ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​គ្រប់គ្រង​កាស៊ីណូ Silver Heritage Group (SVH) កំពុង​ប្រឈមមុខ​នឹង​សមរភូមិ​ផ្លូវ​ច្បាប់​នៅ​ប្រទេស​នេប៉ាល់​ក្រោយ​ពី​ខ្លួន​បាន​ដក​ដៃគូ​ក្នុង​ស្រុក​ចេញ ដែល​ជា​អ្នក​គ្រប់គ្រង​ការសាងសង់​គម្រោង​កាស៊ីណូ​នៅ​តំបន់ Bhairahawa​។

ជម្លោះ​ផ្លូវ​ច្បាប់​ដែល​កំពុង​កើតឡើង​នេះ​ត្រូវ​បាន​គេ​ប្រមើល​ឃើញ​ថា​នឹង​ប៉ះពាល់​ដល់​គម្រោង​សាងសង់​កាស៊ីណូ ទី​ ២ របស់ SVH នៅ Dhulabari ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត និង​មាន​ចម្ងាយ​ឆ្ងាយ​ពី​ស្រុក Jhapa ដែល​ក្រុមហ៊ុន​បាន​ទិញ​ដី​តម្លៃ​ប្រហែល​ ១៥,៣៨ ​លាន​ដុល្លារ​សម្រាប់​សាងសង់​កាស៊ីណូ​លំដាប់​ផ្កាយ​ ៥ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ចំនួន​អ្នក​លេង​ល្បែង​នៅ Kolkata, Sikkim និង​ទីក្រុង​ធំៗ​ផ្សេង​ទៀត​របស់​ប្រទេស​ឥណ្ឌា​។

SVH ដែល​ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង និង​មាន​វត្តមាន​ក្នុង​ទីផ្សារមូលបត្រ​ប្រទេស​អូស្ត្រាលី​ដែរ​នោះ​បាន​ហក់​ចូល​ក្នុង​ប្រទេស​នេប៉ាល់​ជា​លើក​ដំបូង​តាមរយៈ​ការសាងសង់​កាស៊ីណូ និង​រីហ្សត Tiger Palace 1 នៅ Bhairahawa​។

រីហ្សត​ ដែល​ត្រូវ​បាន​គេ​កែ​ទៅ​ជា​កាស៊ីណូ​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ចំណាយ​ប្រាក់​អស់​ ៨០ ​លាន​ដុល្លារ ហើយ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៧ ខែ​មីនា​ថ្មីៗ​នេះ​។

កាស៊ីណូ​ដែល​ស្ថិត​នៅ​ក្បែរ Lumbini នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ថា ជា រីហ្សតកាស៊ីណូ ដែល​ធំ​ជាង​គេ​បង្អស់​នៅ​អាស៊ី​ខាង​ត្បូង និង​កំពុង​ទាក់ទាញ​អតិថិជន​របស់​ខ្លួន​ជាច្រើន​ពី​បណ្តា​រដ្ឋ​ឥណ្ឌា​ធំៗ​នៅ Uttar Pradesh​។ គម្រោង​នេះ​បាន​ជួប​ភាព​រដាក់រដុប​មួយ​ចំនួន​មុន​ពេល​បើក​ដំណើរការ​ដោយសារ​តែ​ការពន្យារពេល​ការអនុម័ត​ផ្លូវច្បាប់ និង​ថវិកា ហើយ​បច្ចុប្បន្ន​ក៏​កំពុង​តែ​ជួប​រឿងក្តី​ថែម​ទៀត​។

ភាពចម្រូង​ចម្រាស​ដ៏ក្តៅ​គគុក​នេះ​កើតឡើង​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន Silver heritage Limited Management Service នៅ Kathmadu ដែល​ជា​ម្ចាស់​ភាគហ៊ុន​នៅ SVH កាលពី​ថ្ងៃទី​ ២២ ខែ​កុម្ភៈ​បាន​រំលាយចោល​នូវ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នេប៉ាល់​ដែល​ជា​ដៃគូ​របស់​ខ្លួន​ឈ្មោះ Rajendra Bajgain ដោយ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​នេះ​ថា បាន​រើស​កម្មករ​បរទេស​ខុស​ច្បាប់​ឲ្យ​មក​ធ្វើការ​។

