
សណ្ឋាគារ Nikko នៅឯប្រទេល ជប៉ុន។ ហ្វេសប៊ុក NIKKO HOTELS INTERNATIONAL
ភ្នំពេញៈ វិនិយោគិនជប៉ុនកាន់តែច្រើនឡើងកំពុងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ជាពិសេសផ្នែកបដិសណ្ឋារកិច្ច អចលនទ្រព្យ និងការលក់រាយជាដើម។
ក្រុមហ៊ុន ជប៉ុន Okura Nikko Hotel Management Co., Ltd កាលពីថ្ងៃសុក្រ បានប្រកាសថាខ្លួននឹងបើកសណ្ឋាគារ Nikko Phnom Penh ក្នុងរាជធានីភ្នំពេញនៅឆ្នាំ ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
សេចក្តីប្រកាសដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ២២ ខែធ្នូ បានឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងផ្លូវការរវាងក្រុមហ៊ុន Okura Nikko Hotel Management Co., Ltd និងក្រុមហ៊ុន UY United Co., Ltd ដែលគ្រប់គ្រងលើអគារ Japan Trade Center ជាទីតាំងនៃសណ្ឋាគារនេះនឹងធ្វើនៅ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៨។
សណ្ឋាគារ Nikko Phnom Penh នឹងមានបន្ទប់សរុប ២០១ បន្ទប់ស្ថិតនៅជាន់ទី ១៤ រហូតដល់ជាន់ទី ២២ នៃអគារពាណិជ្ជកម្មជប៉ុន។
លោក Marcel P. van Aelst នាយកប្រតិបត្តិ Okura Nikko Hotel Management បានឲ្យដឹងថា នេះជាកិត្តិយសដ៏ធំសម្រាប់ដែលអាចចូលរួមក្នុងគម្រោងនេះ ហើយនេះជាបេសកកម្មមួយ ដែលនឹងនាំមកនូវបច្ចេកទេសសំណង់របស់ជប៉ុនដល់ប្រទេស កម្ពុជា។ លោកបានថ្លែងថា៖ «យើងមានបំណងបង្កើតសណ្ឋាគារមួយ ដែលនឹងដើរតួ ជាស្ពានតភ្ជាប់រវាងប្រទេសទាំង ២ រួម ជាមួយនឹងការធ្វើបដិសណ្ឋារកិច្ចបែបវប្បធម៌ជប៉ុន»។
អគារពាណិជ្ជកម្មជប៉ុន បានចាប់ផ្តើមសាងសង់កាលពីខែមេសា ឆ្នាំ ២០១៨ លើដី ៣ ៣៧៤ ម៉ែត្រការ៉េ តាមបណ្តោយផ្លូវ ៤៣០ ក្នុងសង្កាត់ទួលទំពូង ២ ខណ្ឌចំការមន ក្រោមទុនវិនិយោគចំនួន ៦៥ លានដុល្លារអាមេរិក។
អ្នកនៅក្នុងឧស្សាហកម្មនេះបានអះអាងថា ការចូលមកបើកសាខារបស់ក្រុមហ៊ុនបរទេសនៅកម្ពុជាគឺបង្ហាញពីទំនុកចិត្ត និងធ្វើឲ្យអ្នកក្នុងស្រុកខិតខំអភិវឌ្ឍខ្លួនឲ្យបានកាន់តែខ្លាំង។
លោក ឌិន សុធាមេរិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានស្វាគមន៍ចំពោះផែនការបើកសណ្ឋាគារ Nikko Phnom Penh ដោយលើកឡើងថា ការចូលមកវិនិយោគពីសំណាក់វិនិយោគិនបរទេស គឺបង្ហាញពីទំនុកចិត្តរបស់ពួកគេចំពោះស្ថិរភាពនយោបាយកម្ពុជា។
លោកថ្លែងថា៖ «ការមកដល់នៃសណ្ឋាគារលំដាប់អន្តរជាតិ នឹងធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងដែលទាមទារឲ្យសណ្ឋាគារក្នុងស្រុកទាំងអស់ត្រូវតែខិតខំពង្រឹងសេវាកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត»។
លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong បានឲ្យដឹងថា បច្ចុប្បន្នចំនួនវិនិយោគិនជប៉ុន ភ្ញៀវទេសចរ និងអ្នកមកធ្វើការនៅកម្ពុជាបានកើនឡើងជាលំដាប់ ដូច្នេះកន្លែងស្នាក់នៅបែបជប៉ុនក៏មានតម្រូវការកើនឡើងដែរ។
លោកថ្លែងថា៖ «ទោះជានៅពេលនេះក្នុងរាជធានីភ្នំពេញមានសណ្ឋាគារជប៉ុន ១ [Toyoko Inn ] កំពុងបើកដំណើរការហើយក៏ដោយ តែចំនួននេះមិនទាន់គ្រប់គ្រាន់សម្រាប់បំពេញឲ្យសេចក្តីត្រូវការរបស់សហគមន៍ពួកគាត់នៅកម្ពុជាទេ»។ លោកថា៖ «ការវិនិយោគរបស់ជប៉ុនគឺមានភាពច្បាស់លាស់ និងប្រាកដប្រជាណាស់»។
របាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៤,៨ លាននាក់ ក្នុងនោះភ្ញៀវទេសចរជនជាតិជប៉ុនមានចំនួន ១៥៨ ៤៣៩នាក់ ធ្លាក់ចុះ ១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។
ផែនការបើកសណ្ឋាគារនៅទីក្រុងភ្នំពេញនេះគឺជាផ្នែកមួយនៃផែនការពង្រីកសាខាឲ្យបានចំនួន ១០០ កន្លែងក្នុងតំបន់អាស៊ីត្រឹមឆ្នាំ ២០២០ របស់ក្រុមហ៊ុនOkura Nikko Hotel Management Co., Ltd ផងដែរ។
លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងសារផ្ញើជូនប្រជាជនកម្ពុជាក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន ឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា ជប៉ុន បានជំរុញឲ្យមានកំណើនក្រុមហ៊ុនវិនិយោគជប៉ុនដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕LA