ភ្នំពេញៈ នៅពេល​នេះ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​មើលឃើញ​ជា​ទីតាំង​នៃ​ការ​រះ​ឡើង​អគារ​ខ្ពស់ៗ ដែល​កំពុង​ចូល​មក​ជំនួស​សំណង់​ជា​រចនាប័ទ្ម​ខ្មែរ​ដែល​មាន​រយៈពេល​យូរ​នៅក្នុង​ទីក្រុង​នេះ​។

វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា​កំពុង​កើនឡើង ដោយសារ​ប្រទេស​នេះ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ ៧ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ ហើយ​កំពុង​នាំ​មុខ​ដោយ​ក្រុម​វិនិយោគិន​​ជនជាតិ​ចិន​។

ខណៈ​ទីក្រុង​ទាំង​មូល​ភាគច្រើន​គ្របដណ្ដប់​ដោយ​អគារ​ទាបៗ ដែល​សេសសល់​ពី​សម័យមុន បច្ចុប្បន្ន​អគារ​រចនាប័ទ្ម​ជា​អក្សរ H ដែល​ជា​​រចនាប័ទ្ម​ធម្មតា​ទូទៅ​នៅ​លើ​ពិភពលោក ពេល​នេះ​មក​ជំនួស​នៅក្នុង​ទីក្រុង​នេះ​។

ការកម្ទេច​ចោល​អគារ​ក្រសួង​ការពារ​ជាតិ​នាពេល​បច្ចុប្បន្ន ដើម្បី​សាងសង់​អគារ​ថ្មី​គឺជា​ឧទាហរណ៍​មួយ​។

លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ថា ដើម្បី​សន្សំ​បាន​ទីកន្លែង អគារ​មួយ​ចំនួន​ត្រូវ​តែ​ជំនួស​ដោយ​អគារ​ថ្មី​។ លោក​ថ្លែង​ថា​៖ «​ក្រសួង​បាន​សម្រេច​ចិត្ត​ក្នុង​ការ​កម្ទេចចោល​អគារ​ ២-៣ ​ទាំង​នោះ បន្ទាប់មក​សាងសង់​អគារ​ថ្មី ២-៣ និង​មាន​កម្ពស់​ច្រើន​ជាង​ ៣ ​ជាន់​»​។ លោក​បន្ត​ថា​៖ «​នោះ​នឹង​ធ្វើឲ្យ​ក្រសួង​នេះ​មាន​ទីកន្លែង​គ្រប់គ្រាន់​សម្រាប់​ការងារ​ការិយាល័យ​»​។

លោក ហែម ធឿន ជា​សាស្ដ្រាចារ្យ​ស្ថាបត្យកម្ម​អាយុ​ ៦៤ ​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ដែល​បាន​ចូលនិវត្តន៍​បាន​ថ្លែង​ថា អគារ​ចាស់ៗ​ភាគច្រើន​បំផុត​នៅ​ទីក្រុង​ត្រូវ​បាន​គូស​ប្លង់​ដោយ​លោក វណ្ណ មូលីវណ្ណ អតីត​ស្ថាបត្យករ​ល្បី​ឈ្មោះ​របស់​កម្ពុជា​ដើម្បី​បង្ហាញ​រចនាប័ទ្ម​ខ្មែរ​។

លោក​ថ្លែង​ថា​ទីតាំង​អគារ​ស្ថាប័នរដ្ឋ​ភាគច្រើន​នៅ​ក្នុង​រចនាប័ទ្ម​ចាស់ មាន​ទីធ្លា​ទំនេរ​ច្រើន​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធានា​ពី​បរិស្ថាន​ល្អ​។

ដោយសារ​កំណើន​ប្រជាជន​ក្នុង​​ទីក្រុង​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ ការសាងសង់​លំនៅឋាន​ថ្មី ឬ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់ៗ​គឺ​ចាំបាច់​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ទីភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​ថ្លែង​ថា​បច្ចុប្បន្ន​លំនៅឋាន​ទំនើប ឬ​អគារ​​រចនាប័ទ្ម​ជា​អក្សរ H កំពុង​កើនឡើង​នៅក្នុង​ទីក្រុង​នេះ​។

