ទីក្រុងហ្សិនជិនៈ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការពីខាងក្រៅនៅទីក្រុងហ្សិនជិន (Shenzhen) បានបន្តរីកចម្រើនយ៉ាងរហ័ស ទោះបីជាការធ្លាក់ចុះបណ្តាលមកពីការរីករាលដាលវីរុសកូរ៉ូណា ជាពិសេសក្នុងចំណោមប្រទេសដែលជាប់ពាក់ព័ន្ធនឹងគម្រោង «ខ្សែក្រវាត់ និងផ្លូវ»។
មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា តម្លៃសរុបនៃការវិនិយោគពីបរទេសក្នុងទីក្រុងនេះ នាពេលនេះមានប្រហែល ១៤៥,១ ពាន់លានដុល្លារអាមេរិក ឈរនៅលំដាប់លេខ ១ ក្នុងចំណោមទីក្រុងសំខាន់ៗរបស់ចិនដីគោក។
តម្លៃកិច្ចសន្យាសរុបរួមនៃគម្រោងវិស្វកម្មក្រៅប្រទេសមានចំនួន ២០២,៥ ពាន់លានដុល្លារដែលសម្រេចបានចំណូលចំនួន ១៦៨,៩ ពាន់លានដុល្លារ ស្ថិតនៅលើតារាងបញ្ជីរបស់ជាតិ។
លោក Wang Youming ប្រធានការិយាល័យពាណិជ្ជកម្មក្រុងហ្សិនជិនបាននិយាយនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការវិនិយោគ និងកិច្ចសហប្រតិបត្តិការពីខាងក្រៅក្នុងទីក្រុងហ្សិនជិនបានសម្រេចកំណើនគួរឲ្យកត់សម្គាល់ ទោះបីជាមានផលប៉ះពាល់នៃការរីករាលដាល។
សហគ្រាសក្នុងទីក្រុងនេះបានវិនិយោគផ្ទាល់ទៅក្នុងសហគ្រាសបរទេសដែលមិនមែនជាហិរញ្ញវត្ថុចំនួន ១៦៨ ក្នុងប្រទេស និងតំបន់ចំនួន ២៨ ជាមួយការវិនិយោគដែលបានចុះកិច្ចសន្យាមានទឹកប្រាក់ ៤,៥៣ ពាន់លានដុល្លារ។
ការវិនិយោគបរទេសផ្ទាល់ជាក់ស្តែងពីសហគ្រាសក្នុងតំបន់បានកើនឡើង ៦១,៧៨ ភាគរយរយៈពេលពេញ ១ ឆ្នាំ ដែលមានតម្លៃទឹកប្រាក់ ៤,០២ ពាន់លានដុល្លារធៀបរយៈពេលដូចគ្នាដែលស្មើនឹង ៩,៥២ ភាគរយនៃការវិនិយោគរបស់ប្រទេសចិន។
ភាគច្រើននៃមូលធនបានទៅដល់ដៃវិស័យលក់ដុំ និង លក់រាយ ការផលិត ការជួល និងសេវាកម្មពាណិជ្ជកម្ម។
Yu Jing នាយករងនៃគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ទីក្រុងបាននិយាយថា៖ «ទោះបីជាផលប៉ះពាល់ដោយសារវីរុសកូរ៉ូណា និងបរិយាកាសសេដ្ឋកិច្ចខាងក្រៅ សហគ្រាសក្នុងទីក្រុងហ្សិនជិន នៅតែបង្កើនល្បឿនឆ្លងកាត់បាន»។ សកម្មភាពវិនិយោគរបស់ទីក្រុងនៅតែសកម្ម និងទំហំនៃការវិនិយោគនៅតែកើនឡើង។
ភាពវិជ្ជមានអាចមើលឃើញក្នុងសកម្មភាពធុរកិច្ចជាមួយប្រទេស និងតំបន់ជាច្រើន៕ China Daily/ RR