​លោក មាស​ភក្តី បាន​ឲ្យ​ដឹង​ថា​ ៖ «​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​ចំនួន​១០០​គ្រឿង នឹង​ដាក់​ដំណើរ​ការ​ដើម្បី​បន្ថែម​លើ​ខ្សែ​រថ​ចាស់ និង​ខ្សែ​រថ​ថ្មី​ដោយ​សារ​សព្វ​ថ្ងៃ​នេះ សាលា​រាជធានី​មាន​សេវា​រថយន្ត​ក្រុង​តែ​បី​ខ្សែ​ប៉ុណ្ណោះ ដែល​មាន​រថយន្ត​ប្រមាណ​៥៧​គ្រឿង ចេញពី​ម្តុំ​ខាង​ផ្លូវជាតិ​លេខ​៥ ផ្សារ​រាត្រី​មាត់​ទន្លេ ទៅ​ចោមចៅ មហាវិថី​ព្រះ​មុនី​វង្ស​ក្នុង​រាជធានី​ភ្នំពេញ និង​ទៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​»​។

ការ​ផ្គត់ផ្គង់​សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ គឺ​ស្ថិត​នៅ​ក្រោម​អង្គភាព​គ្រប់គ្រង​ផ្ទាល់​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សាលា​រាជធានី​ភ្នំពេញ​។

​ជាមួយ​គ្នា​នេះដែរ លោក មាស​ភក្តី បាន​បន្ថែម​ថា បន្ទាប់ពី​ការ​ប្រជុំ​ចុង​ក្រោយ​នៅ​សប្តាហ៍​មុន​​ជាមួយ​ការ​សិក្សា​របស់​ថ្នាក់​ដឹកនាំ និង​អ្នក​បច្ទេក​ទេស សាលា​រាជធានី​ភ្នំពេញ នឹង​សម្រេច​ជា​ផ្លូវ​ការ​ក្នុង​ការដាក់​ដំណើរការ​ខ្សែ​រថយន្ត​ក្រុង​ថ្មី​ចំនួន ៥​ខ្សែ​បន្ថែម​ទៀត តាម​ដង​វិថី​សំខាន់ៗ​ដូចជា មហាវិថី​ព្រះមុនីវង្ស ផ្លូវ​២៧១ ផ្លូវ​ឯកឧត្តម​ជា​សុផារ៉ា និង​ផ្លូវ​សំខាន់ៗ ​​ដទៃ​ទៀត​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ​នេះ​។

​លោក​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា ការ​បន្ថែម​រថយន្ត​ក្រុង​សាធារណៈ​នេះ គឺជា​ជំនួយ​របស់​ប្រទេស​ចិន ហើយ​ការ​ដាក់​ដំណើរ​ការ​បន្ថែម គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាជន ក្នុង​ការ​កាត់​បន្ថយ​នូវ​ការ​រង់ចាំ​យូរ​និង​កាត់បន្ថយ​ការ​កកស្ទះ​នៅ​តាម​ដង​ផ្លូវ​។

ប៉ុន្តែ​ទោះបីជា​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ជាច្រើន​ដល់​ប្រជា​ជន ក៏​លោក ភក្តី បាន​បង្ហើប​ប្រាប់​ពី​ផល​លំបាក​ជាច្រើន​ផង​ដែរ «ច្បាស់​ហើយ​ថា នៅ​ពេល​ដែល​យើង​ដាក់​ដំណើរការ​ដំបូង មិន​ទទួល​បាន​ការគាំទ្រ​ច្រើន​ទេ ក៏​ប៉ុន្តែ​មួយរយៈ​ក្រោយ​នេះ យើង​ឃើញ​ថា សន្ទុះ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ជា​មធ្យម​ប្រមាណ ៦០០០ ទៅ​៧០០០​នាក់​ក្នុង​មួយ​ថ្ងៃ សម្រាប់​រថយន្ត​ក្រុង​ចំនួន​បី​ខ្សែ​នេះ​»​។

