
សំណង់សណ្ឋាគារថ្មីៗជាច្រើនកំពុងលេចឡើងក្នុងខេត្តព្រះសីហនុ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញៈ ក្រុមហ៊ុនធំៗ ២ របស់ចិនបានសម្រេចបោះទុនវិនិយោគក្នុងទឹកប្រាក់ជាង ១ ៥១២ លានដុល្លារ លើគម្រោងអភិវឌ្ឍន៍សណ្ឋាគារលំដាប់ផ្កាយ ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
យោងតាមសេចក្តីប្រកាសព័ត៌មាន CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរកាលពីល្ងាចថ្ងៃពុធដល់ក្រុមហ៊ុនចំនួន ២ រួមមានក្រុមហ៊ុន Xin Da Shi Jie International Hotel Co., Ltd លើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន ១ ៥០០ បន្ទប់ ស្ថិតក្នុងក្រុងព្រះសីហនុក្រោមទុនវិនិយោគ ៣៣១,៥ លានដុល្លារ និងក្រុមហ៊ុន BOCC Development Co., Ltd លើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ៥០០ បន្ទប់ព្រមជាមួយនឹង Service Hotel Apartment ផ្កាយ ៤ ចំនួន ១ ៦០០ យូនីត និងមជ្ឈមណ្ឌលពាណិជ្ជកម្មមានទីតាំងនៅលើកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញដោយមានទុនវិនិយោគ ១ ១៨១ លានដុល្លារ។
បើតាមសេចក្តីប្រកាសព័ត៌មានគម្រោងទាំង ២ ខាងលើអាចបង្កើតការងារសរុបបាន ៨ ៨៧៩ កន្លែង។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ដោយសារមានការសាងសង់ច្រើនបានធ្វើឲ្យខេត្តព្រះសីហនុមិនមានបញ្ហាកង្វះខាតកន្លែងស្នាក់នៅច្រើនដូចរយៈពេល ២-៣ ឆ្នាំមុនទេ តែកង្វះបន្ទប់សណ្ឋាគារនេះអាចនឹងកើនឡើងខ្ពស់វិញនៅពេលខាងមុខ ពិសេសបន្ទាប់ពីអាជ្ញាធរជួសជុល និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធលូ និងផ្លូវជាច្រើនក្នុងខេត្តរួចរាល់។
លោកបន្តថា ការទទួលបានការវិនិយោគលើសណ្ឋាគារលំដាប់ផ្កាយ ៥ វាមិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរលំដាប់ខ្ពស់ឲ្យចូលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុប៉ុណ្ណោះទេ តែវាថែមទាំងអាចបង្ហាញពីសក្តានុពលរបស់ខេត្តទៅដល់អ្នកវិនិយោគថ្មីៗថែមទៀតផងដែរ។
លោកថ្លែងថា៖ «នៅពេលនេះតម្រូវការបន្ទប់សណ្ឋាគារក្នុងខេត្តព្រះសីហនុមិនមានបញ្ហាធំដុំទេ តែកំណើនតម្រូវការនឹងកើនខ្ពស់នៅពេលខាងមុខ ពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ»។ លោកបន្តថា៖ «ខ្ញុំពិតជារីករាយដែលខេត្តព្រះសីហនុទទួលបានការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ ៥ បែបនេះ»។
ទោះយ៉ាងណាលោកលើកឡើងថា ដើម្បីឲ្យវិស័យទេសចរណ៍ និងសណ្ឋាគារមានភាពរីកចម្រើន និងរឹងមាំគឺត្រូវការការចូលរួមជាចាំបាច់ពីសំណាក់អ្នកវិនិយោគ។ លោកនិយាយថា៖ «ការថែរក្សាបរិស្ថាន សុវត្ថិភាព និងការចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរគឺជាភាពចាំបាច់ដែលធ្វើវិនិយោគត្រូវធ្វើដើម្បីផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅទៅដល់ភ្ញៀវ។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននិយាយថា បច្ចុប្បន្នចំនួនបន្ទប់សណ្ឋាគារលំដាប់មធ្យម (ផ្កាយ ១ ២ និង ៣) មិនសូវមានបញ្ហាខ្វះខាតច្រើនដូចពេលមុនទេ តែសម្រាប់សណ្ឋាគារលំដាប់ផ្កាយ ៤ និង ៥ អាចនៅមានខ្វះខាតច្រើន។
អ្នកស្រីថ្លែងថា៖ «ក្នុងនាមវិស័យទេសចរណ៍ ខ្ញុំពិតជាចង់បានផលិតផល (សណ្ឋាគារ) កម្រិតស្តង់ដាឲ្យបានច្រើនបន្ថែមទៀតនៅកម្ពុជា»។
បើតាមអ្នកស្រី ស៊ីវលីន បច្ចុប្បន្នបន្ទប់សណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងរាជធានីភ្នំពេញអាចនៅមានកង្វះច្រើន តែសម្រាប់ខេត្តព្រះសីហនុ មិនសូវមានបញ្ហាទេ។
អ្នកស្រីបានសម្តែងសុទិដ្ឋិនិយមថា ជាមួយនឹងតួលេខនៃកំណើនភ្ញៀវទេសចរបរទេសប្រមាណ ១០ ភាគរយនៅក្នុងឆ្នាំ ២០១៩ នេះ អ្នកស្រីរំពឹងថា កំណើនភ្ញៀវ និងតម្រូវការសណ្ឋាគារស្នាក់នៅនឹងកើនឡើងព្រមគ្នាបន្ថែមទៀតនៅឆ្នាំ ២០២០ ខាងមុខ។
ទិន្នន័យពីក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ ២០១៩ នៅកម្ពុជាមានសណ្ឋាគារកំពុងបើកដំណើរការសរុប ១៥២ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប ១៧ ៤៥០។ សណ្ឋាគារលំដាប់ផ្កាយ ៥ មានចំនួន ៣៦ លំដាប់ផ្កាយ ៤ មាន ៤១ លំដាប់ផ្កាយ ៣ មានចំនួន ៣៣ លំដាប់ផ្កាយ ២ មានចំនួន ១៩ និងលំដាប់ផ្កាយ ១ មានចំនួន ២១។
ទិន្នន័យខាងលើបានឲ្យដឹងទៀតថា ខេត្តសៀមរាបគឺជាកន្លែងដែលមានសណ្ឋាគារច្រើនជាងគេគឺចំនួន ៦០ រាជធានីភ្នំពេញមានចំនួន ៤០ ខេត្តបាត់ដំបង ៩ និងខេត្តព្រះសីហនុ និងកំពង់ចាមមានចំនួន ៨ ដូចគ្នា។
របាយការណ៍របស់ក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះបានបង្ហាញថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៥,២៩ លាននាក់ កើនឡើង ៩,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ដែលមានចំនួន ៤,៨២ លាននាក់។ ក្នុងនោះចំនួនភ្ញៀវទេសចរជប៉ុនមានចំនួន ១៦៣ ៦៣៧ នាក់ កើនឡើង ៣,៣ ភាគរយ ពីចំនួន ១៥៨ ៤៣៩ នាក់៕ LA