ក្រុងប៊ែរឡាំងៈ អាជ្ញាធរ​ទីក្រុង​ប៊ែរឡាំង​កាលពី​ចុង​ខែ​កញ្ញា​បាន​ស្ថិតក្រោម​ការរិះគន់​ដោយសារ​ការចំណាយ​ប្រាក់​ជិត ១ ​ពាន់​លាន​អឺរ៉ូ​ ដើម្បី​ទិញ​មកវិញ​នូវ​អតីត​សំណង់​អាផាតមិន​លំនៅឋាន​សាធារណៈ​ចំនួន ៦ ០០០ យូនីត ​ដែល​ត្រូវបាន​ធ្វើ​ឯកជន​ភាវូបនីយកម្ម ដើម្បី​បញ្ចុះតម្លៃ​ជួល​ដែល​កំពុង​កើនឡើង​។

ស្ថិតក្រោម​កិច្ចព្រមព្រៀង​ដែល​បានប្រកាស​កាលពី​ចុង​ខាង​មុន ក្រុមហ៊ុន​លំនៅឋាន​រដ្ឋ Gewobag នឹង​ទិញ​អាផាតមិន (​ផ្ទះល្វែង​) ដែល​ដើមឡើយ​សាងសង់​សម្រាប់​ធ្វើជា​លំនៅឋាន​សង្គមកិច្ច​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ដល់ ១៩៩០​។

តម្លៃ ៩២០ ​លាន​អឺរ៉ូ (​ប្រហែល ១ ពាន់​លាន​ដុល្លារ​) ច្រើន​ជាង​ ២ ​ដង​ធៀប​នឹង ៤០៥ ​លាន​អឺរ៉ូ នៅពេល​ទីក្រុង​នេះ​បាន​ធ្វើ​ឯកជន​ភាវូបនីយកម្ម​អចលនទ្រព្យ​នេះ​នៅ​ឆ្នាំ ២០០៤​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​។

លោក Michael Mueller អភិបាល​ទីក្រុង​ប៊ែរឡាំង​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​សំដៅ «​រក្សា​តម្លៃ​ជួល​ក្នុង​ទីក្រុង​ប៊ែរឡាំង​មាន​ស្ថិរភាព​»​។

ការទិញ​នេះ​បង្ហាញ​ពី​ការធ្វើ​ជា​តូបនីយកម្ម​ជាថ្មី​ដ៏ធំ​ដែល​បាន​អនុវត្ត​ដោយ​ទីក្រុង​នេះ ជា​ទី​ដែល​តម្លៃ​ជួល​បាន​កើនឡើង​ ២ ​ដង​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​កន្លង​មក​នេះ​។

លោក Markus Terboven សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Gewobag បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ឯកជន Ado Properties នេះ​នឹង​ធ្វើឲ្យ​ស្ដុក​លំនៅឋាន​របស់​ខ្លួន​កើនឡើង​ដល់ «​ប្រហែល ៦៨ ០០០ ​យូនីត និង​ទទួល​បាន​ផ្ទៃក្រឡា​រស់នៅ​សម្រាប់​អ្នក​ជួល​ក្នុង​ទីក្រុង​ប៊ែរឡាំង​ច្រើន​ជាង ១០ ០០០ ​នាក់​»​។

គណបក្ស​ប្រកាន់​ស្ដាំ​ជ្រុល AfD បាន​វាយប្រហារ​មួយផ្នែក​លើ​វិធានការ​នេះ​ថា ជា «​ការចំណាយ​ប្រាក់​ឥតប្រយោជន៍​» ហើយ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (FDP) ដែល​មាន​ទំនោរ​ទៅរក​ពាណិជ្ជកម្ម​បាន​ចោទប្រកាន់​ក្រុមហ៊ុន Gewobag រួម​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​ទីក្រុង​ប៊ែរឡាំង​ពីបទ «​ចូលរួម​ក្នុងការ​កេង​ចំណេញ​ទីផ្សារ​អចលនទ្រព្យ​»​។

គណបក្ស FDP បាន​ចោទប្រកាន់​ថា​៖ «​នៅពេលនេះ​ក្រុមហ៊ុន Gewobag ជំពាក់​ប្រាក់​រាប់លាន​ដោយ​មិន​បាន​បង្កើត​ផ្ទៃក្រឡា​រស់នៅ​ថ្មី​ ១ ​ម៉ែត្រការ៉េ​នោះទេ​»​។

ការទិញ​ដែល​ធ្វើឡើង​ថ្មី​បំផុត​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ខែ​បន្ទាប់ពី​អាជ្ញាធរ​រដ្ឋធានី​អាល្លឺម៉ង់​មួយ​នេះ​បាន​ទិញ​ផ្ទះល្វែង​ចំនួន ៦៧០ ​យូនីត​នៅតាម​បណ្ដោយ​ទីប្រជុំជន Karl Marx Allee ពី​ម្ចាស់​ឯកជន​ក្នុង​គោលបំណង​រក្សា​តម្លៃ​ជួល​ឲ្យ​ទាប​ផងដែរ​។

ការកើនឡើង​តម្លៃ​ជួល​លំនៅឋាន​បាន​ក្លាយជា​បញ្ហា​ដ៏សំខាន់​មួយ​នៅ​ទីក្រុង​ប៊ែរឡាំង ដែល​បណ្ដាល​ឲ្យ​អ្នក​ជួល​មួយចំនួន​ពិចារណា​រក​ដំណោះស្រាយ​ជ្រុលនិយម​នានា​រួមទាំង​ការធ្វើ​យុទ្ធនាការ​រឹបអូស​ស្ដុក​លំនៅឋាន​ពី​ម្ចាស់ផ្ទះ​ដ៏មាន​ឥទ្ធិពល​នានា​។

ប្រកាសអាសន្ន​ដោយ​និន្នាការ​នេះ រដ្ឋាភិបាល​ទីក្រុង​ប៊ែរឡាំង​កាលពី​ខែ​មិថុនា បាន​យល់ព្រម​ចំពោះ​ការដាក់ចេញ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​រួមមាន​ទាំង​ការពិន័យ​ជាការ​បង្កក​ការជួល ៥ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២០ ទៅ​។

ក្រុងប៊ែរឡាំង​ឲ្យ​ដឹងថា សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​មានបំណង​ទប់ស្កាត់​ការដំឡើង​ថ្លៃ​ជួល​អាផាតមិន​ចំនួន ១,៥ ​លាន​យូនីត​៕ LA