សេវា​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង ត្រូវ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ដោយ​សារ​កំណើន​ប្រជាជន​មាន​ការ​កើន​ឡើង មិន​ថា តែ​ប្រទេស​កម្ពុជា​ទេ ហើយ​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ពោលថា «​ប្រជាជន​អាច​យល់​ពី​ការ​ប្រើ​ប្រាស់​សេវា​សាធារណៈ​រថយន្ត​ក្រុង​ឲ្យ​បាន​ច្រើន ពីព្រោះ​វា​ជា​ផល​ចំណេញ​ថវិកា​មួយ​ផ្នែក​ និង​កាត់​បន្ថយ​ការស្ទះ​ជាង​មុន ពីព្រោះ​រថយន្ត​ក្រុង​មួយ​គ្រឿង​អាច​ផ្ទុក​បាន​៥០​នាក់​»​។

ការ​អនុវត្ត​នៃ​ការ​ប្រើប្រាស់​រថយន្ត​សាធារណៈ​នេះ គឺ​រក្សា​នូវ​តម្លៃ​សំបុត្រ​ជិះ​រថយន្ត​ក្រុង​ទាប ដែល​បច្ចុប្បន្ន​មាន​តម្លៃ​១៥០០​រៀល និង​ការ​មិន​គិត​ថ្លៃ​សម្រាប់​សិស្ស ជន​ពិការ មនុស្ស​ចាស់ និង​ព្រះសង្ឃ​។ ដូច្នេះ ប្រសិន​បើ​មាន​ច្រើន​ខ្សែ សាលា​រាជធានី​ភ្នំពេញ​សង្ឃឹម​ថា ប្រជាជន​ចូលរួម​គាំទ្រ​កាន់​តែ​ច្រើន​ជាមួយ​សេវា​រថយន្ត​សាធារណៈ​នេះ​។

លោក​បាន​បន្ថែម​ថា ចំណែក​សេវា​ទទួល​ជា​សាច់ប្រាក់​មិន​អាច​ទូទាត់​នៃ​ការ​ចំណាយ​ទេ «​តែ​យើង​សុទ្ធសឹង​ប្រើ​ថវិកា​សាលា​រាជធានី​ផ្ទាល់ ដើម្បី​ទូទាត់​ថ្លៃ​ចំណាយ ពីព្រោះ​យើង​យក​សេវា​ថោក ហើយ​ប្រជាពលរដ្ឋ​មិន​ទាន់​មាន​និរន្តរភាព និង​បាន​ចូលរួម​ប្រើ​ប្រាស់​ឲ្យ​បាន​ច្រើន​នៅ​ឡើយ​។

Content image - Phnom Penh Post
ទិដ្ឋភាព​រថយន្ត​ក្រុង​(ចាស់)​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ដំណើរ​ការ​សព្វ​ថ្ងៃ​នេះ។ មឿន ញាណ

ស្រប​ពេល​ដែល​មាន​សេវា​សាធារណៈ​រថយន្ត​ក្រុង​ត្រូវ​បាន​បន្ថែម សាលា​រាជធានី​ភ្នំពេញ ក៏​នៅ​តែ​ព្យាយាម​រៀបចំ​សណ្តាប់​ធ្នាប់​ការ​ចត​តាម​ដង​ផ្លូវ និង​ការ​ប្រើប្រាស់​ចញ្ចើម​ផ្លូវ ដែល​ត្រូវ​ការ​ពេល​វេលា​ច្រើន​ក្នុងការ​រៀបចំ ហើយ​ក៏​បាន​ចុះ​អប់រំ រុះរើ​សំណង់​ដែល​រំលោភ​ចញ្ចើម​ផ្លូវ​ជាដើម​។

ចំណែក​លោក អៀ ចរិយ៉ា អ្នក​ឯកទេស​សុវត្ថិភាព​ផ្លូវ​ថ្នល់​ឯករាជ្យ លើក​ឡើង​ថា ​៖ ការ​បង្កើន​សេវា​ដឹក​ជញ្ជូន​សាធារណៈ គឺជា​ការ​ល្អ​ក្នុង​ការ​សម្រួល​ដល់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទីក្រុង ប៉ុន្តែ​ស្រប​ពេល​ដែល​មាន​ការ​ផ្គត់ផ្គង់ ក៏​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែរ​ដូចជា ទី​១ ការយឺតយ៉ាវ​ក្រោយ​ពេល​កំណត់​រយៈពេល​យូរ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​អស់​ទំនុក​ចិត្ត​ក្នុង​ការ​ជិះ ទី​ ២ ចំណត​ឡាន​ក្រុង​មាន​ការ​កកស្ទះ​ដោយ​សារ​មាន​រថយន្ត​ផ្សេង​ចត​លើ​ចំណត​ផ្លូវ និង​ទី​ ៣ ​មិនមាន​ផ្លូវ​ថ្មើរ​ជើង​សម្រាប់​ប្រើប្រាស់​។