អគារ​ខ្ពស់ៗ​ត្រូវ​បាន​មើលឃើញ​នៅ​ពេល​ថ្មីៗ​នៅក្នុង​ទីក្រុង​ដែល​រួមមាន​អគារ Golden Tower កម្ពស់ ៤២ ​ជាន់​ដែល​ពន្យារពេល​ជាច្រើន​ឆ្នាំ អគារ The Bridge កម្ពស់​ ៤៥ ជាន់​តម្លៃ ៣០០ ​លាន​ដុល្លារ​ដែល​ជា​អគារ​ខ្ពស់​ជាង​គេ​បំផុត​នៅ​ទីក្រុង​ភ្នំពេញ នាពេល​នេះ​អគារ​កាណាឌីយ៉ា ថាវើរ កម្ពស់​ ៣២ ​ជាន់ និង​អគារ​វឌ្ឍនៈ កម្ពស់​ ៣៩ ​ជាន់​ជាដើម​។

អគារ​ពាណិជ្ជកម្ម​ភ្លោះ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ខ្ពស់​បំផុត​នៅ​ទីក្រុង​ភ្នំពេញ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លេច​ជា​រូបរាង​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ​។

អគារ​ភ្លោះ​កម្ពស់ ៦២ ​ជាន់​មួយ​ទៀត​ដែល​វិនិយោគ ១៥០ លាន​ដុល្លារ​ដោយ OTK Royal One ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​ក៏​បាន​ប្រកាស​គម្រោង​របស់​ខ្លួន​ផង​ដែរ​កាលពី​ខែ​មីនា​។

លោក ហុក សុកុល ស្ថាបត្យករ​មាន​ទេពកោសល្យ​ដ៏ល្បី​ឈ្មោះ​ខាង​ការរចនា​ស្ថាបត្យកម្ម​ប្រពៃណី​ខ្មែរ​យល់ស្រប​ថា​ការ​រចនា​អគារ​ថ្មី​ដូចជា​ទម្រង់​ជា​អក្សរ H គឺ​ងាយ​សម្រួល​សម្រាប់​ការប្រើប្រាស់​។ លោក​ថ្លែង​ថា​៖ «​មាន​ចំណុច​សំខាន់​ ២ ​នៃ​អគារ​ខ្ពស់ៗ​ដែល​ត្រូវការ​តភ្ជាប់​សម្រាប់​ភាពរឹងមាំ​របស់​អគារ និង​ភាពងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​»​។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ដើម​ឆ្នាំ​នេះ​បាន​បង្ហាញ​ថា​មាន​គម្រោង​ចំនួន ៣ ០៥២ ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០១៧ ជាមួយ​នឹង​តម្លៃ ៦,៤២ ​ពាន់​លាន​ដុល្លារ​។ ចំនួន​នោះ​កើនឡើង​ពី ២ ៤០៥ គម្រោង​មាន​តម្លៃ ៥,២៥ ​ពាន់​លាន​ដល្លារ​កាលពី​ឆ្នាំ​ ២០១៦​។

ប៉ុន្តែ​លោក គីម ហ៊ាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​លើក​មុន​ថា កំណើន​នៃ​ការសាងសង់​ហាក់​មិន​ដូចជា​កំពុង​ជួយ​ដល់​អ្នក​ទិញ​ផ្ទះ​នៅ​កម្ពុជា​នោះ​ទេ​។

លោក​បាន​កត់សម្គាល់​ថា​ខណៈ​កំណើន​ក្នុង​ការ​ផ្គត់ផ្គង់​លំនៅឋាន​ថ្មី​គួរតែ​នាំ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ​ជា​បណ្ដើរៗ ដែល​មិន​គ្រាន់​តែ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​អ្នក​ទិញ​ភាគច្រើន​គឺជា​ក្រុម​វិនិយោគិន​បរទេស​នោះ​ទេ​។

យោង​តាម​លោក គីម ហ៊ាង កំណើន​អគារ​ទំនើប អគារ​មាន​កម្ពស់​ខ្ពស់ៗ​ ៩០ ​ភាគរយ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​ចម្លង​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។ លោក​ថ្លែង​ថា​៖ «​ស្ថាបត្យករ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ភាគច្រើន​គឺជា​ជនបរទេស ហើយ​ការសម្រេច​ចិត្ត​ភាគច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​»៕LA