ក្រុមហ៊ុន Silver Heritage បាន​ឲ្យ​ដឹង​ថា៖ «​ការប្រព្រឹត្ត​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រម​ទាំង​ការបំពាន​លើ​កិច្ចព្រមព្រៀង​របស់​ដៃគូ​ក្នុង​ស្រុក​នោះ​បាន​ធ្វើឲ្យ​មាន​ការ​រំលោភបំពាន​លើ​មាត្រា​នៅក្នុង​កិច្ចសន្យា​»​។

ជា​បន្តបន្ទាប់ Rajendra Bajgain បាន​ព្យាយាម​ឲ្យ​តុលាការ Kathmandu District Court រំសាយ​ការកាត់ក្តី​ផង​ដែរ​។ កាលពី​ថ្ងៃទី​ ៥ ខែ​មីនា​តុលាការ​បាន​ចេញ​សាលក្រម​បញ្ជា​ឲ្យ​នាយក​ក្រុមហ៊ុន Silver Heritage គឺ​លោក Mike Bolsover ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Bajgain ឡើង​វិញ​។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុមហ៊ុន​នេះ​ក៏​បាន​ព្យាយាម​ឲ្យ​តុលាការ Patan High Court រំលាយ​សាលក្រម​ដែល​ចេញ​ដោយ​តុលាការ​ប្រចាំ​តំបន់​ផង​ដែរ​។ Bajgain បាន​លើក​ឡើង​ថា បុគ្គលិក​បរទេស​ចំនួន​ ២២ ​នាក់​បាន​ធ្វើការ​នៅ Tiger Palace ដោយ​គ្មាន​លិខិតអនុញ្ញាត​។ ក្នុង​ចំណោម​ពួកគេ​ទាំង​នេះ​កម្មករ ១៧ ​នាក់​បាន​ចាកចេញ​ពី​ប្រទេស​នេប៉ាល់​វិញ បន្ទាប់ពី​មាន​បណ្តឹង​ទាក់ទង​នឹង​ការជ្រើសរើស​បុគ្គលិក​ខុសច្បាប់​។

មន្ត្រី​អន្តោប្រវេសន៍​បាន​បញ្ជាក់​អំពី​ការចាកចេញ​របស់​បុគ្គលិក​ចំនួន​ ១៧ ​នាក់​នេះ​ដែរ​។ យ៉ាង​ណា​មិញ​ពួកគេ​មិន​ដឹង​ថា តើ​កម្មករ​ទាំង​នោះ​បាន​បន្ត​ធ្វើការ​ដដែល ឬ​អត់​នោះ​ទេ​ក្រោយ​ពេល​មាន​ការ​ស៊ើបអង្កេត​។

នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បើក​ការស៊ើប និង​បាន​ធ្វើការ​ត្រួតពិនិត្យ​នៅ​ទីតាំង​ការដ្ឋាន​ផ្ទាល់​នៅ Bhairahawa និង​បាន​សាកសួរ​មន្ត្រី​ជាន់ខ្ពស់​បរទេស​ចំនួន​ ៥ ​រូប​ដែល​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​នេះ​។

Silver Heritage បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​បង្កើត​ការងារ​ជាង​ ១ ​ពាន់​កន្លែង​នៅ​ប្រទេស​នេប៉ាល់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដែល​ ៩៥% ​សុទ្ធ​ជា​ជនជាតិ​នេប៉ាល់​។ Silver Heritage ក៏​គ្រប់គ្រង​កាស៊ីណូ និង​ក្លិប The Millionaire’s Club & Casino នៅ​សណ្ឋាគារ Shangri La នៅ Kathmandu ផង​ដែរ​៕

Sangam Prasain/The Kathmandu Post