លោក​ថ្លែងថា​ ៖ «​តាម​ការ​ស្រាវ​ជ្រាវ​ពី​សេវា​សាធារណៈ​រថយន្ត​ក្រុង​របស់​អង្គការ Jica សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​មាន​ឆន្ទះ​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ឧបសគ្គ​ទាំង​នេះ ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាជន គុណភាព​នៃ​ការ​រៀបចំ​សណ្តាប់​ធ្នាប់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ហើយ​ខ្ញុំ​គិត​ថា ចំនួន​ខ្សែ​រថយន្ត​ក្រុង​ដែល​ត្រូវ​បន្ថែម​គួរតែ​ផ្តោត​លើ​មហាវិថី​ធំៗ ដែល​មាន​ភាព​មមាញឹក​ដូចជា​ផ្សារ ឬ​សាលារៀន​ជាដើម​»​។

លោក​បន្ថែម​ថា ​៖ «​បើ​សិន​ជា​គ្មាន​ការ​ចាត់​វិធានការ​ដោះ​បញ្ហា និង​ភាព​បរាជ័យ​នោះទេ វា​នឹង​បង្ហាញ​ពី​ភាព​ខ្សោយ​នៃ​ការ​ដឹក​នាំ និង​គ្រប់គ្រង​សេវា​សាធារណៈ​នេះ​ដោយ​គ្មាន​ប្រសិទ្ធភាព​»​។

អ្នក​នាង ស្រ៊ីន ម៉ានិត្យ ជា​គ្រូ​បង្រៀន​​ភាសា​បារាំង​ម្នាក់ បាន​ឲ្យ​ដឹងថា​ ៖ «​ខ្ញុំ​ប្រើប្រាស់​ញឹក​ញាប់ ដើម្បី​ធ្វើដំណើរ​ពី​ផ្ទះ​នៅ​ម្តុំ​ផ្សារ​ធំថ្មី​ទៅ​សាលារៀន​ដែល​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ហើយ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ នេះមាន​ស្ថាន​ភាព​ល្អ​បើ​ទោះ​បីជា​មាន​ការ​យឺតយ៉ាវ​បន្តិច​បន្តួច​មែន»។

ការ​ផ្តល់​នូវ​សេវា​សាធារណៈ​នេះ អាច​សម្រួល​ដល់​ប្រជាជន​ជាច្រើន​ជា​ពិសេស​សិស្ស​សាលា ប្រជាជន​ដែល​មាន​ជីវភាព​ក្រីក្រ និង​ចៀស​វាង​គ្រោះថ្នាក់​ចរាចរណ៍​នានា ដែល​អាច​កើតមាន​ជា​រៀង​រាល់​ថ្ងៃ​។

ប៉ុន្តែ ម៉ានិត្យ បាន​និយាយ​ថា «​អ្នក​បើកបរ​រថយន្ត​ក្រុង​គួរ​តែ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ជាង​នេះ​»​។

គួរ​បញ្ជាក់​ដែរ​ថា រថយន្ត​ក្រុង​ទាំង​១០០​គ្រឿង​នេះ ជា​រថយន្ត​ប្រភេទ​ថ្មី​សន្លាង​ដែល​ផលិត​នៅ​ប្រទេស​ចិន ដែល​មាន​ចំណុះ​ប្រមាណ​៥០​កៅអី និង​មាន​ភាព​ទំនើប ហើយ​រថយន្ត​ក្រុង​ទាំង​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា ក្នុង​សប្តាហ៍​នេះ​តាម​កំពង់ផែ​ស្វយ័ត ក្រុង​ព្រះសីហនុ ហើយ​នឹង​មក​ដល់​រាជធានី​ភ្នំពេញ ជា​បន្ត​បន្ទាប់​នៅ​ចុង​សប្តាហ៍​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។